លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដូច្នេះថា “យើងក៏បានរៀបចំ protocol ឯកសារបច្ចេកទេស ចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីនាំស្វាយកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានក្រសួងកសិកម្ម តាមរយៈUSAID បានមកធ្វើការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំការវិភាគហានិភ័យនៅចម្ការ នៅកសិដ្ឋាន។”
លោក ងិន ឆាយ បាននិយាយដូច្នេះថា “ប៉ុន្តែ អគ្គនាយដ្ឋានកសិកម្មមិនមានការព្រួយបារម្ភទេ ក្នុងការវិភាគហានិភ័យនេះ។"
អាមេរិកក៏បានទាមទារកម្ពុជា ឲ្យមានរោងចក្រសម្លាប់មេរោគស្វាយផងដែរ។ យោងតាមលោក ងិន ឆាយ ខណ:ដែលកម្ពុជា បច្ចុប្បន្ន មានកន្លែងសម្លាប់មេរោគស្វាយតែ០១កន្លែងគត់ ដែលទើបតែសាងសង់ចប់នៅឆ្នាំនេះ ដែលនៅមានកម្រិត និងនៅចោទជាបញ្ហាធំផងដែរ។
លោក ងិន ឆាយ បាននិយាយថា លោកមិនមានការព្រួយបារម្ភអំពីការវាយតម្លៃរបស់អាមេរិកទេ ពីព្រោះថា ប្រទេសចិនបានសន្និដ្ឋានរួចហើយថា កសិដ្ឋានស្វាយនៅកម្ពុជាមាន“លក្ខណៈល្អប្រសើរ ស្របទៅតាមស្តង់ដារដែលអាចនាំទៅប្រទេសចិនបាន ជាដំណាក់ដំបូង។”
ចិនបានបញ្ជូនមន្រ្តីខ្លួនមកកម្ពុជា កាលពីខែវិច្ឆិកា ដោយបានវាយតម្លៃកសិដ្ឋានស្វាយក្នុងខេត្តចំនួន០៥ បន្ទាប់ពីការចរចាគ្នាតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ នេះបើយោងតាម លោក ងិន ឆាយ។
លោក ងិន ឆាយ បាននិយាយថា ក្រុមអ្នកវាយតម្លៃរបស់ចិននឹងចុះមកកម្ពុជាម្ដងទៀត ដោយផ្តោតលើសុវត្ថិភាព ហើយដែលទាមទារកម្ពុជាឲ្យមានរោងចក្រសម្លាប់មេរោគ មុននឹងអាចនាំចេញស្វាយទៅចិនបាន។
លោក ងិន ឆាយ បាននិយាយផងដែរថា កម្ពុជាក៏បានចរចាជាមួយជប៉ុន ផងដែរ តាំងពីឆ្នាំ២០១៧ ប៉ុន្តែ ជប៉ុនមិនទាន់ឆ្លើយនៅឡើយទេ។
នៅទូទាំងប្រទេសកម្ពុជា មានផ្ទៃដីប្រមាណជាជាង ១០ម៉ឺនហិកតា ជាដំណាំស្វាយ ហើយខេត្តដែលមានដំណាំស្វាយច្រើនជាងគេ គឺកំពង់ស្ពឺ បាត់ដំបង កំពត និងបន្ទាយមានជ័យ។
លោក ងិន ឆាយ បានអះអាងថា ស្វាយដែលមានគុណភាពល្អជាងគេ គឺស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានលក្ខណៈស្រួយឆ្ងាញ់ ហើយមានផ្ទៃដីប្រមាណជាង ៣ម៉ឺនហិកតា ដែលកំពុងធ្វើការដាំដុះ។
ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាបាននាំស្វាយចេញទៅប្រទេសផ្សេងៗ បានជាង ១០ម៉ឺនតោន ជាផ្លែស្វាយស្រស់ ចំណែកឯផលិតផលកែច្នៃ បានជាង ៥ម៉ឺនតោន។
ផ្លែស្វាយស្រស់កម្ពុជា នាំចេញទៅប្រទេសថៃ វៀតណាម ហុងកុង បារាំង និងរុស្ស៊ី។ ដោយឡែក ទីផ្សារដែលធំជាងគេនោះ គឺជាទីផ្សារចិន ដែលរហូតមកដល់ពេលនេះ កម្ពុជាមិនទាន់អាចនាំផ្លែស្វាយស្រស់ចេញទៅបាននៅឡើយ ដោយសារតែប្រទេសចិនមានលក្ខខណ្ឌគុណភាពអនាម័យដ៏តឹងតែង៕