នៅក្នុងជំនួបជាមួយភាគីសហភាពអឺរ៉ុបកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្ពុជា-សហភាពអឺរ៉ុបលើកទី១នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអឺរ៉ុប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀងទាត់ធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។
បើតាមថ្នាក់ដឹកនាំរូបនេះ កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួល និងថែទាំការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា ដូចជាសសហភាពអឺរ៉ុបជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអឺរ៉ុបជាលើកទី២នាពេលឆាប់ៗខាងមុខ បន្ទាប់ពីគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាបានរំលេចពីក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុបលើកទី១បានក្លាយជាឱកាសថ្មី ដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។ ជាការឆ្លើយតបលើការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯកឧត្តមឯកអគ្គរដ្ឋទូត បានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ទៅសហភាពអឺរ៉ុប។ ទន្ទឹមនេះ សហភាពអឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀតផងដែរ៕