ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កម្ពុជានឹងគិតគូលើការធ្វើពិពិធកម្មទីផ្សារផលិតផលបន្ទះសូឡាទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់អាហ្រ្វិក និងបណ្ដាប្រទេសផ្សេងទៀតក្នុងសហគមន៍អឺរ៉ុបជាដើម ខណៈកន្លងទៅការនាំចេញបន្ទះសូឡាបានពឹងផ្អែកខ្លាំងលើសហរដ្ឋអាម៉េរិករហូតដល់៩០%នៃការនាំចេញឯណោះ។ បើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ កម្ពុជា នឹងប្រើប្រាស់យន្តការរបស់អង្គការពាណិជ្ជកម្មពិភពលោក និងយន្តការក្របខណ្ឌអាស៊ាន ដើម្បីចរចាជាមួយសហរដ្ឋអាម៉េរិកធ្វើយ៉ាងណាអាចទទួលបានការអនុគ្រោះមួយចំនួន ដើម្បីមានលទ្ធភាពប្រកួតប្រជែង និងរក្សាទីផ្សារនៅសហរដ្ឋអាម៉េរិក ឱ្យបានល្អប្រសើរឡើងវិញ។
ទន្ទឹមនឹងនេះ ឯកឧត្តមជឿជាក់ថា តាមរយៈស្ថិរភាពនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ នឹងជួយស្រូបទាញអ្នកវិនិយោគឱ្យមកបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត ស្របពេលរាជរដ្ឋាភិបាលទើបអនុម័តផែនការមេអភិវឌ្ឍន៍ថាមពល២០២២-២០៤០ និងគោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០។
កម្ពុជា មិនត្រឹមតែជាអ្នកនាំចេញផលិតផលបន្ទះសូឡានោះទេ ថែមទាំងជាអ្នកប្រើប្រាស់ថាមពលកកើតឡើងវិញដ៏ធំមួយផងដែរនៅក្នុងតំបន់អាស៊ាន។ តែអ្នកជំនាញក្នុងវិស័យនេះកត់សម្គាល់ឃើញថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងឧស្សាហកម្មនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។ តំណាងក្រុមហ៊ុនចែកចាយបន្ទះសូឡាសុំមិនបញ្ចេញឈ្មោះម្នាក់បានលើកឡើងថា ការប្រើប្រាស់ថាមពលសូឡា ឬថាមពលពន្លឺព្រះអាទិត្យនៅក្នុងឧស្សាហកម្មនៅកម្ពុជា នាពេលបច្ចុប្បន្ន នៅមានភាពយឺតយ៉ាវ និងពុំទាន់មានភាពទូលំទូលាយនៅឡើយទេ។
បើតាមការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកាលពីពេលថ្មីៗ បច្ចុប្បន្នកម្ពុជា មានប្រភពថាមពលកកើតឡើងវិញប្រមាណជាង៦០% រួចទៅហើយ ដោយឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឡាវ ក្នុងការផលិតថាមពលស្អាត ហើយថាមពលភាគច្រើនលើសលប់នៅក្នុងប្រព័ន្ធបណ្ដាញជាតិ គឺជាថាមពលស្អាត និងជាថាមពលកកើតឡើងវិញ។
សូមបញ្ជាក់ថា នៅ១១ខែ ឆ្នាំ២០២៤នេះ ការនាំចេញបន្ទះសូឡារបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់៨៣០លានដុល្លារ ធ្លាក់ចុះជាង១ពាន់១រយលានដុល្លារ ឬស្មើនឹង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទិន្នន័យផ្លូវការបង្ហាញថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ៨០%នៃការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាម៉េរិក គឺមានប្រភពចេញពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុការធ្លាក់ចុះបរិមាណនាំចេញបន្ទះសូឡានេះ គឺជាសញ្ញាមួយ ដែលទាមទារឱ្យកម្ពុជាគួរស្វែងរកទីផ្សារថ្មីៗសម្រាប់នាំចេញផលិតផលនេះបន្ថែមទៀត ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការផលិត និងការវិនិយោគនៅក្នុងប្រទេស៕
អត្ថបទ៖ បូ ដូឡា