Advertisement
វីរកណ្ដុរហិតមីន

កណ្ដុរហិតមីននៅកម្ពុជា នឹងក្លាយជាតួអង្គនៃភាពយន្តឯកសាររបស់និស្សិតមកពីអង់គ្លេស


គេនៅចាំបានថា កាលជាងមួយឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ស្វាគមន៍«វីរកណ្ដុរ»ហិតមីនជាច្រើនក្បាល មកពីប្រទេស​តង់ហ្សានី ដែលនាំយកមក​បម្រើ​ដល់​ការងារបោសសម្អាត​មីន នៅខេត្ត​សៀមរាប ភាគពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។
កណ្ដុរ​ហិត​មីន​មក​ពី​ប្រទេស​តង់ហ្សានី
ដោយ
Advertisement

សារព័ត៌មាន​ជុំវិញ​ពិភពលោក បាន​ចុះផ្សាយ​អំពី​កណ្ដុរហិតមីនទាំងនេះ។ ហើយ​ឥឡូវ​នេះ និស្សិត​បញ្ចប់​ថ្នាក់អនុបណ្ឌិត​មួយ​រូប​មកពី​ចក្រភព​អង់គ្លេស បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​សៀមរាប ដើម្បី​ផលិត​ភាពយន្តឯកសារ​ខ្លី អំពី «វីរកណ្ដុរ»ហិតមីនទាំងនេះ។ 

កញ្ញា បិតស៍ ស្តេលី (Beth Staley) អាយុ ២៣ឆ្នាំ នឹង​ផលិត​ភាពយន្តឯកសារ​ដែលមានចំណងជើងថា «វីរកណ្ដុរនៃកម្ពុជា» (The HeroRats of Cambodia) ជាផ្នែក​នៃ​ការធ្វើ​សារណា​បញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិតរបស់នាង លើ​មុខ​វិជ្ជាផលិតភាពយន្តឯកសារសត្វ នៅសាកលវិទ្យាល័យ​ The University of the West of of England។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​គេហ​ទំព័រ​មួយ នៅ​ប្រទេស​អង់គ្លេស។


បុរសម្នាក់នៅជាយក្រុងភ្នំពេញ បង្កើត​កសិដ្ឋានចិញ្ចឹមកណ្ដុរ

Advertisement

នាង បិតស៍ ស្តេលី ដែលមានឪពុកជាអ្នកថតរូប និងម្ដាយ​ជា​អ្នកសារព័ត៌មាន បាន​ធ្វើ​ដំណើរមក​ដល់​ខេត្ត​សៀមរាបហើយ កាលពីសប្ដាហ៍មុន ជាមួយ​នឹង​សម្ភារៈ​កាមេរ៉ារបស់នាង ហើយ​នាង​នឹង​ចំណាយពេល ៣សប្ដាហ៍ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផលិត​ភាពយន្តឯកសារ​សត្វ ១០នាទីនេះ។ 

ខេមបូណូមីស ធ្លាប់ផ្សាយអត្ថបទ​អំពី​កណ្ដុរហិតមីននេះ នាពេលកន្លង​មក។ តាមសាវតារ កណ្តុរ​ហិត​មីន​ត្រូវ​បាន​គេ​បញ្ជូន​មក​កម្ពុជា​ដំបូងនៅឆ្នាំ​២០១៥ ដោយ​អង្គការ អាប៉ូប៉ូ ពី​ប្រទេស​តង់ហ្សានី។ អ្នក​ជំនាញ​បាន​និយាយ​ថា កណ្តុរ​ចំណាយ​ពេល​លឿន​ជាង​មនុស្ស​ក្នុង​ការ​ស្វែងរក​គ្រាប់​មីន។

យោងតាម​មន្ត្រី​ទំនាក់​ទំនង​ព័ត៌មាន​របស់​អង្គការ អាប៉ូប៉ូ (APOPO) សព្វថ្ងៃ កណ្ដុរហិតមីនរបស់អង្គការ APOPO មាន​សរុប​ទាំង​អស់ មានចំនួន ២៩​​ក្បាល ​នៅ​ខេត្ត​​សៀមរាប។ 

នៅក្នុង​ភាពយន្តឯកសារ​ នាង បិតស៍ ស្តេលី នឹងផ្ដោត​ទៅ​លើ​ការងារ​របស់អង្គការសប្បុរសធម៌ APOPO ដែល​បាន​ហ្វឹកហាត់​កណ្ដុរ​អាហ្រ្វិកទាំងនេះ សម្រាប់​បម្រើ​ការងារ​រុករក​សារធាតុ​ TNT ដោយ​ប្រើ​ច្រមុះ​របស់​វា។ 

កណ្ដុរហិតមីននៅខេត្តសៀមរាប ដែល​យកមកពីប្រទេសតង់ហ្សានី។

នាង​ ស្តេលី និយាយថា​ «យើងនឹង​ចេញ​ទៅ​កាន់​ចម្ការមីន ជាមួយសត្វ​កណ្ដុរ និង​មើល​សកម្មភាពជាក់ស្ដែងរបស់​ពួកវា ក្នុង​ការ​បោសសម្អាតមីនចេញ​ពី​ក្នុង​ដី។ វា​រាង​គួរ​ឲ្យ​ខ្លាច​បន្តិច​ហើយ ពីព្រោះ​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​អ្វី​ដូចនេះ​ពីមុន​មក​ទេ»។ 

កណ្តុរ​ហិត​គ្រាប់​មីន​ បាន​ជួយ​​បង្កើន​​ល្បឿន​នៃ​ការ​រាវរក​មីន​ក្នុង​ដី បង្កើន​ល្បឿន​ការ​បោស​សម្អាត​ផ្ទៃ​ដី​​។ នេះ​គឺដោយសារ​តែ​ពួកគេ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​ចេះ​ហិត​តែ​ក្លិន​គ្រឿង​ផ្ទុះ ដែល​មាន​ន័យ​ថា ពួកគេ​មិន​រវល់​នឹង​ក្លិន​ដែក​ដែល​នាំ​ឲ្យ​ខាត​ពេល​ក្នុង​ការ​រាវ​រក​មីន​ឡើយ។ ជាពិសេសជាងនេះ គឺកណ្ដុរទាំងនេះមានទម្ងន់ស្រាល ដែលមានន័យថា ពួកវាអាចដើរលើទីធ្លាដែលមានបង្កប់​គ្រាប់មីន​ដោយ​ធ្វើ​ឲ្យ​វា​ផ្ទុះនាំ​ឲ្យ​គ្រោះថ្នាក់ឡើយ។ ពួកវា​អាច​ធ្វើ​ការលឿន​ជាងមនុស្ស ដល់ទៅ ៩០ដង។ 

កន្លងមក វីរកណ្ដុរហិតមីនទាំងនេះ បាន​រកឃើញ​និង​កម្ទេច​គ្រាប់មីន​និងគ្រាប់​មិន​ទាន់​ផ្ទុះ បាន ៤៥.០០០គ្រាប់ និង​បាន​ប្រគល់​ដីធ្លី​ទំហំ ១៥លាន​ម៉ែត្រ​ការ៉េ​ជូន​ទៅ​សហគមន៍​វិញ​បន្ទាប់ពី​បោស​សម្អាត​មីនរួច។

នាង ស្តេលី បាននិយាយថា នាង​ធ្វើ​ភាពយន្ត​ឯកសារ​នេះ ព្រោះ​ចង់​បង្ហាញថា មនុស្ស​និង​សត្វ​អាច​សហការគ្នា​ដើម្បី​ធ្វើកិច្ចការ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាន។ នាងថា នៅ​កម្ពុជា សត្វ​កណ្ដុរទាំងនេះ​កំពុងជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់ពាន់​នាក់៕

Advertisement



អត្ថបទបន្ទាប់


រោងចក្រស្បែកជើងអាមេរិក​ម៉ាក Brook នឹងរើពីចិន ទៅវៀតណាម នៅចុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនស្បែកជើងអាមេរិក ដែលមានមូលដ្ឋានរោងចក្រផលិតនៅប្រទេសចិន បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងរើរោងចក្រពីប្រទេសចិន ទៅកាន់ប្រទេសវៀ...

របាយការណ៍៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងដើរឆ្ពោះទៅរកស្ថានភាពប៉ោងកាន់តែខ្លាំង និង​ងាយ​ផ្ទុះបែក

ព័ត៌មាន
ធនាគារពិភពលោក នាពេលថ្មីៗនេះ បានបង្ហាញពីរបាយការណ៍របស់ខ្លួនអំពីសេដ្ឋកិច្ចកម្ពុជា ដោយក្នុងនោះ បានកត់សម្គាល់ឃើញថា វិស័យសំណង់ និងអចលនទ្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ