គម្រោងនេះត្រូវបានពិភាក្សាក្នុងជំនួបរវាងលោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង និងលោក Hassan Hajam តំណាងក្រុមហ៊ុន WAT Chocolate កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការជ្រើសរើសតំបន់ដែលមានសក្តានុពលសម្រាប់ដាំកាកាវ ការជ្រើសរើសកសិករគោលដៅ ការផ្ទេរបច្ចេកទេសដាំដុះ និងកែច្នៃ ព្រមទាំងការកំណត់ទីផ្សារក្នុងស្រុកសម្រាប់ផលិតផលកាកាវ។
ជាលទ្ធផល ក្រុមហ៊ុន WAT Chocolate បានឯកភាពសហការជាមួយនាយកដ្ឋាន ដើម្បីជ្រើសរើសកសិករ និងកំណត់តំបន់សក្តានុពលសម្រាប់អនុវត្តគម្រោងដំបូងនេះ
សម្រាប់ផ្ទៃដី ១០០ហិកតា។ ក្រុមហ៊ុនក៏មានគម្រោងគាំទ្រផ្នែកបច្ចេកទេសដាំដុះ និងផ្គត់ផ្គង់ធាតុចូលកសិកម្មមួយចំនួន រួមមានកូនកាកាវ ជី និងថ្នាំកសិកម្ម ដល់កសិករដែលចូលរួមក្នុងគម្រោងផងដែរ។
កិច្ចសហការនេះត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការធ្វើពិពិធកម្មដំណាំកសិកម្ម បង្កើតឱកាសបង្កើនប្រាក់ចំណូលជូនកសិករ និងជួយអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់កាកាវនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព។
ដំណាំកាកាវ បច្ចុប្បន្ន កំពុងមានការដាំដុះភាគច្រើននៅខេត្តមណ្ឌលគិរី និងរតនគរី ខណៈដែលមានអតិថិជនជាច្រើនបានប្រមូលទិញសម្រាប់កែច្នៃធ្វើគ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡាជាដើម។
ដំណាំកាកាវអាចប្រមូលផលបានពី៤០ឆ្នាំទៅដល់៦០ឆ្នាំ ដោយក្នុងមួយឆ្នាំអាចប្រមូលផលបានពីរដង និង អាចប្រមូលផលបានប្រមាណ ២៥ តោនក្នុងមួយហិកតា។