
ក្រុមហ៊ុននេះបានចាប់ផ្តើមវិនិយោគការផលិតទឹកដោះគោស្រស់កាលពីពីរឆ្នាំមុន ដោយបាននាំចូលគោផលិតទឹកដោះពីសហរដ្ឋអាមេរិកដើម្បីមកបន្សាំនិងដើម្បីផលិតទឹកដោះនៅកម្ពុជា។
លោក Kenny Mattews ប្រធាននាយកប្រតិបត្តិនៃកសិដ្ឋាន MOO MOO Farm ដែលផ្គត់ផ្គង់ទឹកដោះគោស្រស់ម៉ាក Moo Moo Cow បានឲ្យដឹងថា ដោយសារតែលោកមើលឃើញពីឱកាសល្អក្នុងការវិនិយោគ រួមជាមួយនឹងទីផ្សារធំទូលាយ។
ម្យ៉ាងវិញទៀត ការផលិតទឹកដោះគោស្រស់នេះមិនទាន់មានវិនិយោគិនណាសម្រេចវិនិយោគនៅឡើយ ទើបធ្វើឲ្យលោកសម្រេចចិត្តបោះទុនវិនិយោគក្នុងមុខជំនួញនេះ។ យ៉ាងណាក៏ដោយ លោកមិនបានប្រាប់ពីទឹកប្រាក់វិនិយោគ និងបច្ចេកទេសចិញ្ចឹមនោះឡើយ ដោយខ្លាចមានអ្នកក្រោយលួចចម្លងតាម។
លោក Kenny Mattews បន្តថា ក្រុមហ៊ុនរបស់លោកបាននាំចូលគោផលិតទឹកដោះបន្តិចម្តងៗ ជាមួយនឹងការសិក្សាទីផ្សារឲ្យបានកាន់តែច្បាស់លាស់ជៀសវាងបរាជ័យ។ ក្រុមហ៊ុននេះសន្យាចូលរួមចំណែកប្រកួតប្រជែងនិងកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីបរទេស។

ជំហានដំបូង ការផ្គត់ផ្គង់បានជាង២០០លីត្រក្នុងមួយថ្ងៃ
នាយកប្រតិបត្តិកសិដ្ឋានចិញ្ចឹមគោយកទឹកដោះស្រស់រូបនេះ បញ្ជាក់បន្ថែមថា ដោយសារតែក្រុមហ៊ុនរបស់លោកផ្គត់ផ្គង់ទឹកដោះគោស្រស់ដំបូងគេ ដូច្នេះ អ្វីដែលក្រុមហ៊ុនរបស់លោកត្រូវយកចិត្តទុកដាក់នោះ គឺសុខភាពគោ បន្សាំគោឲ្យសម្របនឹងបរិយាកាសនៅកម្ពុជា និងផ្គត់ផ្គង់ទឹកដោះគោស្រស់ប្រកបដោយស្តង់ដារអនាម័យខ្ពស់។
សព្វថ្ងៃ ក្រុមហ៊ុនបានចិញ្ចឹមគោនិងផ្គត់ផ្គង់ទឹកដោះគោស្រស់បានប្រមាណជាង ២០០លីត្រ ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅតាមផ្សារទំនើបធំៗ និងតាមហាងលក់បន្លែសរីរាង្គមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលក្នុងមួយលីត្រតម្លៃ ២,៥ដុល្លារអាមេរិក។
លោក ប៉ែន មីរ៉ាន់ដា ប្រធានសមាគមអ្នកចិញ្ចឹមគោយកទឹកដោះកម្ពុជា និងអ្នកជំនាញវិទ្យាសាស្ត្រសត្វ បានបញ្ជាក់ថា លោកគាំទ្រចំពោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនេះ ដែលជាការចាប់ផ្តើមមួយដ៏ល្អ សម្រាប់ទីផ្សារមួយនេះ។
លោកអះអាងថា ទីផ្សារទឹកដោះគោស្រស់នៅកម្ពុជាស្ទើរតែទាំងស្រុង នាំចូលមកពីក្រៅប្រទេស។ បច្ចុប្បន្ន កម្ពុជាមានអ្នកចិញ្ចឹមគោយកទឹកដោះជាលក្ខណៈគ្រួសារតិចតួចណាស់ ហើយមានតែកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ MOO MOO Farm មួយប៉ុណ្ណោះ។

កម្ពុជាត្រូវការទឹកដោះគោស្រស់ប្រមាណ ៦ម៉ឺនលីត្រក្នុងមួយខែ
លោក មីរ៉ានដា បានប៉ាន់ប្រមាណថា តម្រូវការទីផ្សារទឹកដោះគោស្រស់ជាប្រចាំមានប្រមាណ ៥ម៉ឺនលីត្រ ទៅ ៦ម៉ឺនលីត្រក្នុងមួយខែ។
លោកបានបញ្ជាក់ថា មានក្រុមហ៊ុនធំៗមួយចំនួន បានធ្វើការវិនិយោគក្នុងការផលិតទឹកដោះគោស្រស់ផងដែរ ប៉ុន្តែ បានបរាជ័យទៅវិញ ដោយសារតែកង្វះខាតផ្នែកបច្ចេកទេស ទាំងការចិញ្ចឹម ចំណី ទឹកស្អាត ធនធានមនុស្សគ្មានបទពិសោធន៍គ្រប់គ្រាន់ ខ្វះការស្រាវជ្រាវទីផ្សារ ខ្វះថវិកា និងទំនុកចិត្តដើម្បីវិនិយោគលើវិស័យនេះ។ ពិសេសជាងនេះទៅទៀត តម្លៃផលិតកម្មថ្លៃនិងការប្រកួតប្រជែងជាមួយផលិតផលទឹកដោះគោស្រស់ដែលនាំចូលពីបរទេស។
សូមជម្រាបដែរថា ថ្មីៗនេះ សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមិស បានធ្វើការចុះផ្សាយថា ទីពិឃាតគោអូស្រ្តាលីដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ី ដែលបានបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ កំពុងជួបបញ្ហាប្រឈមទៅនឹងការខ្វះខាតការសហការពេញលេញពីបណ្តាក្រសួងពាក់ព័ន្ធ។
🐂 ទីសត្តឃាតគោអូស្ត្រាលីលំដាប់អន្តរជាតិតែមួយគត់នៅកម្ពុជាប្រឈមនឹងការក្ស័យធន
ទន្ទឹមនឹងនេះដែរ ទីសត្តឃាដគោអូស្ត្រាលីដ៏ធំមួយនេះ ក៏ជួបបញ្ហាការពុំមានការបញ្ជាទិញពីបណ្តាប្រទេសគោលដៅដែលត្រូវនាំចេញទៅ ដោយសារពុំមានការគាំទ្រពីភ្នាក់ងារអនាម័យនិងភូតគាមអនាម័យនៃបណ្តាប្រទេសទាំងនោះ ដែលពេលនេះទាមទារឲ្យក្រសួងពាក់ព័ន្ធត្រូវជួយអន្តរាគមន៍ជាបន្ទាន់។ នេះបើយោងតាមរយៈការវាយតម្លៃក្នុងដំណើរចុះត្រួតពិនិត្យរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នមានតែក្រុមហ៊ុន MOO MOO Farm មួយទេ ដែលអាចឈរជើងប្រតិបត្តិការផលិតទឹកដោះគោស្រស់ដើម្បីផ្គត់ផ្គង់លើទីផ្សារនៅកម្ពុជាបាន។ ហើយក្រុមហ៊ុនអាមេរិកមួយនេះសន្យាថា នឹងធ្វើការប្រកួតប្រជែង និងកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេស ដោយពង្រឹងទៅលើគុណភាពផលិត តម្លៃ និងសោភ័ណភាព៕