វិស័យយានយន្ត

កម្ពុជា រំពឹងរោងចក្រដំឡើងរថយន្តរបស់ BYD ជួយទាក់ទាញការវិនិយោគពីបរទេស


រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia បានបើកការដ្ឋានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រនេះ គ្រោងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការដំឡើងរថយន្តអគ្គិសនីលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥។ តាមរយៈវត្តមានរបស់រោងចក្រនេះ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជឿជាក់ថា វានឹងចូលរួមចំណែកទាក់ទាញក្រុមហ៊ុនផ្សេងទៀតឱ្យមកបោះទុនវិនិយោគនៅកម្ពុជា បន្ថែមទៀត។
វិស័យយានយន្ត
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យល់ឃើញថា តាមរយៈវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនី BYD នៅកម្ពុជា នឹងចូលរួមលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតស្របតាមគោលនយោបាយវិស័យយានយន្ត និងអេឡិចត្រូនិករបស់កម្ពុជា។ ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះរំពឹងថា ក្រុមហ៊ុនយក្សរបស់ចិន មួយនេះនឹងវិវត្តខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត ខណៈយានយន្តថ្មីនេះមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយ។ បើតាមឯកឧត្តម ហេង សុខគង់ អ្វីដែលកម្ពុជា ត្រូវធ្វើនាពេលខាងមុខ គឺបន្តខ្សែច្រវាក់ផលិតកម្មបន្ថែមទៀត ដើម្បីអាចមានលទ្ធភាពទទួលបានឧស្សាហកម្មគ្រឿងបង្គុំ ដែលនឹងជួយគាំទ្រដល់ការផលិត និងដំឡើងរថយន្តនាថ្ងៃអនាគត។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រូបនេះជឿជាក់ថា កម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗឱ្យមកបោះទុនវិនិយោគនាពេលខាងមុខ។

​ពាក់ព័ន្ធរោងចក្រដំឡើងរថយន្ត BYD នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិននេះ ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រផលិតគ្រឿងបង្គុំផ្សេងៗ ដែលបម្រើឱ្យខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យមកបោះវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធល្អៗពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែម ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ រោងចក្រដែលមានតម្លៃវិនិយោគប្រមាណ៣២លានដុល្លារក្នុងដំណាក់កាលទី១នេះត្រូវបានអភិវឌ្ឍន៍លើផ្ទៃដី១២ហិកតាជាមួយសមត្ថភាពដំឡើងរថយន្តទាំងរថយន្តអគ្គិសនីសុទ្ធ និងកូនកាត់បានប្រមាណ១ម៉ឺនគ្រឿងក្នុងឆ្នាំ។ រោងចក្រនេះគ្រោងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការដំឡើងរថយន្តអគ្គិសនីលើកដំបូងនៅកម្ពុជានាដើមខែវិច្ឆិកា ឆ្នាំ២០២៥។ សូមជម្រាបថា គិតមកទល់ពេលនេះ កម្ពុជា មានរោងចក្រផ្គុំដំឡើង និងផលិតរថយន្តធុនធំ និងមធ្យម មានចំនួន១១រោងចក្រ៕

អត្ថបទ បូ ដូឡា​




អត្ថបទបន្ទាប់


IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកត្រឹម៤% នៅឆ្នាំនេះ តើអ្នកជំនាញមានការយល់ឃើញបែបណា?

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ពី៥,៨%មកនៅត្រឹម៤% នៅឆ្នាំ២០២៥ ដោយសារការដាក់ពន្ធបដិការរបស…

កម្ពុជា ប្រមូលចំណូលពន្ធពីវិស័យកាស៊ីណូ បានជាង២៨លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្ម ឬកាស៊ីណូ មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ