ដោយឡែកចំពោះការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំនេះវិញ មានទំហំទឹកប្រាក់សរុបប្រមាណតែជាង ២៨៥លានដុល្លារប៉ុណ្ណោះ ខណៈកម្ពុជានាំចេញទៅអាមេរិកមានរហូតដល់ជាង ២២៨៥លានដុល្លារ។
ដោយឡែក បើពិនិត្យមើលរយៈពេល៩ខែដូចគ្នាពីឆ្នាំ២០១៦វិញ ការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិកមានទំហំទឹកប្រាក់ប្រមាណ ២១៦៣លានដុល្លារ ខណៈការនាំចេញទៅអាមេរិករយៈពេលពេញមួយឆ្នាំ២០១៦ មានប្រមាណ ២៨១៤លានដុល្លារអាមេរិក។
តាមមន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺត្រូវបានទទួលការអនុគ្រោះពន្ធគយ តែសម្រាប់ការនាំចេញកាបូបធ្វើដំណើរប៉ុណ្ណោះ ដោយឡែកសម្រាប់មុខទំនិញផ្សេងទៀត គឺត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងនៃអង្គការ WTO។
ម្យ៉ាងទៀត កម្ពុជាក៏កំពុងធ្វើពិពិធកម្មទីផ្សារបន្ថែម ទៅកាន់ទីផ្សារនៃបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ដែរថា កាលពីពេលកន្លងទៅ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក៏ធ្លាប់បានស្នើឲ្យភាគីអាមេរិកលើកលែងពន្ធនាំចូលស្បែកជើងពីកម្ពុជាទៅអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធឈ្មោះថា GSP។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ ការស្នើសុំនេះ នៅមិនទាន់សម្រេចបានលទ្ធផលនៅឡើយទេ៕