បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា ការធ្លាក់ចុះនេះ គឺដោយសារតែមានរឹតបន្តឹងព្រំដែនរវាងវៀតណាម និងចិន គួបផ្សំមានក្រុមហ៊ុនខ្លះបានផ្អាកការនាំចេញក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ទោះបីជា ការនាំចេញទៅចិនមានការថយចុះបន្ដិចក្ដី ប៉ុន្តែបើយើងក្រឡេកទៅមើលការការនាំចេញផលិតផលកសិកម្ម ពិសេសការនាំចេញអង្ករទៅចិន មានដល់ទៅជាង៣ម៉ឺនតោន កើនឡើងដល់ជាង៦០%ឯណោះ។
តួលេខ ដែលផ្តល់ដោយមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញឲ្យឃើញថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារចិនសម្រេចបានទំហំជិត៨២លានដុល្លារអាមេរិកនៅខែមករា ដើមឆ្នាំ២០២២ ថយចុះ១២% បើធៀបនឹងខែមករា ឆ្នាំ២០២១ ដែលមានរហូតដល់ជាង១០៣លានដុល្លារអាមេរិក។
ការថយចុះនេះត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាវាយតម្លៃថា គឺដោយសារទំនិញកម្ពុជាមួយចំនួន ដែលនាំចេញទៅចិនតាមរយៈច្រកព្រំដែនវៀតណាមត្រូវបានរាំងស្ទះ បន្ទាប់ពីចិនរឹតបន្តឹងការនាំចូលទំនិញពីវៀតណាមក្រោមវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ម្យ៉ាងទៀត នៅក្នុងអំឡុងខែមករា មានក្រុមហ៊ុននាំចេញមួយចំនួនមិនទាន់មានការនាំចេញ និងមួយចំនួនបានផ្អាកការនាំចេញដោយសារប្រទេសចិនប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាដើម។
បើទោះបីជា ការនាំចេញផលិតផលពីកម្ពុជាទៅចិនជារួមថយចុះក៏ពិតមែន នៅដើមខែដំបូងឆ្នាំនេះ ប៉ុន្ដែ សម្រាប់ការនាំចេញផលិតផលកសិកម្មទៅចិននៅតែមានកំណើន។ ជាក់ស្ដែង បើតាមការគូសបញ្ជាក់ពី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិននៅតែបង្ហាញវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅខែមករា ឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅចិន សម្រេចបានជាង ៩៣ម៉ឺនតោនកើនឡើងជិត១៦%បើធៀបនឹងខែមករា កាលពីឆ្នាំ២០២១ ដែលមានត្រឹមជាង៨០ម៉ឺនតោនប៉ុណ្ណោះ។
បើយើងក្រឡេកទៅមើលការនាំចេញអង្ករវិញ បើតាមការអះអាងពីឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅខែមករា ដើមឆ្នាំ២០២២ ការនាំចេញអង្ករពីកម្ពុជាទៅចិនសម្រេចបានជាង៣ម៉ឺនតោនកើនឡើងជាង៦០%បើធៀបនឹងខែមករា ឆ្នាំ២០២១។ អ្នកជំនាញរូបនេះអះអាងថា កត្តាដែលជួយជំរុញកំណើននាំចេញអង្ករពីកម្ពុជាទៅចិន គឺដោយសារតម្រូវការអង្ករកម្ពុជានៅចិនមានការកើនឡើង គួបផ្សំនៅកម្ពុជាខែនេះជារដូវប្រមូលផលស្រូវ។
ពាក់ព័ន្ធតម្លៃអង្ករវិញ ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា នៅចិនលក់ចេញជាមធ្យម៦រយដុល្លារអាមេរិកក្នុង១តោន ថោកជាងប្រមាណ១រយដុល្លារអាមេរិក បើធៀបនឹងទីផ្សារអឺរ៉ុប។ ប៉ុន្តែអង្ករដែលកម្ពុជានាំចេញទៅចិនភាគច្រើនជាប្រភេទអង្ករស ខណៈទៅទីផ្សារអឺរ៉ុបភាគច្រើនជាប្រភេទអង្ករក្រអូប។
សូមបញ្ជាក់ថា បើតាមឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មកទល់ពេលនេះមិនទាន់មានការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិណា ធ្វើឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នោះទេ តាំងពីកិច្ចព្រមព្រៀងទាំងពីរនេះបានចូលជាធរមានជាង១ខែកន្លងមកនេះ។
ឯកឧត្តមវាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីអ្នកនាំចេញខ្លះមិនទាន់ចាប់អារម្មណ៍ក្នុងការនាំចេញទៅទីផ្សារថ្មី ឬកំពុងសិក្សាពីផលចំណេញ ទើបពួកគេមិនទាន់ហ៊ាននាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះ។ ម្យ៉ាងទៀត អាចមានអ្នកនាំចេញខ្លះគិតថា ការនាំចេញរបៀបចាស់ និងទៅទីផ្សារចាស់វាមានភាពល្អប្រសើរហើយជាដើម៕