កំណើនសេដ្ឋកិច្ច

តើកម្ពុជាត្រូវមានការពង្រឹងខ្លួនអ្វីខ្លះ ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?


ស្របពេលស្ថានភាពដែលកំណើនសេដ្ឋកិច្ចមានសម្ទុះខ្សោយជាងមុន ធនាគារពិភពលោក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយគន្លឹះសំខាន់ដើម្បីសម្រេចបានគោលដៅនេះ គឺត្រូវការអនុវត្ត ទៅលើកត្តាអាទិភាពសំខាន់ៗចំនួន ៤ រួមមាន ៖
កំណើនសេដ្ឋកិច្ច
ដោយ

ទី១, ការ​កែ​លម្អ​បន្ថែម​ទៀតលើ​បរិយា​កាស​ធុរ​កិច្ច ៖ កត្តានេះ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់​ជំរុញ​ផលិត​ភាព និងការប្រ​កួត​ប្រជែង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា។ចំណាយ​ថ្លៃដើម​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​នៅ​​កម្ពុ​ជា ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ ដែល​ជា​ឧបសគ្គដល់​សមត្ថភាព​​ប្រ​កួត​ប្រ​ជែង​ជា​អន្តរ​ជាតិ​ និង​រា​រាំងដល់​​នវានុវត្តន៍ និងការងាក​​ទៅរកសកម្ម​ភាព​សេដ្ឋកិច្ច​មាន​តម្លៃខ្ពស់ជាង​បច្ចុប្បន្ន។ ដើម្បី​ជួយ​​​ដល់​ការ​វិនិ​យោគ​​របស់​វិ​ស័យ​ឯក​ជន កម្ពុជា​ចាំ​បាច់​ត្រូវ​ពង្រឹង​ភាពព្យាករណ៍បាន​របស់​បរិស្ថាន​បទ​ប្បញ្ញ​ត្តិ​ និងពង្រីកលទ្ធភាពរក​បាន​ធន​ធាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ច​ខិត​ខំ​ប្រឹងប្រែងបន្ថែម​ទៀត​ដើ​ម្បីសម្រួល​លក្ខខណ្ឌ​តម្រូវ​ស្មុគ​ស្មាញ​​និង​តឹង​រ៉ឹង​សម្រាប់​ការ​បើក​​ធុរកិច្ច​ អម​ជា​មួយ​នឹង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការនៃក្របខណ្ឌក្ស័យធនផង​ វា​នឹងជួយ​កាត់​បន្ថយ​ការ​ចំណាយ​​របស់​ក្រុម​ហ៊ុននៅ​ពេល​បើក​រកស៊ី និង​ពេល​បិទ​ទៅវិញ។

ទី២, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក។ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់​សម្រាប់​បង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង​អន្តរជាតិ។ កម្ពុជានៅ​តែមាន​ការ​ខ្វះច្រើន​នូវ​​​ហិរ​ញ្ញប្បទាន​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ ​​សេវា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធនៅតែមិនគ្រប់គ្រាន់​ ហើយ​ត្រូវ​ប្រឹង​យ៉ាង​ត្រដាប​ត្រដួស ​ដើម្បី​បំពេញសេចក្តីត្រូវ​ការ​ដែលកំពុង​កើន​ឡើង​យ៉ាង​លឿន។ ក្នុងន័យនេះ វិស័យថាមពល​ត្រូវការការវិនិយោគ​ខ្នាតធំថែមទៀត ដើម្បីបំពេញតម្រូវការ។ ទន្ទឹមនឹងនេះ កិច្ចប្រឹង​ប្រែង​គួរ​ត្រូវ​បាន​ធ្វើ​បន្ថែម​ទៀត​ ដើម្បីកាត់​បន្ថយ​ថ្លៃចំណាយ​លើ​ការ​ដឹក​ជញ្ជូន និងសេ​វា​ឡូហ្ស៊ីស្ទិក តាម​រយៈ​​ការតាម​ដាន​​ត្រួត​ពិនិត្យ​​ប្រ​សិទ្ធ​ភាព​នៃច្រក​ទ្វារ​ពាណិជ្ជ​កម្ម​សំខាន់​ៗ ដូច​ជា​កំពង់​ផែ និង​ច្រក​ព្រំដែន។

ទី៣, ត្រូវពង្រឹងជំនាញ៖ កម្ពុជា​ត្រូវ​បង្កើន​លទ្ធភាពនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះខាត​ជំនាញ បង្កើតកម្លាំងពលកម្ម ដែលមានសមត្ថភាព ត្រៀមសម្រាប់អនាគត និងជំរុញកំណើន​ផលិតភាពរបស់ប្រទេស។ ធនាគារពិភពលោក បានគូសបញ្ជាក់ដែរថា កំណើន​ផលិត​ភាពពលកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បណ្តា​ក្រុម​ហ៊ុន​ក៏​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ដែ​រ​​អំពី​ការ​កើន​ឡើង​នៃ​កង្វះ​ជំនាញ​​។

ទី៤ចុងក្រោយ, វិធានការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៖ បញ្ហាដែលបង្កឡើងដោយ ការប្រែ​ប្រួល​អា​កាស​ធាតុ​ ធ្វើឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​កាន់​តែ​ច្រើន​ដល់​ការ​អភិ​វឌ្ឍ​នរបស់កម្ពុជា។ របាយការណ៍ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (CCDR) ថ្មីៗនេះរបស់​ធនា​គារ​ពិភពលោក​ បង្ហាញច្បាស់ថា កម្ពុ​ជា​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ហា​និភ័យ​អា​កាស​ធាតុ​យ៉ាងខ្លាំង។ ការ​គិតគូរ​​សាក​ល្បង (simulations) ​របស់ធនាគារនេះ​បង្ហាញ​ថា ការ​ខាត​បង់​ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​អា​កាស​ធាតុ​ អាច​មាន​ចំនួន​ដល់​ទៅ៩ភាគរយ​ នៃផលិត​ផល​ក្នុង​ស្រុក​សរុប​ នៅឆ្នាំ២០៥០ ប្រសិន​បើ​កម្ពុជា​គ្មាន​វិធាន​ការ​បន្ស៊ាំទេនោះ។ ប៉ុន្តែ​ ការ​ខាត​បង់​ទាំង​នេះ​អាច​​កាត់​បន្ថយ​បាន​ច្រើន​វិញ តាម​រយៈ​វិធាន​ការ​បន្ស៊ាំ​តាម​គោល​ដៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋវិទូធនាគារពិភពលោក លើកឡើងពីកត្តាសំខាន់ ៤យ៉ាង ដែលអាចជួយកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព័ត៌មាន
ប្រទេសកម្ពុជា មានមហិច្ឆតាប្រែក្លាយខ្លួនពីឋានៈប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យសេដ្ឋវិទូពិភពលោកដ៏ល្បីល្បាញម្នាក់ ចូលជួបសម្តែងការគួរសម

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ