ការពន្យល់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយលោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាមក្នុងអំឡុងពេលភាគីទាំងចូលរួមសន្និសីទអន្តរជាតិលើកទី២៩ស្តីពីអនាគតរបស់អាស៊ីនៅទីក្រុងតូក្យូប្រទេសជប៉ុន។ ជាមួយគ្នានេះ ភាគីវៀតណាមសង្ឃឹមថា គម្រោងព្រែកជីកនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ នៅចំពោះមុខលោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាមក្នុងជំនួបពិភាក្សាការងារទ្វេភាគីនៅប្រទេសជប៉ុន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានពន្យល់លម្អិតប្រាប់ភាគីវៀតណាមថា គម្រោងនេះជាព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ដែលធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។ ហើយចំពោះគម្រោងនេះ កម្ពុជាបានសិក្សាយ៉ាងលម្អិតអស់រយៈពេល២៦ខែ ដោយមានការចូលរួមពីក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន៣០នាក់ និងកម្រិតវិស្វករចំនួន៧នាក់ ដែលសុទ្ធសឹងជាអ្នកមានជំនាញ និងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន៣កន្លែងស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។ ជាក់ស្តែងតាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ៨ពាន់ម៉ែត្រគូបក្នុងមួយវិនាទី ខណៈទន្លេបាសាក់មានទំហំ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ៥ម៉ែត្រគូបក្នុងមួយវិនាទីតែប៉ុណ្ណោះ ឬប្រមាណ០,០៥៣%។បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការផ្តល់ទិន្នន័យយ៉ាងជាក់លាក់ចំពោះគម្រោងនេះ លោក Lee Minh Khai ឧបនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណដល់ឯកឧត្តម ស៊ុន ចាន់ថុល និងបានសម្តែងការយល់ស្របចំពោះការពន្យល់ និងលើកឡើងនេះ ហើយលោកសង្ឃឹមថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។
ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីវៀតណាម ជួយជំរុញធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ពាន់លានដុល្លារអាមេរិកនៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។ ភាគីទាំងពីរ ក៏បានរំលេចឡើងរួមគ្នាអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល បើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ និងមិនប្រាកដប្រជាក៏ដោយ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្ររបស់កម្ពុជាមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិក។ ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីក ដែលបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មមួយនេះ។ ទន្ទឹមនឹងទទួលបានសាទរ និងគាំទ្រពីប្រជាជនយ៉ាងភ្លូកទឹកភ្លូកដីទាំងក្នុង និងក្រៅប្រទេស គម្រោងនេះ ក៏បានក្លាយជាប្រធានបទក្តៅសម្រាប់បុគ្គលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលមួយចំនួនតូច ក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕