នាវាផ្ទុកប្រេងខុសច្បាប់​លួចដឹកប្រេងពីកម្ពុជា

កម្ពុជាច្រានចោល ការលើកឡើងរបស់ក្រុមហ៊ុនម្ចាស់នាវាលួចដឹកប្រេងចេញពីកម្ពុជា ដែលថា ការចាកចេញពីកម្ពុជាគ្រាន់តែដើម្បីប្ដូរនាវិក និងចាក់ប្រេង


អាជីវកម្មបូមប្រេងនៅកម្ពុជាកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស់កាន់តែខ្លាំង នៅក្រោយពេលដែលនាវាផ្ទុកប្រេងជិត៣០ម៉ឺនបារ៉ែលដែលបូមបានពីអណ្ដូងប្រេងកម្ពុជាបានបើករត់គេចទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយត្រូវអាជ្ញាធរប្រទេសនេះ ចាប់រឹបអូសបាន។ ក្រោយពីនាវានេះត្រូវបានចាប់ឃាត់ទុកនៅឥណ្ឌូនេស៊ី ក្រុមហ៊ុនម្ចាស់នាវាបានចេញមុខអះអាងថា នាវារបស់ខ្លួនបើកទៅដល់ដែនសមុទ្រឥណ្ឌូនេស៊ីនេះ គឺគ្រាន់តែដើម្បីផ្លាស់ប្ដូរនាវិក និងចាក់ប្រេងតែប៉ុណ្ណោះ។ ទោះយ៉ាងណា ក្រសួងរ៉ែ និងថាមពលបានចេញមុខច្រានចោលកការលើកឡើងរបស់ក្រុមហ៊ុនម្ចាស់នាវាដឹកប្រេងនេះ។
នាវាដឹកប្រេងរបស់ក្រុមហ៊ុន World Tankers Management
ដោយ

នៅក្នុង​សេចក្ដីប្រកាសព័ត៌មាន​នៅថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល​ បាន​ចេញមុខ​ច្រានចោល​ការលើកឡើង​របស់​ក្រុមហ៊ុន ​World Tankers Management Pte Ltd ដែលជាម្ចាស់​នាវាឈ្មោះ MT Strovolos ដោយកន្លងមក​ក្រុមហ៊ុននេះ បានចេញសេចក្ដីថ្លែងការណ៍ថា នាវា​របស់ខ្លួន​ដែល​មានផ្ទុកប្រេង​​ពីកម្ពុជា​ជិត​៣០ម៉ឺនបារ៉ែល​នោះ មិនមាន​ជម្រើស​ផ្សេង​ក្រៅពី​ចាកចេញ​ពីកម្ពុជា​ ដើម្បីធ្វើការ​ផ្លាស់ប្ដូរ​នាវិក និង​ចាក់ប្រេង​នោះទេ។

ទោះយ៉ាងណា ក្រសួងរ៉ែ និងថាមពល​ បាន​អះអាងថា ក្រសួង​ ក៏ដូចជា​អាជ្ញាធរ​មានសមត្ថកិច្ច​ផ្សេងទៀត មិនដែលទទួលបាន​ដំណឹង​ពីម្ចាស់នាវា ​អ្នកគ្រប់គ្រង​នាវា​ ឬភាគីណាមួយស្នើសុំ​ឲ្យរៀបចំ​ ឬអនុញ្ញាត​ឲ្យធ្វើការ​ផ្លាស់ប្ដូរ​នាវិក និងចាក់ប្រេង​នោះឡើយ។

ក្រសួងរ៉ែ និងថាមពល​សង្កត់ធ្ងន់ថា «ទោះយ៉ាងណា​ក៏ដោយ ក៏បញ្ហា​នៃការ​ប្ដូរនាវិក ឬចាក់ប្រេងនេះ មិនអាច​យក​ជាលេសដើម្បីឲ្យនាវា​ MT Strovolos ចាកចេញ​ និងយក​ប្រេង​ឆៅកម្ពុជា​ទៅជាមួយ​ ដោយមិនអនុលោមតាមច្បាប់​កម្ពុជាឡើយ»។ 

នាវា MT Strovolos គឺជានាវាផ្ទុកប្រេង​ ត្រូវបាន​ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុន​បូមប្រេង​នៅកម្ពុជា​ជួល​មក ដើម្បី​ផ្ទុកប្រេង​ដែលបូមបាន ដោយប្រេងដែលបូមបាន​ដាក់ក្នុងនាវានោះ មានដល់ជិត​៣០ម៉ឺនបារ៉ែល។

បញ្ហាចម្រូងចម្រាស់នៅក្នុងរឿងប្រេងនេះ គឺកើតឡើង នៅក្រោយពេលដែល ក្រុមហ៊ុន KrisEnergy បាន​បរាជ័យ​ក្នុងការ​ស្ដារបំណុល​ និងប្រឈមការក្ស័យធន មិនមានលទ្ធភាពទូទាត់​សង​ម្ចាស់បំណុល​របស់ខ្លួន រួមទាំង​ក្រុមហ៊ុន​ម្ចាស់នាវា​ផ្ទុកប្រេងនេះផងដែរ។

យ៉ាងណាក៏ដោយចុះ បើតាម​ក្រសួងរ៉ែ និងថាមពល​បញ្ជាក់ថា វិវាទចម្រូងចម្រាស់​រឿងថ្លៃឈ្នួលនាវានេះ គឺជាវិវាទ​របស់​ភាគី​ក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនម្ចាស់នាវា MT Strovolos ហើយវា​មិនជាប់ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា និងប្រេងឆៅ​របស់​កម្ពុជានោះឡើយ។

យ៉ាងណាមិញ ការនាំយក​ប្រេង​ឆៅចេញពីកម្ពុជា​ទៅដោយគ្មាន​ការអនុញ្ញាតបែបនេះ វាគឺបានរំលោភច្បាប់​របស់​កម្ពុជា ខណៈបច្ចុប្បន្ន ប្រទេស កម្ពុជា​ រួមទាំងឥណ្ឌូនេស៊ី​ដែលបាន​ចាប់ឃាត់នាវា​ផ្ទុកប្រេង MT Strovolos កំពុង​ចាត់ការតាមនីតិវិធីច្បាប់​ទៅលើ​ម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និង​បក្សពួក​ពាក់ព័ន្ធ​នឹង​បទល្មើសនេះ។

បើតាម​ក្រសួងរ៉ែ និងថាមពល​កម្ពុជា​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ស្នើសុំជំនួយ​ពីរដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដើម្បីនាំខ្លួន​ជនល្មើស និងបក្សពួករបស់ពួកគេ មកផ្ដន្ទាទោស​ និងដើម្បីនាំយក​ប្រេង​ឆៅ​កម្ពុជា​មកវិញ ស្របតាមច្បាប់​ជាតិរបស់​ប្រទេសទាំងពីរ និងច្បាប់​អន្តរជាតិ​ផងដែរ។

សូមបញ្ជាក់ថា នាវា MT Strovolos បានចាកចេញ​ពីកម្ពុជា​នៅម៉ោង​៨ល្ងាច ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសថៃ ដោយយកប្រេង​ឆៅរបស់​កម្ពុជា​ទៅជាមួយផងដែរ ហើយការ​ធ្វើដំណើរចាកចេញ​របស់នាវានេះ គឺមិនមាន​ឆ្លងកាត់​និតិវិធី​ច្បាប់​របស់​កម្ពុជានោះទេ។

លុះរហូតដល់​ថ្ងៃទី ២៧ ខែកក្កដា កងទ័ពជើងទឹក​ឥណ្ឌូនេស៊ី បាន​ចាប់រឹបអូស​នាវាដឹកប្រេង​ពីកម្ពុជានេះ ហើយបច្ចុប្បន្ន​នាវិកទាំងអស់​ត្រូវបាន​ឃាត់ខ្លួន ដើម្បីស៊ើបអង្កេត​លើ​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស ឬត្រូវចោទប្រកាន់​ពាក់ព័ន្ធ​នឹងបទល្មើស ដែលប្រព្រឹត្ត​នៅកម្ពុជា និងនៅប្រទេស​ឥណ្ឌូនេស៊ី៕




អត្ថបទបន្ទាប់


អាស៊ាន សម្លឹងរកឱកាសវិនិយោគបន្ថែម ពីគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ដើម្បីប៉ះប៉ូវសេដ្ឋកិច្ចឡុងចុងដោយវិបត្តិកូវីដ-១៩

ព័ត៌មាន
ប្រទេសអាស៊ានទាំង១០ត្រូវការឱកាសវិនិយោគច្រើនជាងមុនពីគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១ ដើម្បីយកមកប៉ះប៉ូវសេដ្ឋកិច្ចខាតបង់ដោយវិបត្តិកូវីដ ។ រដ្ឋមន្ត្រី…

ប្រទេសថៃបង្ហាញថា ការវ៉ាក់សាំងលាយចូលគ្នាដូសទី១ Sinovac និងទី២ AstraZeneca គឺសុវត្ថិភាព និងមានប្រសិទ្ធភាព

ព័ត៌មាន
ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលលាយគ្នា ដូសទី១ Sinovac និងដូសទី២ Astra…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ