តួលេខពីក្រសួងពាណិជ្ជកម្មកម្ពុជាដដែលនេះបានឲ្យដឹងទៀតថា បើមើលទៅលើទំហំពាណិជ្ជរវាងកម្ពុជា និងអឺរ៉ុបជារួមនៅរយៈពេល៤ខែដំបូងឆ្នាំ២០២១ សម្រេចបានជាង១ពាន់២រយលានដុល្លារអាមេរិក មានការធ្លាក់ចុះជាង២%។ និយាយក្នុងក្របខណ្ឌទីផ្សារនាំចេញ ឃើញថា តំបន់អឺរ៉ុប គឺជាទីផ្សារទី២របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ដែលនៅ៤ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញទៅអាមេរិកសម្រេចបានជិត២ពាន់លានដុល្លារ កើនជិត៣០% ខណៈដែលការនាំចេញទៅអឺរ៉ុបមានចាង៩២៦លានដុល្លារធ្លាក់ចុះជាង២%។ រីឯទីផ្សារចិន គឺឈរលំដាប់ទី៣ មានទឹកប្រាក់នាំចេញជាង ៤២០លានដុល្លារអាមេរិក។ ប៉ុន្ដែ បើសួរថា តើប្រទេសមួយណាដែលជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា? ម្លើយគឺប្រទេសចិន ដោយនៅរយៈពេល៤ខែដំបូងនៅឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនសម្រេចបានដល់ទៅជាង៣ពាន់លានដុល្លារ ខណៈអាមេរិក មានតែជិត២ពាន់លានដុល្លារប៉ុណ្ណោះ។ ចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយសារតែប្រទេសចិន មិនត្រឹមតែជាទីផ្សារនាំចេញរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែចិនក៏មាននាំចូលផលិតផលមកកាន់កម្ពុជាច្រើនដែរ គឺមានក្នុងទំហំទឹកប្រាក់ជាង២ពាន់៥រយលានដុល្លារ នៅ៤ខែដើមឆ្នាំនេះ កើនជិត១៧%។
ថ្មីៗនេះ កម្ពុជាយើងក៏ទើបតែទទួលបានភ្លើងបៃតងក្នុងការនាំចូលផលិតផលកសិកម្មមួយមុខថ្មីទៀតទៅកាន់ទីផ្សារប្រទេសចិន គឺស្វាយស្រស់ ហើយក្រៅពីស្វាយស្រស់ កម្ពុជាក៏កំពុងជំរុញការនាំចេញកសិផលសក្ដានុពលផ្សេងជាច្រើនទៀតដែរទៅកាន់ប្រទេសចិន រួមមាន តាង៉ែន ឬមៀនប៉ៃលិន ទឹកមាត់ត្រចៀកកាំ ផ្លែដូង និងទុរេនជាដើម។
ត្រឡប់មកមើលទីផ្សារអឺរ៉ុបវិញ តើកម្ពុជាយើងនាំចេញអ្វីខ្លះ ទៅកាន់ទីផ្សារអឺរ៉ុប?
ភាគច្រើនការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប គឺជាផលិតផលវាយនភណ្ឌកាត់ដេរដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើងជាដើម។ ក្រៅពីនេះ ក៏មានការនាំចេញកង់ និងអង្ករផងដែរ។
ពាក់ព័ន្ធនឹងការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរនេះដែរ បើតាមការអះអាងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមកាត់ដេរកម្ពុជាបានប្រាប់ខេមបូណូមីសនាពេលថ្មីៗនេះថា បើទោះបីជាអំឡុងពេលនេះ មានបញ្ហាកូវីដ-១៩រាតត្បាតខ្លាំងនៅកម្ពុជា ប៉ុន្ដែ បើមើលទៅលើការបញ្ជាទិញពីក្រៅប្រទេសដូចជានៅអាមេរិក និងអឺរ៉ុប នៅតែមានជាហូរហែដែរ។ ប៉ុន្ដែ អ្វីដែល ជាបញ្ហារបស់វិស័យកាត់ដេរនាពេលនេះ គឺដោយសារតែមេរោគរាតត្បាតកូវីដ-១៩ បានបន្ដវាយប្រហារនៅតាមរោងចក្រមួយចំនួន ដែលបានតម្រូវឲ្យរោងចក្រខ្លះត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន។មួយវិញទៀត ការតម្រូវឲ្យរោងចក្រប្រតិបត្តិការដោយប្រើប្រាស់កម្លាំងពលកម្មតែពាក់កណ្ដាលនៃកម្លាំងពលកម្មសរុបនោះ ក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរោងចក្រផងដែរ ហើយក៏កំពុងប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ផលិតផលទៅលើទីផ្សារដូចគ្នាដែរ។
បើតាមរបាយការណ៍នាំចេញរបស់ក្រសួងពាណិជ្ជកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ ការនាំចេញទំនិញវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង២ពាន់៣រយលានដុល្លារធា្លក់ចុះជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕