នៅក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការសាច់សត្វដែលនាំចូលពីប្រទេសជិតខាងចន្លោះពី ២៩ម៉ឺនតោន ទៅ ៣០ម៉ឺនតោន ក្នុងមួយឆ្នាំៗ ដើម្បីផ្គត់ផ្គង់ទីផ្សារប្រទេសកម្ពុជា។ ហើយតម្រូវការសាច់សត្វដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រមាណ ៣០ម៉ឺនតោន នឹងបន្តរហូតដល់ឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការនាំចូលសាច់សត្វរាប់ម៉ឺនតោនមកកាន់ទីផ្សារកម្ពុជានេះ មិនមែនមានន័យថា កម្ពុជាថមថយការផលិត ឬចិញ្ចឹមសត្វក្នុងប្រទេសខ្លួននោះទេ។
តម្រូវការសាច់សត្វនាំចូលពីបរទេស មានការកើនជាលំដាប់នេះ ស្របពេលដែលកំណើនប្រជាជន ក៏ដូចជាកំណើនប្រាក់ចំណូលខ្ពស់ និងកំណើនភ្ញៀវទេសចរ។
របាយការណ៍ក្រសួងកសិកម្មដដែល បានឲ្យដឹងថា កម្ពុជាមិនទាន់អាចធានាការផ្គត់ផ្គង់តម្រូវការសាច់សត្វបានទាំងស្រុងនោះទេ ជាពិសេសសាច់សត្វនាំចូលដែលមានគុណភាពខ្ពស់។
កាលពីឆ្នាំ២០១៦ កម្ពុជាមានតម្រូវការសាច់សត្វ និងនាំចូលសត្វពីប្រទេសជិតខាង សម្រាប់ផ្គត់ផ្គង់លំនឹងទីផ្សារក្នុងស្រុក ដោយបានចំណាយទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិក និងនាំចូលចំណីសត្វ ដែលមានតម្លៃ ១៣៥ដុល្លារអាមេរិក។
មិនតែប៉ុណ្ណោះ កម្ពុជាបានចំណាយប្រាក់ ១១៣លានដុល្លារអាមេរិក ដើម្បីនាំចូលវត្ថុធាតុដើមផលិតចំណីសត្វ និងនាំចូលថ្នាំវ៉ាក់សាំង និងសម្ភារៈបរិក្ខារបសុពេទ្យដែលមានតម្លៃ ១៥ លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យក្រសួងកសិកម្ម។
សរុបជាមួយក្នុងមួយឆ្នាំៗ កម្ពុជាចំណាយទឹកប្រាក់នាំចូលសាច់សត្វ និងសត្វ រួមទាំងចំណីអាហារសត្វនិងវ៉ាក់សាំង បរិក្ខារបសុពេទ្យ មានតម្លៃជាង ៣៦៣លានដុល្លារអាមេរិក។
សូមជម្រាបផងដែរថា បច្ចុប្បន្ន ចំនួនគោ សរុបមានការថយចុះប្រមាណ ៣% និងក្របីថយចុះ ៦% ដោយសារតែការរៀបចំដីកសិកម្មប្រមាណ ៩០% ជំនួសដោយគ្រឿងយន្តកសិកម្ម។ ក៏ប៉ុន្តែផលិតកម្មជ្រូកនៅក្នុងស្រុកមានការកើនឡើងជិត ៣% និងផលិតកម្មបក្សីមានកំណើន ជាង ៥ភាគរយ៕