រ៉ែមាស

កម្ពុជាដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស ដែលអាចផលិតមាសសុទ្ធ៣តោនក្នុង១ឆ្នាំ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ រោងចក្រនេះអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំៗ ដែលរំពឹងថា នឹងអាចផ្តល់ចំណូលដុលជាមធ្យម១៨៥លានដុល្លារក្នុង១ឆ្នាំ។
កម្ពុជាដាក់ឲ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាស ដែលអាចផលិតមាសសុទ្ធ៣តោនក្នុង១ឆ្នាំ (រូបភាព៖ ក្រសួងរ៉ែ និងថាមពល)
ដោយ

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ក្រុមហ៊ុនរុករករ៉ែរបស់អូស្ត្រាលី Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនដំបូងគេ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មលំដាប់អន្តរជាតិនៅកម្ពុជា។ បន្ទាប់ពីក្រុមហ៊ុននេះអាចផលិតចេញដុំមាសពាក់កណ្តាលសម្រេច ដែលមាន​អត្រាមាស៩០% ក្រោយរុករក​អស់រយៈពេល​ប្រមាណ១៤ឆ្នាំ។

បើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនអូស្ត្រាលីនេះ មានសមត្ថភាពអាចផលិតមាសសុទ្ធបានរហូតដល់​៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ប្រាក់ចំណូល​ដុល (ចំណូលមិនទាន់ទូទាត់ការចំណាយ) ជាមធ្យមប្រមាណ​១៨៥លានដុល្លារក្នុង១ឆ្នាំ។ ក្រុមហ៊ុននេះក៏រំពឹងដែរថា​ ខ្លួននឹងអាចពង្រីកសមត្ថភាព​អាជីវកម្ម​របស់ខ្លួន​កាន់តែធំ​បន្ថែមទៀត​នៅថ្ងៃអនាគត។ 

សម្តេចបានបន្ថែមថា៖«ជាការពិត មុនឈានដល់ទទួល​បាន​សមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន​បានពុះពារក្នុង​ការ​សិក្សាស្រាវជ្រាវ​ជម្រក​រ៉ែមាស ដើម្បីអាចឈាន​ទៅដល់​ការធ្វើអាជីវកម្ម ព្រោះត្រូវចំណាយ​ពេលវេលា និងថវិកាច្រើន ហើយលំបាកក្នុងការវាយតម្លៃ​ជាលក្ខខណ្ឌ​សេដ្ឋកិច្ច និងបច្ចេក​ទេសអាជីវកម្ម​ធនធានរ៉ែ​ឲ្យបានត្រឹមត្រូវ​តាមនិយាមអន្តរជាតិ»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឮកថា ការប្រកាស​ដាក់ឲ្យដំណើរការ​ការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាស​លក្ខណៈឧស្សាហកម្ម​នេះ មិនមែន​សម្តេចចង់លើកទឹកចិត្តឲ្យពលរដ្ឋងាក​មករកស៊ីលើវិស័យនេះ​នោះទេ។ សម្រាប់ សម្តេច ការរុករករ៉ែមាស ជាអាជីវកម្ម​ប្រកបដោយហានិភ័យខ្ពស់ ដែលទាមទារ​ឲ្យអ្នករកស៊ីលើវិស័យនេះ​ត្រូវមានចំណេះជំនាញច្បាស់លាស់។

សម្តេចក្រើនរំលឹកដល់ពលរដ្ឋ​ដូច្នេះថា៖ «ខ្ញុំសូមក្រើនរំលឹកផងដែរថា អាជីវកម្មរ៉ែមាសជាអាជីវកម្ម ដែលត្រូវការ​ការវិនិយោគ​ប្រកប​ដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យា​ពិតប្រាកដ មិនមែនគ្រប់គ្នា​ចេះតែអាចអភិវឌ្ឍ​បាននោះទេ។ ការប្រកាសដាក់ឲ្យដំណើរការឧស្សាហកម្មរ៉ែមាសនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជន​ទាំងឡាយចាប់យកអាជីវកម្មរ៉ែមា​សនេះឡើយ ព្រោះវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ»។ 

បន្ថែមលើនេះ ការប្រតិបត្តិការរុករករ៉ែមាសនេះ ក៏ត្រូវការចំណាយ​ពេលវេលា និងដើមទុនច្រើនផងដែរ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើពលរដ្ឋទាំងអស់បោះបង់បំណង ដែលចង់ចង់ប្រកបរបរលើអាជីវរ៉ែមាសនេះ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលី ជួយគាំទ្រប្រជាជនកម្ពុជានៅតំបន់ដាច់ស្រយាលឱ្យមានអគ្គិសនីប្រើប្រាស់

ព័ត៌មាន
ជំនួយរបស់អូស្ត្រាលីក្នុងការផ្គត់ផ្គង់អគ្គិសនីនេះ ជាផ្នែកមួយនៃការចូលរួមរបស់អូស្ត្រាលីនៅក្នុងអនុតំបន់មេគង្គ ហើយស្ថានទូតអូស្ត្រាលីបានចូលរួមជា…

មេដឹកនាំអឺរ៉ុបជំរុញឲ្យមានការស៊ើបអង្កេតឲ្យបានទូលំទូលាយជាក់លាក់អំពីប្រភពដើមនៃជំងឺកូវីដ-១៩

ព័ត៌មាន
មេដឹកនាំអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឲ្យមានការស៊ើបអង្កេតទូលំទូលាយជាក់លាក់អំពីប្រភពដើមនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះរាតត្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ