ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញមកច្រានចោលចំពោះការលើកឡើងមួយចំនួន ដែលថា ទំនាក់ទំនងកម្ពុជា ចិន កំពុងរងការប្រះឆា ហើយរដ្ឋាភិបាលចិន ឈប់ផ្តល់ហិរញ្ញប្បទានសប្បទានដល់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា ទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគនានា។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅមួយរយៈពេលចុងក្រោយនេះ កម្ពុជា និងចិន មានគម្រោងវិនិយោគជាច្រើនដែលត្រូវបន្តពិនិត្យ និងចុះកិច្ចព្រមព្រៀងនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ព្រមទាំងហិរញ្ញប្បទានជាច្រើនទៀត។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យរូបនេះ បានអះអាងថា គម្រោងជាច្រើនរវាងកម្ពុជា ចិន កំពុងស្ថិតក្នុងការសិក្សាមុនឈានដល់កិច្ចព្រមព្រៀងនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអះអាងនៅក្នុងបណ្ដាញសង្គមផ្លូវការថា ជំនួយរបស់ចិនមកកម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ខណៈគម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការផងដែរ។ ទន្ទឹមនេះ តំណាងរដ្ឋាភិបាលចិន រូបនេះ បានគូសបញ្ជាក់ថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន ហើយរាល់បំណងប៉ុនប៉ងលាបព័ណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ចីហិរញ្ញប្បទានពីប្រទេសចិន មិនទាន់មានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក៏មិនមានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះនោះដែរ។ ផ្ទុយទៅវិញតាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ ត្រូវបានអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ កត់សម្គាល់ថា តែងធ្វើឡើងជាញឹកញាប់ប្រកបដោយនិរន្តរភាព និងជាសញ្ញាបង្ហាញពីភាពរីកចម្រើន និងរឹងមាំជិតស្និតរវាងប្រទេសទាំងពីរ។
បើតាមលោកបណ្ឌិត គិន ភា ប្រសិនបើកម្ពុជា មានតម្រូវការកម្ចីសមស្រប និងត្រូវបានស្នើទៅប្រទេសចិននោះនឹងពុំមានអ្វីដែលត្រូវរាំងស្ទះនោះទេ លុះណាតែសេដ្ឋកិច្ចរបស់ប្រទេសចិនមានប្រឈមនឹងបញ្ហា។ នៅក្នុងស្ថានភាពបច្ចុប្បន្នសេដ្ឋកិច្ចរបស់ចិន ត្រូវបានអ្នកជំនាញរូបនេះយល់ថា មិនទាន់មានបញ្ហាណាមួយនោះឡើយ ហើយប្រសិនបើកម្ពុជា ខ្ចីមែន ក៏មិនមានជាបញ្ហានោះដែរ ព្រោះកម្ចីរបស់កម្ពុជា មានទំហំមិនច្រើននោះទេ។ ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា លើកឡើងថា ប្រសិនបើកម្ពុជា មានសមត្ថភាពហើយអាចឈប់ខ្ចីប្រាក់ពីបរទេសបាននោះវាជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋខ្មែរ ព្រោះវាជាពេលវេលាដែលមានលទ្ធភាពដើម្បីអភិវឌ្ឍន៍ដោយខ្លួនឯង។
ពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា និងចិន នេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ប្រទេសដែលមានទំនាក់ទំនងល្អជាមួយគ្នាតែងតែផ្ដល់ការអនុគ្រោះ និងផ្ដល់សម្បទានឱ្យគ្នាទៅវិញទៅមកតាមគ្រប់រូបភាព ដែលបានសន្យា។ ការទទួលបាននូវសម្បទានណាមួយរបស់កម្ពុជា ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា វាជាផលប្រយោជន៍របស់កម្ពុជា ប៉ុន្តែត្រូវប្រើប្រាស់ផលប្រយោជន៍ទាំងនោះឱ្យត្រូវគោលដៅ ទើបអាចឆ្លើយតបទៅនឹងប្រទេស ដែលផ្ដល់មក។ បើតាមអ្នកប្រឹក្សាយោបល់រូបនេះ នៅក្នុងស្ថានភាពបច្ចុប្បន្ន ការមិនផ្ដល់សម្បទានណាមួយមកឱ្យកម្ពុជា ពីសំណាក់ប្រទេសចិន គឺមិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ឡើយ ប៉ុន្តែលោកលើកឡើងថា ប្រសិនបើកម្ពុជា ងាកចេញពីការទទួលបានសម្បទានពីប្រទេសចិននោះគឺជាពេលដែលកម្ពុជា ត្រូវគិតគូអភិវឌ្ឍន៍ដោយសមត្ថភាពខ្លួនឯងតាមរយៈការពង្រឹងធនធានមនុស្ស សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ជំពាក់បំណុលគេជាង១១ពាន់៦រយលានដុល្លារអាម៉េរិក ក្នុងនោះបំណុលស្ទើរ១០០% ជាបំណុលក្រៅប្រទេស។ ក្នុងចំណោមបំណុលទាំងនេះ កម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគីប្រមាណ៦៤% និងក្របខណ្ឌពហុភាគី ចំនួន៣៦%។ ប្រទេសចិន នៅតែជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា បន្ទាប់មកជប៉ុន កូរ៉េខាងត្បូង និងបារាំង។ ក្រៅពីទំនាក់ទំនងក្នុងក្របខណ្ឌគោលនយោបាយ ប្រទេសកម្ពុជា និងប្រទេសចិន បានធ្វើទំនាក់ទំនងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច និងសង្គមវប្បធម៌ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការផ្ដល់ជំនួយអភិវឌ្ឍន៍ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវជាដើម។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានឈានដល់ជាង១៣ពាន់លានដុល្លារ កើនឡើង២៤% ក្នុងនោះការនាំចូលមានទំហំជាង១២ពាន់លានដុល្លារ ហើយកម្ពុជានាំចេញទៅវិញមានទំហំជាង១ពាន់៦រយលានដុល្លារ៕
អត្ថបទ៖ បូ ដូឡា