យោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឱ្យឃើញថា នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ ការនាំចេញផលិតផលសំបកកង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៥២៧លានដុល្លារ មានការកើនឡើង ១៧៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំប្រមាណ១៩៣លានដុល្លារ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកកំណើននាំចេញសំបកកង់រថយន្តនេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ក្នុងការទទួលបានការបណ្តាក់ទុនវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្ត។ អ្នកជំនាញរូបនេះវាយតម្លៃថា កត្តាដែលជំរុញឱ្យកម្ពុជាទទួលបានការវិនិយោគ និងនាំចេញផលិតផលសំបកកង់រថយន្តមានការកើនឡើងនេះ គឺដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយបណ្តាប្រទេសផ្សេងៗទាំងទ្វេភាគី និងពហុភាគី គួបផ្សំកម្ពុជាមានការអនុគ្រោះពន្ធមួយចំនួនពីសំណាក់ទីផ្សារអឺរ៉ុប និងអាម៉េរិក។ សម្រាប់អ្នកជំនាញរូបនេះ ឧស្សាហកម្មផលិតសំបកកង់រថយន្តបានក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ដំណាំកៅស៊ូដែលជាវត្ថុធាតុដើមរបស់កម្ពុជា ដ្បិតថា កន្លងមកដំណាំកៅស៊ូកម្ពុជា ពឹងផ្អែកលើការនាំចេញទាំងស្រុង។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសំបកកង់រថយន្ត គឺជាផលិតផលថ្មីមួយរបស់កម្ពុជា ដែលផ្តល់ឱកាសក្នុងការពង្រីកការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក។ សម្រាប់អ្នកជំនាញរូបនេះ ឧស្សាហកម្មសំបកកង់រថយន្ត គឺជាឧស្សាហកម្មដែលមានសក្តានុពលរយៈពេលវែង ដែលទាមទារឱ្យកម្ពុជា ចាំបាច់ត្រូវពង្រឹងខ្លួនបន្ថែមទៀត ដើម្បីឱ្យឧស្សាហកម្មនេះកាន់តែរីកចម្រើន និងមានការប្រកួតប្រជែងខ្ពស់។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងដំណើការផលិតរបស់ខ្លួន។ ជាមួយគ្នានេះ នៅក្នុងនៅក្នុងខែសីហា កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួន២បន្ថែមទៀតផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ