ប្រទេសវៀតណាម

ក្រុមហ៊ុន VinFast របស់វៀតណាមនឹងចាប់ផ្តើមការសាងសង់រោងចក្ររថយន្តអគ្គិសនីដែលបានពន្យារពេលនៅសហរដ្ឋអាមេរិក


ក្រុមហ៊ុន វីនហ្វាស (VinFast) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមកំពុងតែធ្វើដំណើរទៅកាន់ការចុះបញ្ជីនៅសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុន SPAC នោះគ្រោងនឹងចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតអគ្គិសនីរបស់ខ្លួននៅរដ្ឋន័រខារ៉ូលីណា (North Carolina) នៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយនេះក្រោយពីបានពន្យារពេលជាច្រើនខែមកនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន វីនហ្វាស របស់វៀតណាមនឹងចាប់ផ្តើមការសាងសង់រោងចក្ររថយន្តអគ្គិសនីដែលបានពន្យារពេលនៅសហរដ្ឋអាមេរិក
ដោយ

ក្រុមហ៊ុនផលិតរថយន្ត វីនហ្វាស ដ៏ធំជាងគេរបស់វៀតណាមបាននិយាយថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅថ្ងៃទី២៨ ខែកក្កដាជាមួយកញ្ចប់ថវិកាលើកទឹកចិត្តចំនួនជាង១ពាន់លានដុល្លារពីរដ្ឋន័រខារ៉ូលីណា។ នាយកប្រតិបត្តិក្រុមហ៊ុននេះគឺអ្នកស្រី ឡេ ធី ធូ ធុយ (Le Thi Thu Thuy) បានសម្ដែងពីទំនុកចិត្តចំពោះអនាគតនៃរោងចក្រ ផលិតរថយន្តនេះទោះជាត្រូវជំរុញការចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅឆ្នាំ២០២៥ក៏ដោយ។
អ្នកស្រី ធី ធូធុយ បាននិយាយកាលពីថ្ងៃពុធថា ពួកគេសង្ឃឹមថាការសាងសង់រោងចក្រនៅក្នុងរដ្ឋន័រខារ៉ូលីណានេះនឹងរួមចំណែកដល់ការជំរុញសេដ្ឋកិច្ចថាមពលស្អាតនៅក្នុងសហរដ្ឋអាមេរិក។
ទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនវីនហ្វាសគឺបានផ្តោតលើសហរដ្ឋអាមេរិក។ក្រុមហ៊ុននេះ នឹងចុះបញ្ជីក្នុងការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន SPAC ដែលបង្កើតឡើងដោយមហាសេដ្ឋីកាស៊ីណូក្រុងម៉ាកាវគឺលោក ឡរ៉េន ហូ (Lawrence Ho)។ ក្រុមហ៊ុន SPAC កាលពីខែមិថុនាបានចេញពីផ្សារហ៊ុនក្រុងញូវយ៉កចូលទៅផ្សារហ៊ុនអាមេរិក NYSE ជាទីដែលភាគហ៊ុនក្រុមហ៊ុនវីនហ្វាសនឹងត្រូវជួញដូរនៅលើផ្សារហ៊ុននេះ ប្រសិនបើកិច្ចព្រមព្រៀងនេះបានដំណើរការល្អ។

ការជំរុញរបស់ក្រុមហ៊ុនផលិតរថយន្តវីនហ្វាសឱ្យចូលទៅក្នុងទីផ្សារហ៊ុនសហរដ្ឋអាមេរិកនេះមិនមានភាពរលូនទាំងស្រុងនោះទេដោយកាលពីខែឧសភាក្រុមហ៊ុននេះបានប្រមូលយកមកវិញនូវរថយន្តអគ្គិសនីដែលខ្លួនបាននាំចេញលើកដំបូងទៅកាន់អាមេរិកដោយសារតែបញ្ហាបច្ចេកទេស។
ក្រុមហ៊ុនវីនហ្វាសបាននិយាយថា រោងចក្ររបស់ខ្លួននៅរដ្ឋន័រខារ៉ូលីណានេះនឹងមានសមត្ថភាពផលិតរថយន្តបានចំនួន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ និង បម្រើដល់ទីផ្សារអាមេរិកខាងជើង។ ក្រុមហ៊ុននេះបានដឹកជញ្ជូនដំបូងក្នុងខែឧសភាទៅប្រទេសកាណាដាជាមួយរថយន្តប្រភេទ SUV ចំនួន ៧៨១គ្រឿងក្នុងតម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារបូករួមទាំងថ្លៃអាគុយ។
ក្រុមហ៊ុនវីនហ្វាសមានបំណងនាំចេញរថយន្តអគ្គិសនីទៅកាន់អឺរ៉ុបនៅឆមាសទី២ឆ្នាំ២០២៣។ នេះបើតាមឯកសារដែលដាក់ជូនគណៈកម្មការមូលបត្រអាមេរិកកាលពីថ្ងៃទី១៥ ខែមិថុនា។
ក្រុមហ៊ុន វីនហ្វាស បាននិយាយនៅក្នុងការពិពណ៌នាពីហានិភ័យនៅក្នុងឯកសារ គណៈកម្មការមូលបត្រអាមេរិក SEC ខណៈកត់សម្គាល់ថា ការពន្យាពេលការដឹកជញ្ជូនអាចនាំឱ្យកើនឡើងនូវការលុបចោលការបញ្ជាទិញ ការមិនពេញចិត្តរបស់អតិថិជន ឬការផ្សព្វផ្សាយអវិជ្ជមាន។ ក្រុមហ៊ុននេះក៏មានគុណសម្បត្តិខ្លះដែរ រួមទាំង«ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រដ៏សំខាន់»ពីក្រុមហ៊ុនមេ វីនគ្រុប (Vingroup) និង«ចំណែកទីផ្សារលេចធ្លោ»របស់រថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម៕




អត្ថបទបន្ទាប់


ក្រោយ លោក ភីថា លីមចារឿនរ៉ាត់ អស់ឱកាស ប្រធានសភាថៃកំណត់ថ្ងៃទី ២៧ ខែកក្កដាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទី៣

ព័ត៌មាន
ប្រធានសភាថៃកំណត់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីជុំទីបីនៅថ្ងៃ២៧ ខែ កក្កដា ក្រោយពេលដែល លោក ភីថា លីមចារឿនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខបា…

ឈ្នះកាតបញ្ចូលលុយទូរស័ព្ទជាមួយភ្នាក់ងារ អេ អឹម ខេ!

ព័ត៌មាន
ឈ្នះកាតទូរស័ព្ទភ្លាមៗជាមួយនឹងការវេរលុយតាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស! ការផ្ដល់ជូនជាពិសេសដល់អតិថិជនរបស់ អេ អឹម ខេ ដោយអតិថិជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ