លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន LONGMATE AGRICULTURE ដែលបានវិនិយោគដំណាំចេកអំបូងលឿងរាប់រយហិកតានៅក្នុងខេត្តកំពតបានឲ្យដឹងថា ដំណើរការនាំចេញផ្លែចេកអំបូងលឿងទៅកាន់ទីផ្សារចិននៅដំណើរការជាធម្មតាដោយពុំមានការថមថយចុះនោះឡើយចំពោះការបញ្ជាទិញ។
លោកឧកញ៉ាបញ្ជាក់ថា ទិន្នផលចេកអំបូងលឿងរបស់លោកនៅដើមរដូវនៃត្រីមាសទី១ រហូតមកដល់ខែមេសាឆ្នាំនេះ ឃើញថា តួលេខនៃការនាំចេញផ្លែចេកអំបូងលឿងមិនមានការកើនឡើងនោះទេ ខណៈអាកាសធាតុមិនអំណោយផលជាមួយនឹងការឡើងកំដៅខ្លាំង ប៉ុន្តែយ៉ាងណាការនាំចេញផ្លែចេកនេះរំពឹងថា នឹងកើនឡើងវិញនៅក្នុងខែមិថុនានេះ ខណៈដំណាំចេកដែលនឹងឲ្យផលបានមានចំនួនច្រើនជាងមុន។
លោកឧកញ៉ាបន្តថា ចាប់ពីខែមិថុនាឆ្នាំនេះតទៅ ការបញ្ជាទិញចេកអំបូងលឿងនឹងកាន់តែកើនឡើង ហើយចំពោះតម្លៃផ្លែចេកវិញ ក៏នឹងមានការប្រែប្រួលខុសពីត្រីមាសទី១ ដែលតម្លៃចេកបានធ្លាក់ចុះថ្លៃបន្តិច ប៉ុន្តែមកដល់ខែនេះតម្លៃចាប់ផ្តើមកើនឡើងវិញបណ្តើរៗហើយ ដោយក្នុង១តោនតម្លៃជាមធ្យមជុំវិញ ៦០០ដុល្លារអាមេរិក ឬ លើសពីនេះ។
សូមជម្រាបថា កន្លងមករដ្ឋាភិបាលកម្ពុជាតែងតែបានអំពាវនាវដល់វិស័យឯកជន ឲ្យបន្ដវិនិយោគបន្ថែមទៀត លើការដាំដុះដំណាំចេកដើម្បីនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន ស្របពេលទីផ្សារមួយនេះ មានតម្រូវការចេកយ៉ាងច្រើន រហូតដល់ទៅ ៨លានតោនក្នុងមួយឆ្នាំៗ។
បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០នេះ ការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារក្រៅប្រទេស សម្រេចបានរហូតដល់ទៅជាង ១២ម៉ឺន ៥ពាន់តោន ក្នុងនោះ ការនាំចេញចេកទៅចិនមានប្រមាណ ៦ម៉ឺនតោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ធ្លាប់បានគូសបញ្ជាក់ថា នៅប៉ុន្មានខែដើមឆ្នាំ២០២០នេះ ចំណូលពីការនាំចេញចេកនេះ អាចមានប្រមាណ ៦០លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០១៩កម្ពុជាបាននាំផ្លែចេកបានប្រមាណជាង ១៦ម៉ឺនតោនប៉ុណ្ណោះ។
សូមបញ្ជាក់ដែរថា ទីផ្សារនាំចេញចេកសំខាន់ៗរបស់កម្ពុជារួមមាន ប្រទេសចិន វៀតណាម និងជប៉ុនជាដើម។ ក្រៅពីដំណាំចេកនេះ ថ្មីៗនេះដែរ កម្ពុជាក៏ទើបតែចុះហត្ថលេខាលើពិធីសារនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនផងដែរ ដោយផ្លែស្វាយនេះនឹងក្លាយជាផលិតផលផ្លែឈើស្រស់ទី២របស់កម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេកអំបូងលឿង៕