សរុបជារួម នៅ៦ខែដំបូងឆ្នាំនេះ ទឹកប្រាក់ដែលបានមកពីការនាំចេញស្រូវអង្ករមានដល់ទៅប្រមាណ ៦០០លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា។
យោងតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណជាង ៣២ម៉ឺនតោន មានកំណើនជាង ១៦% ដែលគិតជាទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ក្នុងនោះ ប្រទេសចិន នៅតែជាទីផ្សារសំខាន់ជាងគេ ក្នុងការនាំចេញអង្កររបស់កម្ពុជា ដែលស្មើនឹង៥០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជា។ ខណៈនៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករ ទៅទីផ្សារប្រទេសចិន ចំនួនជាង ១៦ម៉ឺនតោន មានការកើនឡើង ១៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ជាមួយគ្នានោះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទ្វីបអឺរ៉ុប ជាង១០ម៉ឺនតោន មានកំណើន ៤៧%, តំបន់អាស៊ាន ជិត៣ម៉ឺនតោន មានការកើនឡើង ៧% ហើយកម្ពុជា បាននាំចេញអង្ករទៅកាន់គោលដៅផ្សេងៗ ចំនួន ២ម៉ឺនតោន ផងដែរ។ ដោយឡែក នៅឆមាសទី១ ឆ្នាំ២០២២ កម្ពុជា ក៏បាននាំចេញស្រូវ ជាង ១លាន៧សែនតោន ទៅកាន់ទីផ្សារប្រទេសវៀតណាម និងទទួលបានចំណូលជាង ៤០០លានដុល្លារ។
ជុំវិញដំណើរការនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា កាលពីពេលថ្មីៗនេះ បានកត់សម្គាល់ដូច្នេះ ដំណើរការនាំចេញអង្ករ របស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២នេះ ហាក់មានភាពប្រសើរជាងឆ្នាំ២០២១ ហើយប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់នាំចេញអង្កររបស់កម្ពុជា។ បើទោះជាបែបនេះក្ដី អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាប្រឈមមួយចំនួន ដែលបន្តកើតមានក្នុងវិស័យនេះ ដូចជា បញ្ហាថ្លៃដឹកជញ្ជូន និងការចំណាយលើថ្លៃដើមកាន់តែខ្ពស់ ដូចជា ថ្លៃជី-ថ្នាំកសិកម្ម កាន់តែកើនឡើង ជាដើម។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះកាន់តែបង្ហាញពីសក្ដានុពល និងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស នារយៈពេល ៥ឆ្នាំចុងក្រោយនេះ។
សូមបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកជាង ២៤% នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្ម បានរួមចំណែក ជាង ៣៨% និង វិស័យសេវាកម្ម វិញរួមចំណែក ៣៧%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕