ក្រុមហ៊ុន Evergrande

ម្ចាស់ភាគហ៊ុនធំៗមួយចំនួនរបស់ Evergrande បន្ដលក់ភាគហ៊ុនចេញជាបន្ដបន្ទាប់


ម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande បាននិងកំពុងពិចារណាលក់ភាគហ៊ុនចេញជាបន្ដបន្ទាប់ហើយ។ ក្រុមហ៊ុន Chinese Estates Holding បានលក់ភាគហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុង ក្រុមហ៊ុន China Evergrande Group ហើយបានអះអាងថា នឹងពិចារណាលក់ភាគហ៊ុនចេញទាំងអស់ ដែលវាជាការដកចេញនូវ ការគាំទ្រដ៏ធំ និងយូរអង្វែងមួយពីក្រុមហ៊ុន Evergrande។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃនេះ។
ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande

បើ​តាម​សេចក្តីថ្លែងការណ៍​ទៅ​កាន់​ផ្សារភាគហ៊ុន​ហុងកុង ក្រុមហ៊ុន Chinese Estates បាន​លក់​ភាគហ៊ុន​ពី​ក្រុមហ៊ុន Evergrande ចំនួន ១០៩​លាន​ហ៊ុន ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ៣០ ខែសីហា ដល់​ថ្ងៃ​ទី ២១ ខែកញ្ញា​។ ក្រុមហ៊ុន ក៏​មាន​បំណង​លក់​ភាគហ៊ុន​ពី​ក្រុមហ៊ុន Evergrande ៧៥១​លាន​ហ៊ុន​ដែល​នៅ​សល់​បន្ថែម​ទៀត បើ​ទោះបីជា  ក្រុមហ៊ុន​ត្រូវ​ខាតបង់​សរុប​ប្រមាណ ១​ពាន់ ២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លក់​ហ៊ុន​នេះ​ក៏​ដោយ​។

លោកស្រី Chan Hoi Wan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Chinese Estates ផ្ទាល់ ក៏​កំពុង​តែ​ព្យាយាម​លក់​ចេញ​នូវ ភាគហ៊ុន​ផ្ទាល់ខ្លួន នៅ​ក្នុង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាប់បំណុល​ច្រើន​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ​ផង​ដែរ និង​ត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ហើយ​វាស​បញ្ជាក់​ពី ការ​បាត់បង់​ទំនុកចិត្ត​របស់​វិនិយោគិន​ធំ​ៗ ដែល​គាំទ្រ​ក្រុមហ៊ុន Evergrande ជា​យូរ​មក​ហើយ​នោះ​។

វិនិយោគិន​ធំ​ៗ ដែល​ជា​មិត្តភក្តិ និង ជា​អ្នកគាំទ្រ​ដល់​លោក Xu Jiayin ស្ថាបនិក​ក្រុមហ៊ុន Evergrande នៅ​ពេល​នេះ កំពុង​ទទួល​ការ​ខាតបង់​ធ្ងន់ធ្ងរ និង​កាន់តែ​ខ្វល់ខ្វាយ​ពី​សមត្ថភាព​សង់បំណុល​របស់​ក្រុមហ៊ុន​មួយ​នេះ​។

ទោះ​យ៉ាងណា ប្រធាន​ក្រុមហ៊ុន Evergrande ព្យាយាម​ដោះស្រាយ​បញ្ហា​បណ្ណ​បំណុល​ក្នុងស្រុក ដោយ​ផ្តល់​អាទិភាព​ដល់ វិនិយោគិន​បន្ត​អាច​ទទួល​បាន​ផលិតផល​របស់​ពួក​គេ ប៉ុន្ដែ វា​នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់​ចំពោះ​ការ​សងការ​ប្រាក់​លើ​បណ្ណ​បំណុល​ក្រៅ​ស្រុក គិត​ជា​ប្រាក់​ដុល្លារ​នៅឡើយ​។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៣ ខែកញ្ញា​នេះ ជា​ពេលវេលា ដែល​ក្រុមហ៊ុន ត្រូវ​សងការ​ប្រាក់​ជាង ៨៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​កាលកំណត់​សងការ​ប្រាក់ នឹង​មក​ដល់​ជា​បន្តបន្ទាប់​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​។

បើ​តាម​អ្នកវិភាគ​ឥណទាន​នៅ​ធនាគារ​ខ្នាត​អន្តរជាតិ OCBC បាន​លើក​ឡើង​ថា បើសិនជា​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ ជា​ការ​ពិត​ណាស់ ពួក​គេ​នឹង​ផ្តោត​ទៅ​លើ ស្ថិរភាព​សង្គម ពោល​គឺ បញ្ហា​ក្នុងស្រុក ដូច្នេះ​សម្រាប់​វិនិយោគិន​បរទេស ដែល​ទិញ​ភាគហ៊ុន​នៅ​ក្រៅប្រទេស អាច​នឹង​ពិបាក​ទទួល​សំណង ដោយសារ​តែ​ពួក​គេ​មាន​អំណាច​នៃ​ការ​ចរចា​ទាប​ជាង ម្ចាស់បំណុល​ក្នុងស្រុក​។

ទាក់ទង​នឹង​បញ្ហា​វិបត្តិ​បំណុល​នេះ សូ​ម្បី​តែ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​បង្ហាញ​ពី​ក្តី​កង្វល់​ដែរ ដោយ​បាន​លើក​ឡើង​ថា គ្រប់​គ្នា​អាច​មើលឃើញ​ពី​ហានិភ័យ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិន ដែល​ហាក់ដូចជា​មិន​ងាយស្រួល​នោះ​ឡើយ និង​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់ សេដ្ឋកិច្ច​ក្នុងស្រុក​ចិន ដូច្នេះ​ហើយ វា​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​សកល ដែល​គ្រប់​គ្នា​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ដោយឡែក ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​ក លោក Jerome Powell បាន​លើក​ឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា បញ្ហា​របស់​ក្រុមហ៊ុន Evergrande ហាក់បីដូចជា មានការ​ជាប់​ទាក់ទង​ខ្លាំង​ជាមួយ​ប្រទេស​ចិន ប៉ុន្ដែ លោក​មិន​បានឃើញ​ពី ការ​ពាក់ព័ន្ធ​ស្របគ្នា​ណាមួយ ជាមួយនឹង​សាជីវកម្ម​របស់​អា​មេ​រិ​ក​នោះ​ឡើយ​។

សូម​ជម្រាប​ដែរ​ថា ទស្សនវិស័យ​សម្រាប់​ក្រុមហ៊ុន Evergrande គឺ​កាន់តែ​យ៉ាប់យ៉ឺន​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ដោយ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ក្នុងស្រុក ស្វែងរក​អ្នកជំនាញ​ដើម្បី​ជួយ​ដោះស្រាយ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បំណុល​នេះ​ឡើង​វិញ ដោយ​ស្របគ្នា​នេះ​ដែរ ក៏​មាន​ផ្ទុះ​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​ចិន​កើនឡើង​ដែរ ក្រោយ Evergrande បរាជ័យ​ក្នុង​ការ​សង​ផលិតផល​ត្រលប់​ទៅ​កាន់ វិនិយោគិន​បន្ត ឲ្យ​ទាន់​ពេលវេលា​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយ WHO ជាទំនិញយុទ្ធសាស្ត្រគន្លឹះសាកល គ្មានការរើសអើង

ព័ត៌មាន
បច្ចុប្បន្ននេះ ពិភពលោកបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទ សម្រាប់ការទប់ទល់ការរីករាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ក៏ប៉ុន្តែ ប្រសិទ្ធិភា…

ស្ថាប័ន Fitch Ratings បន្ថយការព្យាករកំណើនសេដ្ឋកិច្ចចិន ក្រោយមើលឃើញតម្រូវការអចលនទ្រព្យក្នុងស្រុកដាំក្បាលចុះ

ព័ត៌មាន
ស្ថាប័នពិនិត្យ និងវាយតម្លៃដ៏ល្បីមួយដែលមានឈ្មោះថា Fitch Ratings របស់អាមេរិក កាលនៅថ្ងៃព្រហស្បតិ៍ទី ២៣កញ្ញា បានទម្លាក់ការព្យាករ សេដ្ឋកិច្ចរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ