លុបចោល កាត្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ

សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្ដែគប្បីពាក់នៅទីកន្លែងបន្ទប់បិទជិត


សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល កាត្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស តាមទីសាធារណៈ ទីកន្លែងចំហរនានា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើការទិញម៉ាស់។ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពីបានសង្កេតឃើញថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងមក មានចំនួនប្រជាពលរដ្ឋដែលពាក់ម៉ាសមានតិចតួចប៉ុណ្ណោះនៅតាមទីកន្លែងកំសាន្តសាធារណៈនានា ហើយការរកឃើញអត្រាឆ្លងជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំ មិនបានបង្កហានិភ័យចូលក្នុងសហគមន៍នោះទេ ។
ពលរដ្ឋពាក់ម៉ាស ពេលធ្វើដំណើរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ថតថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២០ រូបភាព៖ Xinhua/Mao Pengfei

អត្រាឆ្លងដែលបានរកឃើញនៅមានតួលេខក្រោម២០នាក់ក្នុង១ថ្ងៃប៉ុណ្ណោះ ហើយនៅថ្ងៃទី ២៥ ខែ មេសា មានករណីឆ្លងត្រឹមតែ ០២ករណីប៉ុណ្ណោះ។

នៅក្នុងសារសំឡេងពិសេសមួយរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានក្រសួងព័ត៌មានផ្សព្វផ្សាយ នៅថ្ងៃទី ២៦ ខែមេសា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចលុបចោលកាត្វកិច្ចពាក់ម៉ាសសម្រាប់ប្រជាជននៅទូទាំងប្រទេស នៅតាមទីសាធារណៈ ដែលបើកចំហរ ប៉ុន្ដែនៅតាមទីកន្លែងនានា ដែលបានរៀបចំតាមស្តង់ដារបស់ក្រសួងសុខាភិបាល ដូចជាតាមភោជនីយដ្ឋាន តាមរោងភាពយន្ត ទីកន្លែងបិទជិតនានា ទីកន្លែងធ្វើការ តាមក្រុមហ៊ុន ដូចជាកន្លែងដែលមានម៉ាស៊ីនត្រជាក់ជាដើម គឺគប្បីតម្រូវឲ្យមានការពាក់ម៉ាសជាធម្មតានៅតាមកន្លែងទាំងនោះ។

លើសពីនេះរាជរដ្ឋាភិបាលនៅតែលើកទឹកចិត្តឲ្យយកម៉ាសដាក់តាមខ្លួនជាប់ជានិច្ច និងពាក់ម៉ាសផងដែរនៅទីកន្លែងដែលមានការសង្ស័យនានា ដោយមើលទៅតាមទីកន្លែងជាក់ស្តែងផងដែរ ហើយការមិនតម្រូវឲ្យពាក់ម៉ាសតាមទីសាធារណៈ និងទីកន្លែងចំហរនានានេះ មិនមែនជាកាត្វកិច្ចនោះទេ គឺអាស្រ័យទៅលើសិទ្ធិរបស់បុគ្គលខ្លួនឯងម្នាក់ៗផ្ទាល់ខ្លួនជាអ្នកសម្រេចផងដែរថាគួរតែពាក់ ឬក៏អត់ ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី កាលពីថ្ងៃទី ២៥ មេសា សម្តេចបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងប្រទេសអាចចំណាយថ្លៃម៉ាសអស់ប្រមាណ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដោយមានមនុស្សប្រមាណ១០លាននាក់ដែលបានប្រើប្រាស់ម៉ាសជាប់ទៀងទាត់ជាប្រចាំថ្ងៃផងដែរ។

ទន្ទឹមនេះ សម្តេច ហ៊ុន សែន ក៏បានអះអាងផងដែរថា ការមិនតម្រូវឲ្យពាក់ម៉ាស គឺជំនួសមកវិញដោយការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីធានាភាពរឹងមាំនៃនិរន្តភាពនៃការមិនពាក់ម៉ាស និងការឆ្លងរាលដាលឡើងវិញផងដែរ។ សម្តេច ហ៊ុន សែន បានអំពាវនាវ និងជម្រុញទាមទាឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក្នុងកម្រិតយ៉ាងតិចបំផុតត្រឹមដូសទី៣ នៅទូទាំងប្រទេសផងដែរ ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

បើទោះបីជាមានកាត្វកិច្ចតម្រូវឲ្យចាក់វ៉ាក់សាំងយ៉ាងតិចត្រឹមដូសទី៣ ក៏ពិតមែន តែកាត្វកិច្ចនេះមិនបានពាក់ពន្ធនឹងផ្លូវច្បាប់នោះទេ ដោយបងប្អូនប្រជាពលរដ្ឋទៅចាក់ដោយការស្ម័គ្រចិត្តរបស់បងប្អូន ហើយបើទោះជាមិនបានចាក់ក៏គ្មានច្បាប់ណាមួយតម្រូវឲ្យផាកពិន័យនិងវិធានការរដ្ឋបាលនោះដែរ។ រាជរដ្ឋាភិបាលកម្ពុជានៅតែលើកទឺកចិត្ត ឲ្យទៅចាក់ដូសទី៣ ដែលជាដូសតិចបំផុត ហើយប្រសិនបើមានការពេញចិត្តនឹងបន្តមកទទួលដូសទី៤ បន្ថែមទៀត លើសពីនេះរាជរដ្ឋាភិបាលក៏កំពុងពិនិត្យពីលទ្ធភាពចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខជាបន្តទៀតផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងសិក្សាលម្អិតពីផលប៉ះពាល់ និងការចំណាយលើគម្រោងផ្លូវទឹកពីភ្នំពេញទៅឆ្នេរសមុទ្រកែប

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការសិក្សាលើគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅកំពង់ឆ្នេរសមុទ្…

កម្ពុជាទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន៥៦ម៉ឺនដូស ពីប្រទេសអ៊ីតាលី

ព័ត៌មាន
កម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca ចំនួន១លាន៥៦ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃទី ២៥ ខែមេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ