តាមការសិក្សាបឋមកន្លងមកបង្ហាញឲ្យឃើញថា គម្រោងផ្លូវដឹកជញ្ជូនតាមផ្លូវទឹកមានចម្ងាយជាង១៦០គីឡូម៉ែត្រនេះ ត្រូវការស្តារប្រព័ន្ធធារាសាស្ត្រមួយចំនួន និងជីកព្រែកពី៥ទៅ៧គីឡូម៉ែត្របន្ថែម ដើម្បីអាចតភ្ជាប់ទៅដល់ឆ្នេរសមុទ្រខេត្តកែប។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានវាយតម្លៃខ្ពស់ចំពោះគម្រោងនេះក្នុងការជួយជំរុញ និងធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសជួយកាត់បន្ថយការចំណាយ និងពន្លឿនការដឹកជញ្ជូនទំនិញ។
នាអំឡុងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS11 ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីផែនការ និងវឌ្ឍនភាពនៃការសិក្សាគម្រោងបង្កើតផ្លូវដឹកជញ្ចូនតាមផ្លូវទឹកពីទន្លេបាសាក់នៅរាជធានីភ្នំពេញឆ្ពោះទៅកំពង់ផែឆ្នេរសមុទ្រខេត្តកែប។ ក្រោយសិក្សាបឋមអស់រយៈពេលជាច្រើនខែ ជាលទ្ធផលបង្ហាញឲ្យឃើញថា ផ្លូវទឹកដែលមានចម្ងាយជាង១៦០គីឡូម៉ែត្រនេះ ទំនងជាអាចមានលទ្ធភាពធ្វើទៅបាន តែទាមទារឲ្យមានការលើកកម្ពស់ និងស្តារគុណភាពព្រែក អូ ស្ទឹង និងប្រព័ន្ធធារាសាស្ត្រមួយចំនួន ជាពិសេសត្រូវជីកព្រែកបន្ថែម ដើម្បីអាចភ្ជាប់ទៅដល់កំពង់ផែឆ្នេរសមុទ្រខេត្តកែប។
ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា ក្រោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជាលើលទ្ធផលសិក្សាបឋមកន្លងមក បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធកំពុងសិក្សាលម្អិតលើគម្រោងនេះ ដើម្បីវាយតម្លៃផលប៉ះពាល់ និងខ្ទង់ចំណាយលើការអភិវឌ្ឍន៍គម្រោងមួយនេះ។ ទោះបីយ៉ាងនេះក្តី ឯកឧមត្តម មិនបានបញ្ជាក់ពីពេលវេលាក្នុងការបញ្ចប់ការសិក្សានៅពេលណានៅឡើយទេ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានចាត់ទុកគម្រោងបង្កើតផ្លូវទឹកសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញក្របខណ្ឌក្នុងស្រុក និងក្រៅស្រុក គឺអ្វីដែលអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកទន្ទឹងរង់ចាំជាយូរមកហើយ។ រង់ចាំ ក៏ដោយសារការដឹកជញ្ជូនតាមផ្លូវទឹកវាមិនត្រឹមតែជួយឲ្យការដឹកជញ្ជូនបានលឿន និងកាត់បន្ថយការចំណាយប៉ុណ្ណេះទេ ថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ និងការខូចខាតផ្លូវថ្នល់ទៀតផង។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី ការធ្វើពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់កម្ពុជាស្ទើរតែ៨០%ទៅហើយ ដែលប្រើប្រាស់ការដឹកជញ្ជូនតាមមធ្យោបាយផ្លូវទឹក ខណៈការដឹកជញ្ជូនតាមផ្លូវគោកមានប្រមាណតែ២០%ប៉ុណ្ណោះ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគម្រោងបង្កើតផ្លូវទឹកមួយនេះ ដ្បិតវានឹងជួយរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាឲ្យកាន់តែប្រសើរ តាមរយៈការដឹកជញ្ជូនទំនិញបានលឿនជាងមុន និងជួយកាត់បន្ថយការចំណាយថ្លៃដើមលើការដឹកជញ្ជូន។ ជាពិសេសជួយកាត់បន្ថយការពឹងផ្អែកកំពង់ផែរបស់ប្រទេសជិតខាងក្នុងការដឹកជញ្ជូនទំនិញជាលក្ខណៈអន្តរជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា គម្រោងផ្លូវទឹកពីទន្លេបាសាក់ឆ្ពោះទៅខេត្តកែបនេះ មិនបានប៉ះពាល់ទិដ្ឋភាពច្បាប់នៃគណៈកម្មការទន្លេមេគង្គនោះទេ ដែលជាកត្តាមួយជួយឲ្យគម្រោងនេះ មានលទ្ធភាពកាន់តែខ្ពស់ក្នុងការលេចចេញជារូបរាងនាពេលខាងមុខ។ ផ្លូវទឹកដែលមានចម្ងាយជាង១៦០គីឡូម៉ែត្រនេះ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងកែប។ បើតាមថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនក្រោយគម្រោងនេះលេចចេញជារូបរាងកម្ពុជានឹងអាចដឹកទំនិញពីភ្នំពេញទៅកាន់សមុទ្រដោយផ្ទាល់ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីនៅច្រកក្អមសំណនោះឡើយ៕