បើតាមការឲ្យដឹងពីសមាគមសិប្បករកម្ពុជាបានឲ្យដឹងថា ក្នុង១ឆ្នាំៗកម្ពុជាផលិតសរសៃសូត្របានប្រមាណតែ ១តោនតែប៉ុណ្ណោះ ខណៈដែលសរសៃសូត្រប្រមាណជិត ៣០០តោនត្រូវបាននាំចូលពីប្រទេសជិតខាង ដូចជា វៀតណាម ថៃ និងមួយចំនួនទៀតមកពីចិន។
សមាគមសូត្រពណ៌ដែលមានសមាជិកអ្នកតម្បាញ ប្រមាណជិត៤០០នាក់ និងជាអ្នកនាំចេញផលិតផលដែលធ្វើពីសូត្រទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេសជប៉ុន មានការកើនឡើងប្រមាណជិត៣០% បើប្រៀបធៀបកាលពីឆ្នាំមុន។
សមាគមបាននាំចូលសរសៃសូត្រពីបរទេសប្រមាណ៨៥ភាគរយ ដើម្បីផ្តត់ផ្គង់ការផលិតរបស់ខ្លួន។ ហើយជារៀងរាល់ឆ្នាំ សមាគមសូត្រពណ៌បាននាំចូលសរសៃសូត្រ១តោន ខណៈការផ្គត់ផ្គង់សរសៃសូត្រមាសខ្មែ បានត្រឹមតែ១០០គីឡូក្រាមប៉ុណ្ណោះ។
ជុំវិញទៅនឹងការផលិតសរសៃសូត្រធ្លាក់ចុះនេះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការបោះពុម្ពឯកសារជាភាសាខ្មែរដើម្បីផ្សព្វផ្សាយជាសាធារណៈអំពីបច្ចេកទេស ការដាំមន ចិញ្ចឹមដង្កូវនាង ការផលិតសូត្រ ដើម្បីឲ្យសិប្បករនិងកសិករដាំមនមានចំណេះដឹងនិងបច្ចេកទេសបន្ថែម ក្នុងការគាំទ្រឲ្យមានការផលិតសូត្របានច្រើនជាងមុន៕