កណ្ដុរដោះមីននៅកម្ពុជា​ទទួលមេដាយមាស

កណ្ដុរ​អាហ្វ្រិក​ដែល​ជួយ​ដោះមីន​នៅកម្ពុជា​ទទួល​មេដាយ​មាសពីចក្រភពអង់គ្លេស


សត្វកណ្តុរ​យក្ស​អាហ្រ្វិក​មួយ​ ឈ្មោះ ម៉ាហ្កាវ៉ា (Magawa) បាន​ទទួល​រង្វាន់​មេដាយ​មាស​ដ៏​មាន​កិត្យានុភាព​មួយ សម្រាប់​ការងារ​របស់​វា​ក្នុង​ការ​ហិត​រក​គ្រាប់មីន។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC របស់អង់គ្លេស ។
កណ្ដុរ​អាហ្វ្រិក​ ឈ្មោះ Magawa ដែល​ជួយ​ដោះមីន​នៅកម្ពុជា​ទទួល​មេដាយ​មាសពីចក្រភពអង់គ្លេស។ រូបថត PDSA
ដោយ

ក្នុង​អាជីព​ការងារ​ដោះមីន កណ្ដុរ ម៉ាហ្កាវ៉ា បាន​ហិត​រក​ឃើញ​គ្រាប់មីនចំនួន ៣៩ គ្រាប់ និង​គ្រាប់មិនទាន់ផ្ទុះចំនួន ២៨ គ្រាប់ ។ 

អង្គការសប្បុរសធម៌បសុព្យាបាលរបស់ចក្រភពអង់គ្លេស ឈ្មោះ PDSA បាន​ផ្ដល់​មេដាយមាស​ដល់​កណ្ដុរ ម៉ាហ្កាវ៉ា ជា​ការតបស្នង​ចំពោះ​“ការលះបង់ជីវិត​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុង​ការរុករក ​និង​​ការបោសសំអាតគ្រាប់មីន​ដែល​អាច​បង្ក​គ្រោះថ្នាក់ដល់ជីវិត នៅ​ក្នុង​ប្រទេស​កម្ពុជា” ។

នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កាលពីច្រើន​ទសវត្សរ៍មុន ត្រូវបាន​ញាំញី​ដោយសង្គ្រាម​និងជម្លោះ​រ៉ាំរ៉ៃ គេ​ប៉ាន់ស្មាន​ថា មាន​គ្រាប់​មីន​ដល់​ទៅ ៦​លាន​គ្រាប់ ។

ក្នុងចំណោម​សត្វ​ចំនួន ៣០ ដែល​ត្រូវ​ទទួល​មេដាយមាស​របស់ PDSA កណ្ដុរ ម៉ាហ្កាវ៉ា គឺជា​អ្នកទទួលរង្វាន់​ដែល​ឈរលេខរៀង​ទីមួយ នៅ​លើ​គេ​បង្អស់ ។ 

កណ្ដុរ ម៉ាហ្កាវ៉ា មាន​អាយុ ៧ឆ្នាំ និង​ត្រូវបាន​បង្វឹក​ដោយ​អង្គការ​សប្បុរសធម៌​ដែល​បាន​ចុះ​បញ្ជី​នៅ​ប្រទេស​ប៊ែលហ្សិក ឈ្មោះ Apopo និង​មាន​មូលដ្ឋាននៅប្រទេស​តង់ហ្សានី ។ អង្គការ​នេះ​បាន​ចិញ្ចឹម​សត្វ​កណ្ដុរ ដែលគេ​ឲ្យ​ឈ្មោះថា HeroRAT (វីរកណ្ដុរ) ដើម្បី​ហិត​រក​គ្រាប់​មីន​និង​ជំងឺ​របេង​ ចាប់តាំង​ពីទសវត្សរ៍​ឆ្នាំ​១៩៩០​មកម្ល៉េះ ។ បន្ទាប់ពី​ទទួល​ការបង្វឹក​បានមួយឆ្នាំ សត្វ​កណ្ដុរ​ទាំងនេះនឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាពហិតរក​គ្រាប់មីន ។ 

លោក Christophe Cox នាយក​អង្គការ Apopo បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ថា "ការ​ទទួលបាន​មេដាយ​នេះ ពិត​ជាកិត្តិយស​សម្រាប់​ពួកយើង។ ហើយ​វា​ក៏​ជា​កិត្តិយស​ធំធេង​ផង​ដែរ សម្រាប់​​ប្រជាជន​នៅ​កម្ពុជា និង​ប្រជាជន​ទាំងអស់​នៅជុំវិញ​ពិភពលោក ដែល​កំពុង​រងគ្រោះ​ដោយសារ​គ្រាប់មីន។"

យោងតាមអង្គការ Apopo កណ្ដុរ ម៉ាហ្កាវ៉ា បានកើត​និងធំធាត់​នៅ​ក្នុង​ប្រទេស​តង់ហ្សានី។ វាមានទម្ងន់ ១,២គីឡូក្រាម និងមានប្រវែងខ្លួន ៧០សង់ទីម៉ែត្រ ។ ទោះបីវាធំជាង​កណ្ដុរ​ពូជធម្មតាក្ដី ម៉ាហ្កាវ៉ា នៅតែមានទំហំ​ខ្លួន​តូច​និងទម្ងន់ស្រាលល្មម ដែលអាច​ឲ្យ​វា​ដើរលើ​គ្រាប់មីនបាន ដោយ​មិន​ធ្វើ​ឲ្យ​គ្រាប់​មីននោះ​ផ្ទុះឡើយ ។

កណ្ដុរ ម៉ាហ្កាវ៉ា មានសមត្ថភាប​ស្វែងរក​គ្រាប់​មីន​នៅ​លើ​ផ្ទៃ​ដី​ប៉ុន​ទីលាន​តារាង​វាយកូនបាល់ ដោយ​ប្រើ​ពេល​តែ ២០នាទីប៉ុណ្ណោះ ដែល​អង្គការ Apopo និយាយថា បើ​មនុស្ស​វិញ ត្រូវ​ចំណាយ​ពេលធ្វើការងារនេះ ជាមួយនឹង​ឧបករណ៍រាវរក​គ្រាប់មីន ពី ១ថ្ងៃ ទៅ ៤ថ្ងៃ​ឯណោះ ៕




អត្ថបទបន្ទាប់


សហគ្រិនស្រី្តកម្ពុជា៥០នាក់ បានទទួលវិញ្ញាបនប័ត្របញ្ចប់វគ្គបណ្តុះបណ្តាលពិសេស ដែលគាំទ្រដោយ USAID

ព័ត៌មាន
ស្រ្តីកម្ពុជាចំនួន ៥០នាក់បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជាសហគ្រិន និងជាគ្រូបង្គោលសម្រាប់បណ្តុះបណ្តាលលើផ្នែកអាជីវកម្ម ពីវគ្គបណ្តុះបណ្តាលព…

កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ផ្ដល់ជំនួយហិរញ្ញប្បទាន​បន្ថែម​ជូន​ដល់​សហគ្រាស​ក្នុង​វិស័យ​កសិកម្ម​តាមររយៈ​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើកទី២

ព័ត៌មាន
សហគ្រិនខ្មែរ (ស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ហៅកាត់ថា CAVAC (កម្មវិធីរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ