ទីផ្សារទេសចរណ៍

កម្ពុជា និងឥណ្ឌា ក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម


កម្ពុជា និងឥណ្ឌាបានក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម ខណៈដែលប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ ទទួលបានភ្ញៀវទេសចរបរទេសជិត១៣លាននាក់ក្នុងឆ្នាំ២០២៣ កន្លងទៅថ្មីៗ និងបានកំណត់គោលដៅថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន១៨លាននាក់នៅឆ្នាំ២០២៤នេះ។
ទីផ្សារទេសចរណ៍
ដោយ

ឥណ្ឌានៅពេលនេះបានក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតរបស់ប្រទេសវៀតណាម ដោយក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរឥណ្ឌា ដែលបានមកលេងប្រទេសវៀតណាម បានកើនឡើង២៣១% បើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមុនផ្ទុះវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះដែរ កម្ពុជាបានក្លាយជាទីផ្សារទេសចរណ៍ដែលមានសន្ទុះកំណើនលឿនបំផុតទី២ របស់ប្រទេសវៀតណាម ជាមួយនឹងកំណើនភ្ញៀវទេសចរកម្ពុជា១៧៦% បន្ទាប់មកគឺប្រទេសឡាវ ជាមួយនឹងកំណើន១២២% សិង្ហបុរីជាមួយនឹងកំណើន១០៦% និងអូស្ត្រាលីជាមួយនឹងកំណើន១០២%។ នេះបើយោងតាមទិន្នន័យពីអាជ្ញាធរជាតិទេសចរណ៍វៀតណាម។

បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងឆ្នាំ២០២៣ កន្លងទៅបានប្រជែងគ្នាចាប់ផ្តើមផ្ដល់សេវាកម្មផ្ទាល់ថ្មីៗភ្ជាប់មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសវៀតណាម ដោយរាប់ចាប់ពីបណ្ដាទីក្រុងនៃប្រទេសឥណ្ឌា ដែលមានប្រជាជនសរុបជាង១ពាន់៤រយលាននាក់។

របាយការណ៍ឆ្នាំ២០២៣ របស់ក្រុមហ៊ុន Google បានបង្ហាញថា ប្រទេសវៀតណាមជាគោលដៅទេសចរណ៍ ដែលពលរដ្ឋឥណ្ឌាចុចស្វែងរកច្រើនបំផុតប្រចាំឆ្នាំ២០២៣។

ស្របពេលដែលប្រទេសថៃ និងម៉ាឡេស៊ីបានលើកលែងទិដ្ឋាកាសម្រាប់ភ្ញៀវទេសចរឥណ្ឌា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក ង្វៀន វ៉ាន់ ហុង (Nguyen Van Hung) បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម លើកលែងទិដ្ឋាកាដូចគ្នាដើម្បីប្រកួតប្រជែងជាមួយប្រទេសទាំងនោះ។

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា ការស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការយៈពេល៣០ថ្ងៃសម្រាប់ពលរដ្ឋមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន និងជើងហោះហើរត្រង់យ៉ាងសម្បូរបែបពីតំបន់អាស៊ីអាគ្នេយ៍មកកាន់ទីក្រុងនានារបស់វៀតណាម ជាហេតុផលចម្បងដែលបានជួយជំរុញកំណើនទេសចរបរទេសយ៉ាងឆាប់រហ័សនេះ។

ពលរដ្ឋអូស្ត្រាលី ដែលមកលេងប្រទេសវៀតណាម ក៏មានចំនួនកើនឡើងផងដែរ ដោយសារថ្លៃសំបុត្រយន្តហោះធូរថ្លៃ និងការភ្ជាប់ជើងហោះហើរផ្ទាល់ថ្មីៗពីប្រទេសអូស្ត្រាលី មកកាន់ក្រុងហាណូយ និងក្រុងហូជីមិញមានការកើនឡើង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


វៀតណាមជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការជួញដូរមាស ខណៈមាសនៅថៃរំពឹងហក់ឡើងលើស៣ពាន់ដុល្លារ

ធនាគារកណ្ដាលវៀតណាម បានជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការជួញដូរមាស ខណៈតម្លៃមាសក្នុងប្រទេសវៀតណាម កំពុងតែឡើងខ្លាំងរហូតដល់ជាង៣ពាន់៤រយដុល្លា…

តើទីផ្សារអចលនទ្រព្យវៀតណាម នឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំ២០២៤ មែនទេ?

វិស័យអចលនទ្រព្យវៀតណាម ដែលកំពុងតែរួមរឹតដោយវិបត្តិ និងរឿងអាស្រូវពុករលួយ ក៏ដូចជាអំពើឆបោក ត្រូវបានអ្នកជំនាញក្នុងវិស័យនេះព្យាករថា អាចនឹងង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ