ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានដាក់ឲ្យដំណើរនៅព្រឹកថ្ងៃទី២១ មិថុនា ឆ្នាំ២០២១ បន្ទាប់ពីចំណាយពេលជិត១៤ឆ្នាំលើការសិក្សាវាយតម្លៃ និងរុករក។ អាជីវកម្ម ដែលដំណើរការដោយក្រុមហ៊ុនអូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា)លីមីតធីត ត្រូវបានគេរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ៣តោន និងផ្តល់ចំណូលដុលប្រមាណ១៨៥លានដុល្លារក្នុង១ឆ្នាំ។
ក្រសួងរ៉ែ និងថាមពលរំពឹងថា តាមរយៈចំណូលដុល១៨៥លានដុល្លារ ដែលបានពីអាជីវកម្មរ៉ែមាសនេះ រដ្ឋាភិបាលកម្ពុជានឹងអាចទទួលបានចំណូលដែលបានពីសួយសារ និងសារពើពន្ធប្រមាណ៤០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ចាក់ចូលក្នុងថវិកាជាតិ។
ពាក់ព័ន្ធទៅនឹងវត្តមានអាជីវកម្មចម្រាញ់រ៉ែមាសនេះដែរ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ជាទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានអះអាងថា សម្រាប់ទស្សនៈរបស់ឯកឧត្តមជាអ្នកសេដ្ឋកិច្ច គឺមិនរំពឹងខ្ពស់លើចំណូល ដែលបានពីការចម្រាញ់រ៉ែមាសក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនោះទេ។ ព្រោះឯកឧត្តមយល់ថា រ៉ែជាធនធានធម្មជាតិ ដែលប្រើប្រាស់អស់ហើយ មិនកកើតឡើងវិញនោះទេ។ ក្នុងន័យនេះ ឯកឧត្តម ចង់បញ្ជាក់ថា ចំណូលដែលបានពីការធនធានធម្មជាតិ វាចូលរួមចំណែកក្នុងការជួយទ្រទ្រង់ក្នុងរយៈពេលណាមួយប៉ុណ្ណោះ។
ស្រដៀងគ្នានឹងឯកឧត្តមបណ្ឌិតម៉ី កល្យាណដែរ លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យយល់ឃើញថា ចំណូលជាតិដែលបានពីអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរីចំនួន៤០លានដុល្លារក្នុង១ឆ្នាំជាចំនួនតិចប៉ុណ្ណោះ បើធៀបនឹងចំណូលដែលកម្ពុជាទទួលបានការប្រមូលពន្ធដារ និងពន្ធគយ។ ហើយចំណូលដែលបានពីធនធានធម្មជាតិនេះទៀតសោត ក៏ទំនងជាអាចចាក់ចូលក្នុងចំណូលជាតិក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដ្បិតធនធានរ៉ែមាសជាធនធានប្រើអស់មិនកើតឡើងវិញ។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល នៅក្នុងការដំណើរការអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល របស់អូស្ត្រាលីបានចំណាយដើមទុនប្រមាណ ១២០លានដុល្លារអាមេរិកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។ ការដ្ឋាននេះបានស្រូបទាញកម្លាំងពលកម្មប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរ៤២៧នាក់ និងបរទេស៣៥នាក់៕