វិស័យពាណិជ្ជកម្ម

កម្ពុជារំពឹងការនាំចេញទំនិញមានភាពល្អប្រសើរនៅឆ្នាំនេះ ក្រោយមើលឃើញសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូបង្ហាញសញ្ញាវិជ្ជមាន


មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចសាកលលោកនៅមួយរយៈពេលចុងក្រោយនេះហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់ ជាពិសេសប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាតែម្ដង។ កត្តានេះកំពុងផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់កម្ពុជា ក្នុងការជំរុញកំណើននាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំនេះ។
វិស័យពាណិជ្ជកម្ម
ដោយ

ជាក់ស្ដែងជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសសំខាន់ៗនៅក្នុងឆ្នាំ២០២៣ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង៤៦ពាន់លានដុល្លារ ក្នុងនោះដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមានចិន សហរដ្ឋអាម៉េរិក តំបន់អឺរ៉ុប ជប៉ុន និងអាស៊ានបូកបី។

នាវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤» នៅថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃជាវិជ្ជាមានសម្រាប់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នេះ ក្រោយមើលឃើញពីសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសដែលជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសការងើបឡើងវិញនៃការនាំចេញទំនិញក្នុងវិស័យឧស្សាហកម្មកាត់ដេរ។

ទោះបីការនាំចេញក្នុងវិស័យឧស្សាហកម្មកាត់ដេរហាក់មានការថមថយ តែវិស័យនេះនៅតែជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ មន្រ្តីជាន់ខ្ពស់រូបនេះ ជឿជាក់ថា ក្រោយស្ថានភាពសេដ្ឋកិច្ចរបស់ហរដ្ឋអាម៉េរិក ចិន និងជប៉ុន ដែលជាដៃគូពាណិ់ជ្ជកម្មដ៏សំខាន់របស់កម្ពុជា មានភាពល្អប្រសើរ វានឹងជួយធ្វើឱ្យការនាំចេញរបស់កម្ពុជាមានភាពល្អប្រសើរទៅតាមនឹងជាក់ជាមិនខាន។

មន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦% នៅឆ្នាំ២០២៤ ក្រោយសម្រេចបានកំណើន៥,៦% កាលពីឆ្នាំមុន ក្រោយឯកឧត្តមមើលឃើញពីសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម គួបផ្សំវិស័យទេសទេសចរណ៍ និងវិស័យការដេរមានកំណើនល្អប្រសើរឡើងវិញនៅដើមឆ្នាំនេះ ក៏ដូចជារំពឹងការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មមិនមែនកាត់ដេរមានកំណើនល្អ។

​ទន្ទឹមនឹងរំពឹងសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះផងដែរ ចំពោះវិបត្តិសាកលលោកដែល​កំពុងកើតមានឡើង ដូចជាការកើនឡើងនៃអតិផរណា ការអូសបន្លាយសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន បញ្ហាជម្លោះនៅសមុទ្រក្រហមជាដើម ក្នុងការបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា។ បើតាមឯកឧត្តម ផាន់ ផល្លា បញ្ហាជម្លោះនៅសមុទ្រក្រហម ទោះចង់ ឬមិនចង់ បញ្ហានេះអាចនឹងជះផលជាអវិជ្ជមាន ដល់ប្រទេសក្នុងតំបន់ និងពិភពលោក រួមទាំងវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ផងដែរ។ ប៉ុន្តែផ្អែកតាមស្ថានភាពនាពេលបច្ចុប្បន្ន បញ្ហាជម្លោះនៅសមុទ្រក្រហមនេះមិនទាន់ប៉ះពាល់ខ្លាំងមកលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជានោះទេ ហើយក៏មិនទាន់មានអ្វីគួរឲ្យព្រួយបារម្ភនោះដែរ។

​សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង៤៦ពាន់លានដុល្លារអាម៉េរិក ថយចុះជិត ២% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ជាង ២២ពាន់លានដុល្លារអាម៉េរិក និងការនាំចូលមកវិញសម្រេចបានជាង ២៤ពាន់លានដុល្លារអាម៉េរិក។ ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់កម្ពុជា ដោយនៅរយៈពេលពេញ១ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥% បើធៀបទៅនឹងឆ្នាំ២០២២។

បន្ទាប់មកគឺ សហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្មធំទី២ ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារអាម៉េរិក និងវៀតណាម គឺជាដៃគូស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដែលបានធ្វើពាណិជ្ជកម្មច្រើនជាងគេ ជាមួយកម្ពុជា ដែលសម្រេចបានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចង់ឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាស្ថាប័នមួយខ្លាំង ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាអ្នកច្បាប់បន្តការខិតខំ…

ក្រុមហ៊ុន NagaCorp ទទួលបានប្រាក់ចំណេញជិត១៧៨លានដុល្លារនៅក្នុងឆ្នាំ២០២៣

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិការកាស៊ីណូ NagaCorp ទទួលបានប្រាក់ចំណេញសុទ្ធជិត១៧៨លានដុល្លារ នៅឆ្នាំ២០២៣ កន្លងទៅ កើនឡើងជាង៦៥% បើធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ