លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកវិធានការហាមឃាត់ជាថ្មីរបស់រដ្ឋាភិបាលកម្ពុជាថា ជាការចូលរួមលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ខណៈវិធានការហាមឃាត់នាពេលកន្លងទៅបានធ្វើឱ្យសកម្មភាពចិញ្ចឹមសត្វរបស់កសិករ និងកសិដ្ឋាននានា ទទួលបានភាពប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះ លោកស្នើឱ្យមន្រ្តីជំនាញនៅតាមច្រកទ្វារព្រំដែននានាចូលរួមទប់ស្កាត់ការលួចនាំចូល ដ្បិតនៅក្នុងអំឡុងបិទការនាំចូលកន្លងមកលោកសង្កេតឃើញថា សាច់បង្កកប្រភេទនេះនៅតែត្រូវបាននាំចូល ហើយសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះវាយតម្លៃថា វិធានការហាមឃាត់របស់រដ្ឋាភិបាលនាពេលកន្លងមកបានជួយសង្រ្គោះដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយប្រសិនបើពុំមានការអន្តរាគមន៍ទាន់ពេលទេ នោះវិស័យនេះអាចនឹងត្រូវបិទទ្វារ ដោយសារការខាតបង់ថវិកា ខណៈពេលមិនទាន់មានការហាមឃាត់ គឺជ្រូករស់លក់បានតម្លៃ៧ពាន់រៀលក្នុង១គីឡូ ប៉ុន្តែក្រោយមកអាចលក់បានចន្លោះពី៩ពាន់រៀលដល់១ម៉ឺនរៀលក្នុង១គីឡូក្រាម។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយសម្រេចបន្តហាមឃាត់ការនាំចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កករយៈពេល៦ខែបន្ថែមទៀត ដែលអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
ការបន្តការឃាមឃាត់នេះ ធ្វើឡើងក្រោយក្រសួងទាំងពីរសង្កេតឃើញថា ការអនុវត្តកន្លងមកវាបានជួយសង្គ្រោះផលិតកម្មសត្វចញ្ចឹមនៅកម្ពុជាពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកនេះ។ ម្យ៉ាងទៀតបញ្ហានេះនៅតែជាបញ្ហាចោទ ដែលអាចធ្វើឱ្យផលិតកម្មជ្រូកនៅកម្ពុជារងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង។ តែយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕