ការអំពាវរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បែបនេះ បានធ្វើឡើងនៅក្នុងសុន្ទរកថារបស់សម្តេច នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសាកលស្ដីពីជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញ ឱ្យកាន់តែប្រសើរ» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ«ដោយសារវ៉ាក់សាំង ជាទំនិញដ៏សំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស កម្ពុជាសូមស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនពិភពលោក»។
បន្ថែមលើការអំពាវនាវ ឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំង នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈ ដែលមានតម្លៃសមរម្យ និងអនុញ្ញាតឱ្យគ្រប់ប្រទេសទាំងអស់ អាចមានលទ្ធភាព ទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ។ លើសពីនេះទៀត ក៏ត្រូវបើកចំហរការផលិតវ៉ាក់សាំងកូវីដ-១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានា ដែលមានលទ្ធភាព តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំងផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់រដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ សូមកុំប្រមូលទិញវ៉ាក់សាំង ទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំង ដែលខ្លួនផលិត បានទុកសម្រាប់ប្រើប្រាស់ តែក្នុងប្រទេសផ្ទាល់ខ្លួន។
បច្ចុប្បន្ន មានប្រភេទវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលបាននិងកំពុងប្រើប្រាស់សម្រាប់បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ដោយឡែក វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការ WHO មានដូចជា វ៉ាក់សាំងប្រភេទ AstraZeneca របស់អង់គ្លេស,វ៉ាក់សាំងប្រភេទ Astazanaca ផលិតនៅឥណ្ឌា, វ៉ាក់សាំងរបស់ចិន ប្រភេទ Sinopharm និង Sinovac និងវ៉ាក់សាំងរបស់អាមេរិក ប្រភេទ Jonson & Jonson,Moderna និងPfizerជាដើម។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា តួលេខពីក្រសួងសុខាភិបាលបានបង្ហាញថា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងបានដល់ទៅជាង ៩៨%ហើយនៃផែនការចាក់ជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ១០លាននាក់។ វ៉ាក់សាំងដែលកម្ពុជាបាននិងកំពុងប្រើប្រាស់ដើម្បីចាក់ជូនប្រជាពលរដ្ឋ រួមមានវ៉ាក់សាំងចិន Sinopharm និង Sinovac, វ៉ាក់សាំងអាមេរិក Johnson & Johnson និងវ៉ាក់សាំងប្រភេទ AstraZenecaជាដើម។
ដោយឡែក ចំពោះករណីឆ្លងកូវីដ-១៩នៅកម្ពុជាជាមធ្យមនៅប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានរកឃើញករណីឆ្លងថ្មីជាង ៦០០នាក់ក្នុងមួយថ្ងៃ ដោយបាននាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ជាង១០ម៉ឺននាក់ហើយ ខណៈអ្នកជាសោះស្បើយមានជិត១០ម៉ឺននាក់ និងករណីស្លាប់មានជាង២ពាន់នាក់។ នេះបើតាមតួលេខពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា៕