ករណីរកឃើញឆ្លងមេរោគបំប្លែងថ្មីទាំង ៧៦ករណីថ្មីនេះ គឺកើតមាននៅលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន៣១នាក់ និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែ រាជធានីភ្នំពេញ១នាក់។ អ្នកទាំង៣២នាក់នេះ ត្រូវបានក្រសួងសុខាភិបាលរកឃើញមានផ្ទុះមេរោគបំប្លែងថ្មី ឌែលតា នៅថ្ងៃទី ៤ ខែសីហា។ ដោយឡែក នៅថ្ងៃទី ៦ ខែសីហា ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន៤៤នាក់ទៀត ដោយក្នុងនោះ អ្នកដំណើរមកពីក្រៅប្រទេសមានចំនួន២នាក់, ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤ នាក់ និងពលរដ្ឋមកពីប្រទេសថៃមានចំនួន៩នាក់។ សរុបតួលេខអ្នកឆ្លងមេរោគបំប្លែងថ្មី ឌែលតា ទាំងករណីរកឃើញនៅលើអ្នកដំណើរពីក្រៅប្រទេស បុគ្គលិកសុខាភិបាល និងអ្នកភូមិក្នុងសហគមន៍ មានចំនួន ៣២៧ករណីហើយ។
ថ្មីៗនេះដែរ ក្រសួងសុខាភិបាលក៏បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនដែរថា ថាស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាបានឈានទៅរកការឆ្លងនូវមេរោគកូវីដ-១៩ក្នុងទ្រង់ទ្រាយកាន់តែធំ ជាមួយនឹងវត្តមាននៃមេរោគបំប្លែងថ្មី ឌែលតា ខណៈបច្ចុប្បន្ន បាននិងកំពុងត្រូវបានរកឃើញជាបន្ដបន្ទាប់ទាំងករណីនាំចូល និងការឆ្លងចូលក្នុងសហគមន៍។
ប្រភេទមេរោគបំប្លែងថ្មី ឌែលតា បង្កការព្រួយបារម្មណ៏កាន់តែខ្លាំងជាងមុនទៅទៀតសម្រាប់កម្ពុជា ព្រោះវាមានកម្រិតនៃការឆ្លងលឿនជាងប្រភេទមេរោគកូវីដ-១៩ដើម។ សូមជម្រាបថា ដើម្បីទប់ស្កាត់នៅការឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ សាលារាជធានីភ្នំពេញបានចេញនូវវិធានការបិទខ្ទប់នៅតាមបណ្ដាខេត្តមួយចំនួន រួមទាំងតំបន់ ដែលបានរកឃើញនូវករណីវិជ្ជមាននៅមេរោគនេះ ជាពិសេសតំបន់ដែលនៅជិតព្រំប្រទល់នឹងប្រទេសថៃ ដែលអាចមានករណីឆ្លងលឿនជាងគេ។
ទន្ទឹមនេះ ដែលក្រសូងសុខាភិបាលនៅតែបន្តអំពាវនាវទៅដល់សាធារណជនទាំងអស់ ចូលរួមនូវយុទ្ធនាការចាក់វ៉ាក់សាំង និងបន្តការអនុវត្តនូវវិធានការការពារ ៣កុំ ៣ ការពារ ឲ្យខ្ពស់ជាងនេះទៅទៀត ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងការឆ្លងរីករាលដាលនៃមេរោគ។
តួលេខអ្នកឆ្លងថ្មីនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលកម្ពុជាបានរកឃើញមាន ៥៨៨នាក់ ក្នុងនោះ ករណីនាំចូលមាន១៦៥នាក់ ជាសះស្បើយ ៦២៤នាក់ និងស្លាប់១៩នាក់។ សរុបជារួម គិតត្រឹមថ្ងៃទី ៦ខែសីហា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ជាង៨ម៉ឺននាក់ ជាសះស្បើយមានជាង៧ម៉ឺន៤ពាន់នាក់ និងស្លាប់ជាង១ពាន់៥រយនាក់៕
អត្ថបទ៖ ហួន ស្រីនីត