គិតចាប់ពីថ្ងៃទី ១៦ ដល់ទី ៣០ ខែមិថុនានេះ សម្រាប់តម្លៃប្រេងសាំងធម្មតា ដែលត្រូវលក់រាយ គឺ ២.៨៥០រៀលក្នុងមួយលីត្រ កើនឡើង ១៥០រៀល ធៀបនឹងសប្តាហ៍កន្លងទៅ រីឯតម្លៃប្រេងម៉ាស៊ូត ក៏មានការកើនឡើង ១០០រៀលដែរ ពោលគឺកើនដល់ ២.៦០០រៀលក្នុងមួយលីត្រ។
ជាក់ស្តែង តម្លៃប្រេងសាំងនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺប្រមាណ ៣.៧៥០រៀល នៅដើមខែមករា មកនៅត្រឹម ២.២៥០រៀល កាលពីដើមខែឧសភា ហើយទើបតែចាប់ផ្តើម ងើបឡើងវិញបន្តិចមកនៅត្រឹម ២.៨៥០រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃនេះ ដល់ដំណាច់ខែមិថុនា។
ងាកទៅចាប់អារម្មណ៍ពីតម្លៃ នៅលើទីផ្សារសកលលោក ឃើញថា កាលពីថ្ងៃទី ១២ ខែមិថុនាកន្លងទៅ តម្លៃប្រេងឆៅបានធ្លាក់ចុះ ៨% ក្នុងមួយបារ៉ែល ដោយសារតែមានក្តីព្រួយបារម្ភជាច្រើន ជុំវិញនឹងការបាត់បង់តម្រូវការប្រើប្រាស់ប្រេង នៅពេលរលកទី២ នៃមេរោគកូវីដ-១៩ អាចកើតមានឡើង ហើយក្តីបារម្ភនេះ បានធ្វើឲ្យទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate ធ្លាក់ចុះ ៨% មកនៅជាង៣៦ដុល្លារក្នុងមួយបារ៉ែល ខណៈទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស ធ្លាក់ចុះ ៧,៦% មកដល់ ៣៨ដុល្លារក្នុងមួយបារ៉ែល។
យ៉ាងណាក៏ដោយ វិនិយោគិនអន្តរជាតិជាច្រើន ហាក់បីជាមានទំនុកចិត្តលើ គោលដៅកាត់បន្ថយផលិតកម្មប្រេងចំនួន ៩,៧លានបារ៉ែលក្នុងមួយថ្ងៃ របស់អង្គការប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសផលិតប្រេងធំៗ ដែលធ្វើឲ្យតម្លៃប្រេងឆៅ កើនឡើងវិញបន្តិចប្រមាណ២% ពោលគឺ គិតមកដល់ថ្ងៃទី ១៦ ខែមិថុនានេះ ឆ្នាំ២០២០ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង ២% មកនៅជាង ៣៧ដុល្លារក្នុងមួយបារ៉ែល ខណៈ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស កើនឡើង ២% មកដល់ ៣៩ដុល្លារ ក្នុងមួយបារ៉ែល។
សូមជម្រាបដែរថា តម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិ ពុំទាន់មានសភាពនឹងនរ នៅឡើយនោះ ដោយសារតែ ក្តីព្រួយបារម្ភនៃរលកទី២ នៃមេរោគកូវីដ-១៩ ដែលអាចជះឥទ្ធិពលអាក្រក់ជាថ្មីម្តងទៀត ដល់សេដ្ឋកិច្ចរបស់បណ្តាប្រទេសជាច្រើន ហើយគិតមកដល់ថ្ងៃទី ១៦ ខែមិថុនានេះ ករណីឆ្លងមេរោគកូវីដ-១៩ ទូទាំងសកលលោក បានកើនឡើងដល់ជាង ៨លាននាក់ ក្នុងនោះ ករណីជាសះស្បើយមានជាង ៤លាននាក់ និងមានករណីស្លាប់ជាង ៤សែនករណី៕