អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

កម្ពុជា កំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញក្រុមហ៊ុនបរទេស ដែលរើផលិតកម្មដោយសារសម្ពាធពន្ធរបស់លោក ត្រាំ


ក្រុមហ៊ុនបរទេសមួយចំនួនដែលរងសម្ពាធពន្ធគយពីសហរដ្ឋអាម៉េរិក អាចនឹងផ្លាស់ប្ដូរផលិតកម្មរបស់ពួកគេមកកាន់បណ្ដាប្រទេសផ្សេងៗ ដើម្បីគេចពីការយកពន្ធរបស់សហរដ្ឋអាម៉េរិក។ ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការស្រូបទាញក្រុមហ៊ុនដែលរើផលិតកម្មទាំងនោះ ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឬ Cdc IPM ដែលអ្នកវិនិយោគអាចស្នើសុំការវិនិយោគតាមប្រព័ន្ធនេះបានឆាប់រហ័ស និងសម្រួលនីតិវិធីបានលឿន។
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ
ដោយ

តើកម្ពុជា អាចមានឱកាសបែបណាក្នុងការទាក់ទាញក្រុមហ៊ុនបរទេស? ហើយរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូបែបណាក្នុងការទាក់ទាញក្រុមហ៊ុន ដែលគ្រោងរើផលិតកម្មងាកចេញពីសម្ពាធរបស់អាម៉េរិក?

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការ និងយុទ្ធសាស្ត្រក្នុងការស្រូបទាញក្រុមហ៊ុនបរទេសដែលគ្រោងរើផលិតកម្មចេញពីប្រទេសផ្សេងៗ ដែលរងសម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក។ ការរៀបចំផែនការនេះធ្វើឡើងក្រោយថ្នាក់ដឹកនាំ CDC រូបនេះជឿជាក់ថា តាមរយៈគោលនយោបាយពន្ធគយខ្ពស់របស់លោក ដូណាល់ ត្រាំ នឹងជំរុញឱ្យក្រុមហ៊ុនបរទេសមួយចំនួនរុះរើផលិតកម្មនៅតាមបណ្តាប្រទេសមួយចំនួន ហើយងាកទៅបោះទុនវិនិយោគនៅប្រទេសផ្សេងៗ។

ទន្ទឹមនឹងនេះឯកឧត្តមជឿជាក់ថា កម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនបរទេសដែលរើផលិតកម្មបានមួយចំនួន ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលើនីតិវិធីមួយចំនួន ដើម្បីទទួលបានទំនុកចិត្ត និងឈានដល់ការទាក់ទាញអ្នកវិនិយោគបរទេសឱ្យបានច្រើនថែមទៀត។ ជាក់ស្តែង ដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្កើតប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឬ cdc IPM ដែលអ្នកវិនិយោគអាចស្នើសុំការវិនិយោគតាមប្រព័ន្ធនេះបានឆាប់រហ័ស និងសម្រួលនីតិវិធីបានលឿន។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នវាជាឱកាសមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ ប៉ុន្តែត្រូវរៀបចំយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលមានបំណងគេចចេញពីសម្ពាធផ្សេងៗឱ្យចាប់អារម្មណ៍គោលដៅវិនិយោគនៅកម្ពុជា ដោយត្រូវបង្កលក្ខខណ្ឌវិនិយោគឱ្យបានល្អប្រសើរ និងឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ បន្ថែមលើនេះត្រូវផ្សព្វផ្សាយពីទិដ្ឋភាពសក្ដានុពលនានា និងគោលនយោបាយលើកទឹកចិត្តដល់វិនិយោគិនបរទេសឱ្យបានទទួលដំណឹងពីឱកាសវិនិយោគ និងផលចំណេញផ្សេងៗនៅពេលពួកគេមកវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មបានចំនួន៤១៤គម្រោង ជាមួយទុនវិនិយោគជិត៧ពាន់លានដុល្លារអាម៉េរិក ដែលជាប្រវត្តិសាស្ត្រខ្ពស់បំផុតមិនធ្លាប់មានកន្លងមក។ វិនិយោគិនចិន បានឈរកំពូលតារាងជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ដែលមានចំណែករហូតដល់ជិត៥០% នៃទំហំទុនវិនិយោគសរុបរបស់កម្ពុជា នៅឆ្នាំ២០២៤។ ជាមួយគ្នានេះ នៅពេញមួយខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ជាមួយទុនវិនិយោគជាង៧០០លានដុល្លារអាម៉េរិក៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ ប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបបានជាង ៨០០លានដុល្លារ នៅ៥ឆ្នាំចុងក្រោយនេះ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រមូលបានចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបប្រមាណ ៨០៤លានដុល្លារអាម៉េរិក គិតចាប់ពីឆ្នាំ ២០២០-២០២៤…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចម្អិនម្ហូបពីត្រីខ្មែរជាការលើកកម្ពស់សិប្បកម្មកែច្នៃ និងជីវភាពរបស់ពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលើទឹកចិត្តឱ្យភោជនីយដ្ឋាន និងអាហារដ្ឋាននៅកម្ពុជាប្រើប្រាស់ត្រីក្នុងស្រុកសម្រាប់ចម្អិនជាម្ហូបអាហារ ដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ