សក្តានុពលនៃការនាំចេញរបស់វៀតណាម

ហេតុអ្វីបានជាសក្តានុពលនៃការនាំចេញរបស់វៀតណាម ប្រែជាលើសតម្រូវការទីផ្សារអន្តរជាតិទៅវិញ?


សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៨% កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សៗដូចជា Samsung, LG និងក្រុមហ៊ុន Foxconn ជាដើម ដែលមានមូលដ្ឋានក្នុងប្រទេសវៀតណាម បានជំរុញការនាំចេញក្នុងទំហំមួយដ៏ធំ។ ប៉ុន្តែឥឡូវនេះ តម្រូវការនៅក្រៅប្រទេសកំពុងធ្លាក់ចុះ ចំពេលមានបញ្ហាខ្វះឥណទានក្នុងស្រុក បូករួមនឹងយុទ្ធនាការបង្ក្រាបអំពើពុករលួយផងនោះ បានជំរុញឱ្យមានតម្រូវការក្នុងស្រុកចុះទន់ខ្សោយគួរឲ្យកត់សម្គាល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការនាំចេញរបស់វៀតណាមកំពុងលើសពីតម្រូវការទីផ្សារ រូបភាព រ៉យទ័រ

ជាការពិត វៀតណាម ត្រូវបានគេមើលឃើញថា ជាជម្រើសទិសដៅវិនិយោគជំនួសប្រទេសចិន និងជម្រើសល្អបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតកម្មទៅបណ្តាក់ទុន ដោយសារថ្លៃពលកម្មនៅវៀតណាមថោក។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងវ៉ាស៊ីនតោនផងនោះ វៀតណាមបានសង្គ្រោះក្រុមហ៊ុនផលិតរបស់ខ្លួនពីពន្ធគយ និងបានបញ្ជៀសទណ្ឌកម្ម ដែលអាមេរិកបានដាក់មកលើប្រទេសក្បែរខាងរបស់ខ្លួន គឺប្រទេសចិន។ ដូចនេះ ទីក្រុងហាណូយបានទទួលផលប្រយោជន៍ទាំងសងខាងក្នុងពេលតែមួយ។

ការរួមបញ្ចូលគ្នានៃតម្លៃពលកម្មទាប និងភាពជិតទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន ក៏ទាក់ទាញការវិនិយោគបរទេសផងដែរ។ គួរជម្រាបថា ការវិនិយោគពីបរទេសរបស់វៀតណាម បានកើនឡើងជាង ១៣% ដែលមានតម្លៃដល់ទៅ ២២ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនបានបង្កើនផលិតកម្មរបស់ខ្លួនដែលគ្របដណ្តប់លើវិស័យដូចជាគ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ និងស្បែកជើងប៉ាតាជាដើម។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមកាលពីឆ្នាំមុនបង្ហាញថា ប្រាក់ចំណូលនៃការនាំចេញបច្ចុប្បន្នរបស់វៀតណាមមានជាង ៣៧២ ពាន់លានដុល្លារ ដែលស្មើនឹង ៩០% នៃទិន្នផលសរុបកាលពីឆ្នាំមុន។ ប៉ុន្តែ ឥឡូវនេះតម្រូវការនៅក្រៅប្រទេសកំពុងជាប់គាំង ខណៈដែលប្រទេសនេះកំពុងមានការខ្វះខាតទីផ្សារអ្នកប្រើប្រាស់ដ៏ធំសម្បើមរបស់ប្រទេសចិន។ ទោះបីថា កម្មករវៀតណាម វ័យក្មេងច្រើនជាងចិនក្ដី ពួកគេចាស់ជាងបើធៀបនឹងពលករនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌា ដូច្នេះការប្រកួតប្រជែងតម្លៃពលកម្មរបស់វៀតណាមប្រហែលជាមិនស្ថិតស្ថិរឡើយ។

នៅក្នុងបរិបទនេះ សញ្ញានៃភាពតានតឹងក្នុងស្រុកកំពុងធ្វើឱ្យមានព្រួយបារម្ភ។ ទន្ទឹមគ្នានេះ យុទ្ធនាការបង្រ្កាបអំពើពុករលួយដែលបានទម្លាក់អតីតប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក កាលពីខែមករាកន្លងទៅ ក៏បានធ្វើឱ្យមានការខូចខាតដល់ប្រព័ន្ធការិយាធិបតេយ្យ វិស័យអចលនទ្រព្យ និងធ្វើឱ្យប៉ះពាល់ដល់សន្ទស្សន៍ទីផ្សារភាគហ៊ុនគោលផងដែរ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំមុនបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងជាង ៨% ក្នុងឆ្នាំ២០២២ ដែលជាល្បឿនប្រចាំឆ្នាំលឿនបំផុតចាប់តាំងពីឆ្នាំ១៩៩៧មក។ ការនាំចេញរបស់វៀតណាមមានលក្ខណៈថេរក្នុងខែកុម្ភៈកន្លងទៅ ហើយបានធ្លាក់ចុះជាង ២៣% នៅក្នុងខែមករា បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ Refinitiv បានចេញផ្សាយនៅថ្ងៃទី ៩ ខែមីនា៕




អត្ថបទបន្ទាប់


កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក ខណៈសមយុទ្ធទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើម

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី ១៣ មីនា ថា រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីរគ្រាប់ …

ជប៉ុនគ្រោងនឹងផ្តល់មូលនិធិ ដើម្បីគាំពារដល់គោលនយោបាយជំរុញកំណើនប្រជាជន

ព័ត៌មាន
គណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនបាននិយាយថា គោលនយោបាយជំរុញអត្រាកំណើតនៅក្នុងប្រទេសជប៉ុនអាចត្រូវបានផ្តល់មូលនិធិដោយមូលបត្របំណុលរបស់រដ្ឋាភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ