

អំឡុងពេលគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាក្រុមហ៊ុនតែមួយគត់ និងដំបូងគេ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យរៀបចំកម្មវិធីរាត្រីសមោរស រាត្រីកម្ពុជា (Cambodia Night) ដើម្បីទទួលថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ រួមទាំង វាគ្មិនសំខាន់ៗ និងឥស្សរជននានា ដែលបានចូលរួមក្នុងវេទិកាពិភពលោកនេះ ខណៈដែលអ្នកឧកញ៉ា សៀ ឫទ្ធី ក៏ជាសមាជិកនៃវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំនៅទីក្រុងដាវ៉ូសប្រទេសស្វីសផងដែរ។
ក្នុងឱកាសដ៏សំខាន់នោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងយ៉ាងដូច្នេះថា ឆ្នាំនេះ ក្រុមហ៊ុន WorldBridge បានក្លាយជាសមាជិករងនៃវេទិកាសេដ្ឋកិច្ចពិភពលោក ហើយវាជាកិត្តិយសដ៏អស្ចារ្យសម្រាប់អ្នកឧកញ៉ាផ្ទាល់ ក៏ដូចជាក្រុមហ៊ុន WorldBridge Groupដែរ ដែលតំណាងឱ្យវិស័យឯកជនរបស់កម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ។
នៅក្នុងកម្មវិធីរាត្រីកម្ពុជានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានភ្លក់នូវ រស់ជាតិមុខម្ហូបប្រពៃណីខ្មែរជាច្រើមុនខ ព្រមទាំងបានសំដែងនូវការកោតសរសើរ ចំពោះអ្នកឧកញ៉ាសៀ ឫទ្ធី ដែលបានរៀបចំនូវរាត្រីសមោរស រាត្រីកម្ពុជានេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគទុនរបស់កម្ពុជា ត្រូវតែបង្កើននូវភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើ គ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក។

អ្នកឧកញ៉ាសៀ ឫទ្ធី បន្ថែមថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ាពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក។
អ្នកឧកញ៉ា បានពន្យល់ថា ហេតុផលដែលសំខាន់បំផុតដែលកម្ពុជា ជាទីគាប់ប្រសើរសម្រាប់ការវិនិយោគ និងធ្វើធុរកិច្ច សម្រាប់វិនិយោគអន្តរជាតិនោះ កត្តាទី១ និងសំខាន់ជាងគេបំផុតនោះ គឺប្រទេសកម្ពុជាមានសុខសន្ដិភាព និងស្ថិរភាពនយោបាយមកជាង២ទសវត្សរ៍មកហើយ ហើយកត្តានេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ណាស់ ដែលអនុញ្ញាតឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ។
បន្ថែមពីនេះ ការគ្រប់គ្រងកូវីដ១៩បានយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនេះ ក៏ជាកត្តាសំខាន់ណាស់ដែរសម្រាប់ការវិនិយោគ និងធុរកិច្ច។ ជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានការបើកចំហយ៉ាងពេញលេញ ខណៈដែលប្រជាជនកម្ពុជាជិត១០០%ហើយដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដែលជាអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយនៅក្នុងចំណោមប្រទេសនៅទូទាំងពិភពលោក។ កម្ពុជាក៏ជាប្រទេសដំបូងគេនៅអាស៊ាន ដែលបានដកការរឹបន្ដឹងការធ្វើដំណើរទាំងស្រុងពីក្រៅប្រទេសផងដែរ។

អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជាក៏មានការកែលម្អហេដ្ឋរចនាសម្ព័ន្ធ និងការកែលម្អផ្នែកដឹកជញ្ជូនរបស់ខ្លួនយ៉ាងឆាប់រហ័សផងដែរ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរខ្សែចង្វាក់តម្លៃក្នុងតំបន់ និងការទទួលបានទីផ្សារ។
អ្នកជំនួញដ៏ល្បីល្បាញខាងកៀរគរការវិនិយោគិនពីក្រៅប្រទេសរូបនេះ ក៏បានសង្កត់ធ្ងន់ដែរអំពីការអភិវឌ្ឍកាន់តែល្អប្រសើរនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈច្បាប់វិនិយោគថ្មី ដែលផ្ដល់ឱកាសដល់អ្នកវិនិយោគថ្មីនៅកម្ពុជា រួមទាំងការអនុគ្រោះពន្ធ៣ ទៅ៩ឆ្នាំ និងការលើកលែងពន្ធនាំចូល លើឧបករណ៍ និងធាតុចូលសំខាន់ៗសម្រាប់ផលិតកម្មជាដើម។
អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើតទៀតថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ ប្រទេសកម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។
សូមបញ្ជាក់ថា បើតាមការព្យាររបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២២នេះ អាចនឹងមានការកើនឡើង ៥,៦% ខណៈតាមការប៉ាន់ស្មាននៅឆ្នាំ២០២១សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៣%៕