ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការធ្វើកសិកម្មតាមកិច្ចសន្យា ឬហៅថា កិច្ចសន្យាដាំដុះនេះ ពិតជាបានផ្ដល់នូវឱកាសជាច្រើនដល់កសិករខ្នាតតូច ដើម្បីអាចរក្សាបាននូវខ្សែសង្វាក់តម្លៃនៅក្នុងទីផ្សារដំឡូងមី។
ពោលគឺ កសិករអាចទទួលបានទីផ្សារជាប់លាប់ទាំងកត្តាតម្លៃ និងការផលិត។ មិនតែប៉ុណ្ណោះ កសិករក៏អាចទទួលបានបច្ចេកវិទ្យាដាំដុះ ដែលស្របទៅតាមស្ដង់ដារអនាម័យ និងភូតគាមអនាម័យជាដើម។
លើសពីនេះទៀត កសិករក៏មិនចាំបាច់ត្រូវព្រួយបារម្ភពីបញ្ហាដណ្ដើមគ្នាលក់ ឬដណ្ដើមគ្នាទិញ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃទីផ្សារនោះឡើយ។
យ៉ាងណាក៏ដោយ ប្រជាកសិករដែលជាអ្នកដាំដំឡូងមីបានសង្កត់ធ្ងន់ថា ការធ្វើកសិកម្មតាមកិច្ចសន្យានេះ អាចប្រព្រឹត្តិទៅបានល្អ ទាមទារត្រូវការប្រភពទុន និងបច្ចេកទេសផលិតគ្រប់គ្រាន់។
ឯកឧត្តម ម៉ៅ ថូរ៉ា បានគូសបញ្ជាក់ថា កន្លងមកខាងក្រសួងពាណិជ្ជកម្មកត់សម្គាល់ឃើញថា ការអនុវត្តកសិកម្មតាមកិច្ចសន្យានេះ ក៏បានទទួលជោគជ័យ និងមានខ្លះក៏បរាជ័យផងដែរ។ តែយ៉ាងណា ខាងក្រសួងពាណិជ្ជកម្ម នឹងនៅតែបន្តពិភាក្សាបន្ថែមទៀតលើបញ្ហាដែលនៅសេសសល់។
ឯកឧត្តមបន្តថា កន្លងមកខាងក្រសួងពាណិជ្ជកម្ម កត់សម្គាល់ឃើញថា ការអនុវត្តនូវកិច្ចសន្យាកសិកម្មរបស់ក្រុមហ៊ុន Amru Rice គឺបានទទួលជោគជ័យគួរឲ្យកត់សម្គាល់ ដោយក្រុមហ៊ុននេះ បានប្រើប្រាស់គំរូកិច្ចសន្យានេះ ជាមួយប្រជាកសិករដាំស្រូវ និងដំឡូងមីជាដើម។
យ៉ាងណាក៏ដោយ លោកថា ការកិច្ចសន្យាកសិកម្មដែលត្រូវបានយកទៅអនុវត្តនៅខេត្តបាត់ដំបង នៅមិនបានទទួលជោគជ័យនោះទេ ដោយមានបញ្ហាជាច្រើន ហើយរហូតមកទល់ពេលនេះ កិច្ចសន្យាកសិកម្មនេះ ក៏កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នាបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ លោកស្រី ឃី មុនី សហស្ថាបនិក និងជានាយិកាគ្រប់គ្រងក្រុមហ៊ុន Amru Rice ធ្លាប់បានឲ្យដឹងដែរថា រហូតមកទល់ពេលនេះ សហករណ៍ដែលជាដៃគូរបស់ក្រុមហ៊ុនរបស់លោកស្រី ដែលផលិតកសិកម្មសម្រាប់ធ្វើការនាំចេញ មានចំនួន១៤សហគមន៍ ស្មើនឹងប្រមាណជាង៤ពាន់គ្រួសារ និងគ្រោងពង្រីកបន្ថែមទៀតជាបន្តបន្ទាប់ផងដែរ។
ជុំវិញនឹងការធ្វើកសិកម្មតាមកិច្ចសន្យាលើការផលិតដំឡូងមីនេះដែរ លោក សាត ធៀប ប្រធានសម្ព័ន្ធ សមាគមដំឡូងមីខេត្តឧត្តរមានជ័យ បានលើកឡើងដែរថា ខាងសម្ព័ន្ធសមាគមរបស់លោក ក៏ធ្លាប់មានចុះកិច្ចសន្យាជាមួយខាងក្រុមហ៊ុនថៃ ដើម្បីផ្គត់ផ្គង់ដំឡូងមីក្រៀមប្រមាណ៣០០០តោនក្នុងមួយឆ្នាំដែរ។
យ៉ាងណាក៏ដោយ ត្បិតថាការអនុវត្តកិច្ចសន្យាកសិកម្មនេះវាល្អសម្រាប់កសិករក៏ដោយ ប៉ុន្ដែ វានៅតែមានប្រឈមនឹងបញ្ហាមួយចំនួន ដូចជាប្រភពទុនក្នុងការផលិត និងបច្ចេកវិទ្យាក្នុងការផលិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាដើម។
យ៉ាងណាក៏ដោយ លោកសង្ឃឹមថា ក្រសួងពាណិជ្ជកម្មនឹងអាចធ្វើការងារឲ្យបានចេញជាផ្លែផ្កា ដើម្បីបញ្ចៀសការដណ្ដើមគ្នាលក់ និងការដណ្ដើមគ្នាទិញ នៅពេលរដូវប្រមូលផលម្ដងៗ ដែលតែងតែជាបញ្ហាធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃទីផ្សារ។
សូមជម្រាបដែរថា ទីផ្សារដំឡូងមីឆ្នាំនេះ ហាក់បង្ហាញនូវសញ្ញាល្អសម្រាប់កសិករ ដោយតម្លៃដំឡូងមីស្រស់១គីឡូក្រាម មានតម្លៃជុំវិញ៣០០រៀល ខណៈដែលពីឆ្នាំមុនមានប្រមាណតែ១៥០រៀលប៉ុណ្ណោះ។
ការងើបឡើងវិញនៃតម្លៃដំឡូងមីលើទីផ្សារនេះទៀតសោត ក៏បានធ្វើឲ្យការនាំចេញចំណិតដំឡូងមីក្រៀមរបស់កម្ពុជានៅរយៈពេល៩ខែឆ្នាំនេះ មានប្រមាណជាង២,៣ លានតោន ទៅកាន់ទីផ្សារប្រទេសថៃ វៀតណាម និងចិន ខណៈដែលការនាំចេញដំឡូងមីស្រស់វិញមានរហូតដល់ជាង៧៥ម៉ឺនតោន៕