វិបត្តិកូវីដ-១៩ ក៏អាចជាឱកាសមួយដែរសម្រាប់កម្ពុជា ក្នុងការបង្កើនលទ្ធភាពរបស់ខ្លួន នៃការនាំចេញផលិតផលកាត់ដេរ ទៅកាន់ទីផ្សារ ព្រោះតែបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ដែលជាអ្នកផ្គត់ផ្គង់ផលិតផលកាត់ដេរ បានជួបបញ្ហាមួយចំនួន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មកាត់ដេរ។ ទាក់ទិននឹងស្ថានភាពក្នុងវិស័យកាត់ដេរ នៅកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ ឯណេះវិញ ត្រូវបានលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ បានបញ្ជាក់ប្រាប់ថា វិស័យនេះ នៅតែមានភាពធន់នៅឡើយ ពិសេសការបញ្ជាទិញពីទីផ្សារ ដែលធ្វើឱ្យដំណើរការនៃការផលិតនៅតែមានសកម្មភាពជាបន្តបន្ទាប់។
វិស័យកាត់ដេរ ត្រូវបានគេចាត់ទុកថា ជាវិស័យចម្បងមួយរបស់កម្ពុជា និងកំពុងក្លាយជាវិស័យមួយ ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ ដែលបានរងគ្រោះធ្ងន់ធ្ងរ ដោយសារតែវិបត្តិកូវីដ-១៩ នារយៈពេលជិត ២ឆ្នាំកន្លង មកនេះ។ បើតាមលោក កាំង ម៉ូនីកា ធ្លាប់បានលើកឡើងថា ប្រទេសអាមេរិក ជាទីផ្សារធំ ក្នុងចំណោមបណ្ដាប្រទេសដទៃ ដែលបានបញ្ជាទិញសម្លៀកបំពាក់ របស់កម្ពុជា នារយៈពេលចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានបង្ហាញថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលជិត ១ពាន់៧រយលានដុល្លារ ដែលមានការធ្លាក់ចុះ ៦,៨% ពីការប្រមូលពន្ធគយ។ ដោយឡែក ចំណូលពីវិស័យកាត់ដេរ ហាក់មានការកើនឡើងទៅវិញ ក្នុងនោះកម្ពុជា ទទួលបានចំណូលពីការនាំចេញផលិផលកាត់ដេរ មានចំនួន ជាង ៨ពាន់លានដុល្លារ ដែលមានការកើនឡើង ចំនួន១១% បើទោះស្ថិតក្នុងវិបត្តិកូវីដ-១៩៕