ប៉ុន្តែ បើយើងក្រឡេកទៅមើលការនាំចេញរបស់កម្ពុជាទៅចិនវិញ គឺសម្រេចបានទឹកប្រាក់តែជាង៣០០លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះជាង៣% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២១។ ខណៈកម្ពុជានាំចូលទំនិញពីចិនមកវិញមានទំហំជាង ២ពាន់៥រយដុល្លារអាមេរិក។ដូច្នេះជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និង ចិន ហាក់បីដូចជាខុសឆ្ងាយហៅមិនលឺនៅឡើយ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឲ្យឃើញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិននៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ សម្រេចជាង២ពាន់៨៧៣លានដុល្លារអាមេរិកកើនឡើងជាង ៣០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង២ពាន់២រយលានដុល្លារអាមេរិក។ ប៉ុន្តែបើប្រៀបធៀបទំហំទឹកប្រាក់នាំចេញរបស់កម្ពុជាទៅចិនជាមួយទំហំប្រាក់នាំចូលពីចិនវិញ គឺនៅតែមានទំហំខុសគ្នាឆ្ងាយហៅមិនលឺដដែល។
បើតាមទិន្នន័យខាងគយបានបង្ហាញឲ្យឃើញថា លើការនាំចេញទំនិញពីកម្ពុជាទៅចិនមានទឹកប្រាក់ត្រឹមតែជាង ៣២១លានដុល្លារអាមេរិកប៉ុណ្ណោះនៅត្រឹមាសទី១ឆ្នាំនេះមានការថយចុះ៣,៥% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២១ ខណៈការនាំចូលពីចិនមកកម្ពុជាមានទឹកប្រាក់ជាង ២ពាន់៥៥០លានដុល្លារកើនឡើងជាង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កត្តាដែលជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន គឺដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយតំបន់រួមគ្នា។ ការចាក់វ៉ាក់កូវីដ-១៩ ជូនប្រជាពលបានច្រើនជាងគេក្នុងតំបន់ និងការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាតត្បាតកូវីដ-១៩ បានល្អរហូតមានការបើកប្រទេសពេញលេញឡើងវិញកាលពីអំឡុងខែវិច្ឆិកា ក៏ជាហេតុផលចម្បងជួយជំរុញកំណើននេះផងដែរ។
អ្នកនាំពាក្យរូបនេះអះអាងថា ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយរបស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបានបន្តរីកចម្រើនជាលំដាប់ ទោះបីមានការរំខានអុកឡុកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្តម ប៉ែន សុវិជាតិរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ។
ដោយឡែក ពាក់ព័ន្ធនឹងភាពខុសគ្នានៃទំហំទឹកប្រាក់នាំចូលធំជាងទំហំនាំចេញរបស់កម្ពុជាទៅចិននេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញការយល់ឃើញថា ភាពខុសគ្នាលើសលុបនេះវាមិនមែនជារឿងអាក្រក់សម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជានោះទេ តែវាជាចំណុចល្អទៅវិញទេ។ ល្អ ក៏ព្រោះថា កម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីប្រទេសចិនសម្រាប់យកមកកែច្នៃ ដើម្បីនាំចេញទៅបណ្តាប្រទេសផ្សេងៗដូចជាសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ដ្បិតទំនិញភាគច្រើនដែលនាំចូលពីចិនជាវត្ថុធាតុដើម ដែលបម្រើឲ្យវិស័យកាត់ដេរ វាយនភណ្ឌ និងសំណង់ជាដើម។
ជាមួយគ្នានេះលោកឧកញ៉ា លឹម ហេង បានបង្ហាញពីហេតុផលមួយចំនួនដែលធ្វើឲ្យការនាំចេញពីកម្ពុជាទៅចិនមានការធ្លាក់ចុះជាង៣% នៅត្រីមាសទី១ឆ្នាំ២០២២។ សម្រាប់ឧកញ៉ា លឹម ហេង កត្តាដែលធ្វើឲ្យការនាំចេញពីកម្ពុជាទៅចិនមានការធ្លាក់ចុះ គឺដោយសារចិនមានការរឹតបន្តឹងខ្លាំងលើវិធានការគ្មានកូវីដ-១៩ ដែលនាំឲ្យមានការបិទតាមព្រំដែនមួយចំនួនជាពិសេសព្រំដែនជាមួយវៀតណាម ដែលធ្វើឲ្យទំនិញនាំចេញពីកម្ពុជាទៅចិនតាមច្រកវៀតណាមមានការរាំងស្ទះ។
បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ការដោះដួរពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសនានានៅត្រីមាសទី១ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុបជាង១៣ពាន់លានដុល្លារអាមេរិកកើនឡើងជាង៩% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ៥ពាន់៧រយលានដុល្លារអាមេរិកកើនឡើងជិត២៦,% និងនាំចូលមានទំហំទឹកប្រាក់ជាង៧ពាន់៤រយលានដុល្លារ ធ្លាក់ចុះជិត១%៕