Advertisement
វិស័យសំណង់ និងការផ្ទុះវិបត្តិ

របាយការណ៍៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងដើរឆ្ពោះទៅរកស្ថានភាពប៉ោងកាន់តែខ្លាំង និង​ងាយ​ផ្ទុះបែក


ធនាគារពិភពលោក នាពេលថ្មីៗនេះ បានបង្ហាញពីរបាយការណ៍របស់ខ្លួនអំពីសេដ្ឋកិច្ចកម្ពុជា ដោយក្នុងនោះ បានកត់សម្គាល់ឃើញថា វិស័យសំណង់ និងអចលនទ្រព្យដែលជាខឿនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជានោះ បាននិងកំពុងដើរមកដល់ចំណុចមួយដែលប៉ោងកាន់តែខ្លាំង និងងាយក្នុងការផ្ទុះបែកណាស់។ ងាយផ្ទុះបែក ព្រោះវិស័យនេះ បានបន្ដកំណើនរបស់ខ្លួនជាច្រើនឆ្នាំមកហើយ ដែលបច្ចុប្បន្នបានមកដល់ចំណុចកំពូលមួយជាមួយហានិភ័យខ្ពស់។
របាយការណ៍៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងដើរឆ្ពោះទៅរកស្ថានភាពប៉ោងកាន់តែខ្លាំង
ដោយ
Advertisement

ក្នុងរបាយការណ៍​របស់​ធនាគារ​ពិភពលោក បាន​បញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ​ កាន់តែងាយ​ក្នុងការ​ធ្លាក់ក្នុង​វដ្ដ​ស្ថានភាព​ឆាប់ប៉ោងហើយ ឆាប់ផ្ទុះបែកវិញ ខណៈដែល​កំណើន​នៃការ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ស្រុក​នៅក្នុង​វិស័យនេះ ក៏នឹង​រឹត​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត ដល់វិស័យ​ហិរញ្ញវត្ថុ។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់​នៃធនាគារ​ពិភពលោក​ប្រចាំប្រទេស​កម្ពុជា​បាន​លើកឡើងថា វិស័យសំណង់​របស់កម្ពុជា​បាន​ងើបឡើងវិញ​បន្ទាប់ពីវិបត្តិ​តាំងពីឆ្នាំ​២០០៩-២០១០ មក និងបន្តកំណើន​កំណើន​មកជាប់ជានិច្ច​ក្នុងរយៈពេល​ប្រមាណ​១០ ឆ្នាំមកនេះ ខណៈដែលវិស័យនេះ តែងតែ​មានខួប​របស់វា​ដែលកើនប៉ោងខ្លាំង និងត្រូវ​ផ្ទុះបែប​ធ្លាក់ចុះ​មកវិញ។ 

លោក លី សូដេត កត់សម្គាល់ឃើញ​ទៀតថា អ្វីដែល​គួរឲ្យ​ព្រួយ​បារម្ភនោះ គឺ​កំណើន​នៃលំហូរវិនិយោគ​ផ្ទាល់​ពីក្រៅ​ប្រទេស​(FDI) ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ នៅតែ​បន្ដ​កើនឡើង​ខ្លាំង ខណៈដែល​ការផ្ដល់​ឥណទាន​ពីវិស័យ​ធនាគារ​សម្រាប់​វិស័យ​សំណង់​ ក៏បន្ដ​កើនឡើង​ដូចគ្នាដែរ ដែលនេះ​វា​បង្ហាញឲ្យឃើញ​ពីហានិភ័យ​កាន់តែខ្លាំង ក្នុងវិស័យនេះ។

លោក លី សូដេត បាននិយាយយ៉ាង​ដូច្នេះថា «វិស័យសំណង់នេះ ថ្មីៗនេះ វានៅតែកើនឡើង​ខ្លាំងតទៅទៀត ដោយសារ​យើងមាន​ប្រភពទុន​មកពីខាងក្រៅ យើងហៅថា FDI នោះ គឺជួយឲ្យ​វិស័យ​សំណង់​យើង​កាន់តែកើន​ឡើង​ថែមទៀត។ ប៉ុន្ដែ យើង​មិនអាច​ពឹងផ្អែក​លើ FDI បានរហូតទេ យើងមិន​ដឹងថា FDI នេះ នឹងនៅជាប់​រហូត ឬយ៉ាងម៉េច​ទៀតទេ អាចថា នៅឆ្នាំនេះ ឬឆ្នាំក្រោយ​អាចធ្លាក់ចុះ អញ្ចឹងតើ​វិស័យសំណង់​យើង អាចនៅ​ដដែល ឬក៏អត់? អញ្ចឹង​សំខាន់ណាស់ ត្រូវមាន​វិធានការណ៍ កុំឲ្យធនាគារ​ហ្នឹង​ឲ្យខ្ចីច្រើនពេក ទៅលើវិស័យ​សំណង់»។

របាយការណ៍​ពីធនាគារជាតិ បាន​បង្ហាញថា កាលពីឆ្នាំ​២០១៨ កំណើន​ឥណទាន​របស់​វិស័យធនាគារ និងហិរញ្ញវត្ថុ មាន​ប្រមាណ ២០ ភាគរយ។

ធនាគារពិភពលោក​បាន​បញ្ជាក់ដែរថា ការផ្ដល់​កម្ចី​របស់វិស័យធនាគារ​ដល់​វិស័យសំណង់​ និងអចលនទ្រព្យ និងសម្រាប់​ការទិញ​ផ្ទះបង់រម្លស់ នៅតែបន្ដ​ជំរុញ​ធ្វើឲ្យ​ឥណទាន​ក្នុងស្រុក​កាន់តែ​រីកទំហំ ដោយរួមចំណែក​បាន​មួយភាគបី នៃកំណើន​ឥណទាន។

បើពិនិត្យទៅមើល​ក្នុងរបាយការណ៍​ដដែល បង្ហាញទៀតថា ការវិនិយោគ​ពីក្រៅប្រទេស​ នៅឆ្នាំ ២០១៨ មានប្រមាណជាង ១៣ ភាគរយ​នៃទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)។  តម្លៃទុន​លើគម្រោង​វិនិយោគ​ដែលបាន​អនុម័ត បានកើនឡើង​ដល់ ៥,៨ ពាន់​លាន​ដុល្លារអាមេរិក  ដែមាន​២ភាគបី គឺជា​ការវិនិយោគផ្ទាល់​ពីក្រៅប្រទេស។ លំហូរវិនិយោគ​ពីក្រៅប្រទេស​បាន​កើនឡើង​ជិត ២៥% ដែលជាកំណត់​ត្រា​កំណើនខ្ពស់​ដែលមាន​ជាង ៣ពាន់លាន​ដុល្លារអាមេរិក។ 

Advertisement

បន្ថែមពីនេះ មានជាងពាក់កណ្ដាល​នៃការហូរចូលទុន​ពីក្រៅ មានប្រភពមកពីប្រទេសចិន ហើយ​បាន​តម្រង់​ទិញវិនិយោគ​លើវិស័យសំណង់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ​ពាណិជ្ជកម្ម និងលំនៅដ្ឋាន រួមទាំងវិស័យ​ទេសចរណ៍ និងមួយផ្នែក​តូចទៀត គឺវិនិយោគ​លើវិស័យ​ផលិតកម្ម និងកសិកម្ម។

ខេត្តព្រះសីហនុ ត្រូវបាន​មើលឃើញថា នៅតែបន្ដជា​ចំណុចក្ដៅមួយ នៃកំណើន​គម្រោងសាងសង់​តាមរយៈ​ការវិនិយោគ​ហិរញ្ញវត្ថុផ្ទាល់​មួយភាគធំ​លើសលុប ពីប្រទេសចិន។

គួរដឹងដែរថា ប្រទេសចិន នៅឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ មានគោនយោបាយ​បន្ថយកំណើន​សេដ្ឋកិច្ច​ឲ្យមានមកនៅ​ត្រឹម ៦,២ ភាគរយ ខណៈឆ្នាំ២០១៨ មាន ៦,៦ ភាគរយ។ 

Advertisement

សេដ្ឋវិទូ​ជាន់ខ្ពស់​ធនាគារពិភពលោក លោក លី សូដេត យល់ឃើញថា កាលណា​សេដ្ឋកិច្ច ចិនធ្លាក់ចុះ ពិតណាស់ វាអាច​នឹង​ប៉ះពាល់​ដល់​វិស័យសំណង់​និងអចលនទ្រព្យ​កម្ពុជាដែរ ព្រោះ​កម្ពុជា ពឹង​ផ្នែក​លើ​ការវិនិយោគ​ច្រើនពី​ប្រទេសចិន។ ដូច្នេះ នៅពេលដែល​សេដ្ឋកិច្ច​ចិន ជួបបញ្ហា នោះការ​នាំលំហូរ​វិនិយោគ​មកកាន់​កម្ពុជា​នឹងមានកាន់តែ​តិច ដែលនេះ​វាអាចនឹង​ប៉ះពាល់​ដល់​វិស័យ​សំណង់​របស់​កម្ពុជា។

ទោះយ៉ាងណា តាម​របាយការណ៍​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា នៅឆ្នាំ២០១៨ តម្លៃ​ទុនវិនិយោគ​លើវិស័យ​សំណង់​មាន​ការថយចុះ​ប្រមាណ​ជាង ១៨ភាគរយ ពោលគឺ​មាន​តម្លៃ​ទុន​វិនិយោគ​ត្រឹមជាង ៥ពាន់​លានដុល្លារ ខណៈឆ្នាំ​២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូតជាង ៦ពាន់លានដុល្លារ។

ដ្បិតតែ​យ៉ាងនេះក្ដី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កាណាឌីយ៉ា និងជាអ្នកវិនិយោគ​គម្រោង​អចលនទ្រព្យ​ធំៗជាច្រើននៅ​កម្ពុជា​នោះ ធ្លាប់បាន​លើកឡើងថា លោកនៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការវិនិយោគ​លើវិស័យ​សំណង់ និង អចលនទ្រព្យ​និងថា​វិស័យនេះ​នឹង​នៅតែបន្តកើន​ឡើង ហើយ​មិនមាន​សញ្ញាណាមួយ​ដែលធ្វើឲ្យ​វិនិយោគទុន​ព្រួយបារម្ភ​នោះឡើយ ជាក់ស្តែងនៅ​ក្នុងឆ្នាំ ២០១៨នេះ តាមការ​អង្កេត​ក៏ដូចជា ការវិនិយោគ​ផ្ទាល់ពី​ក្រុមហ៊ុន​លោក បានឃើញថា សកម្មភាព​សាងសង់​នៅតែមាន​គ្រប់​ទីកន្លែង។

យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក​ក្រុមហ៊ុន WorldBridge Group ធ្លាប់បាន​បញ្ជាក់​ឲ្យដឹង​ថា កំណើននិរន្តភាព​នៃវិស័យ​អចលនទ្រព្យ​២០១៨កន្លងទៅ វាអាច​នឹងជះ​ឥទ្ធិពល​ដល់​​ឆ្នាំ២០១៩ និង២០២០ ខាងមុខទៀត ដោយហេតុថា​ នៅមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដែល​មិនទាន់​បាន​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៨​នៅឡើយ ដូចនេះ​វានឹង​នៅតែ​បន្ត​ក្នុង​ឆ្នាំ​២០១៩​​ទៀត។ បើតាម ការប្រមើលមើលរបស់​លោកឧកញ៉ា សៀ ឫទ្ធី នៅឆ្នាំ២០១៩​នេះ កំណើននៅ​ក្នុងវិស័យ​អចលនទ្រព្យ​កម្ពុជា អាចនឹង​ថយចុះ​ជាងមុន ពោលគឺអាច​នឹងមិនមាន​កំណើនខ្ពស់​ដូចឆ្នាំ ២០១៨​នោះឡើយ៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កណ្ដុរហិតមីននៅកម្ពុជា នឹងក្លាយជាតួអង្គនៃភាពយន្តឯកសាររបស់និស្សិតមកពីអង់គ្លេស

ព័ត៌មាន
គេនៅចាំបានថា កាលជាងមួយឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ស្វាគមន៍«វីរកណ្ដុរ»ហិតមីនជាច្រើនក្បាល មកពីប្រទេស​តង់ហ្សានី ដែលនាំយកមក​បម្រើ​ដល់​កា...

៥សំណួរ ជាមួយ សយ សុភាព ជុំវិញការ​បង្កើត​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន

ព័ត៌មាន
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន (ស.ស.ក.ច) ត្រូវ​បាន​សម្ពោធ​បើក​ជាផ្លូវការ ដោយ​មាន​ការចូលរួម​ពី​ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ