ការសិក្សាប្រព័ន្ធដឹកជញ្ជូនផ្លូវដែក

កម្ពុជាស្នើឲ្យបារាំងពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធដឹកជញ្ជូនផ្លូវដែក


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធដឹកជញ្ជូនប្រើផ្លូវដែកនៅរាជធានីភ្នំពេញ ដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ ការស្នើបែបនេះ ធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងសាធារណការជាមួយឯកឧត្តម ហ្សាក ភីលីត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជានៅថ្ងៃទី៣ ឧសភា។
រូបភាព៖ អគ្គនាយកដ្ឋានផ្លូវដែក

នៅចំពោះមុខឯកអគ្គរដ្ឋទូតបារាំង ថ្នាក់ដឹកនាំក្រសួងសាធារណការបានបង្ហាញសមិទ្ធផល និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកផងដែរ។

នាជំនួបជាមួយឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៣ ខែឧសភា នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកបញ្ហាការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញដែលបណ្តាលមកពីការកើនឡើងចំនួនយានយន្ត និងការដឹកជញ្ជូនប្រាប់ឯកអគ្គរដ្ឋទូតបារាំង។ ជាមួយគ្នានេះ ឯកឧត្តមទេរដ្ឋមន្ត្រីបានស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធដឹកជញ្ចូនដោយប្រើផ្លូវដែកនៅរាជធានី។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលបំណងនៃការស្នើនេះ គឺដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញក៏ដូចជារួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដែលជារឿយៗបង្កឡើងពីរថយន្តដឹកទំនិញធំៗរបស់ក្រុមហ៊ុនមួយចំនួន។ ទោះយ៉ាងណា ភាគីបារាំងមិនទាន់ឆ្លើយតបយ៉ាងនោះទេជុំវិញសំណើនេះ។

ទន្ទឹមនឹងស្នើឲ្យបារាំងពិនិត្យលទ្ធភាពសិក្សាលើប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីផែនការអភិវឌ្ឍន៍ និងលើកគុណភាពផ្លូវថ្នល់ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីខេត្តមួយទៅខេត្តមួយ ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីផែនការមេអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងឲ្យកាន់តែប្រសើរថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


MICHELIN សូមណែនាំនូវសំបកកង់ “MICHELIN Primacy SUV+” ថ្មី ដើម្បីផ្ដល់ភាពរីករាយកាន់តែច្រើនជាងមុនតាមរយៈការធ្វើដំណើរជាមួយនឹងរថយន្តប្រភេទ SUV របស់លោកអ្នក និងឆ្លើយតបនឹងការកើនឡើងនៃការប្រើប្រាស់រថយន្ត SUV នៅលើទីផ្សារ

ព័ត៌មាន
កាលពីថ្ងៃទី ២៩ខែមេសា កន្លងទៅនេះ MICHELIN ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យធ្វើដំណើរប្រកបដោយនិរន្តភាពសម្រាប់យានយន្តគ្រប់ប្រភេទទាំងអស់ រ…

ឥណ្ឌាតាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យលក់ប្រេងមកឲ្យខ្លួនក្នុងតម្លៃក្រោម ៧០ដុល្លារក្នុងមួយធុងបារ៉ែល

ព័ត៌មាន
ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមទាញយកប្រយោជន៍ពីវិស័យប្រេងបានច្រើនជាងគេ នៅក្នុងពេលដែលរុស្ស៊ីកំពុងផុងខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ