កម្ពុជា-ជប៉ុននឹងដាក់ដំណើរប្រព័ន្ធទូទាត់ឆ្លងដែន

កម្ពុជា-ជប៉ុននឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍


ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុននឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR ក្នុងគោលបំណងបង្កើតក្របខណ្ឌតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ សំដៅជួយគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ គ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី១នៅឆមាសទី១ឆ្នាំ២០២៥ និងដំណាក់កាលទី២នៅដំណាច់ឆ្នាំ២០២៥។
កម្ពុជា-ជប៉ុននឹងដាក់ដំណើរប្រព័ន្ធទូទាត់ឆ្លងដែន

ដើម្បីជួយសម្រួលការទូទាត់ប្រាក់ ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជា និងជប៉ុនឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាង់ជប៉ុន នឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ ដើម្បីដំណើរការទូទាត់តាមឃ្យូអរកូតរវាង KHQR របស់កម្ពុជា និង JPQR របស់ជប៉ុន ធនាគារជាតិនៃកម្ពុជាបានជ្រើសយកធនាគារ អេស៊ីលីដា និងធនាគារ ស្ថាបនា ខណៈសមាគមទូទាត់ជប៉ុនបានជ្រើសរើសស្ថាប័ន NETSTARS ធ្វើជាអន្តរប្រតិបត្តិករទូទាត់រវាងប្រទេសទាំងពីរ។

ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធទូទាត់ខាងលើ ម្ចាស់អាជីវកម្មក្នុងស្រុកទាំងខ្នាតធំ និងតូច ដែលធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម KHQR ឬ JPQR នឹងទទួលបានអត្ថប្រយោជន៍បន្ថែមតាមរយៈការផ្តល់ជម្រើសប្រតិបត្តិការទូទាត់ដល់អតិថិជន។ លើសពីនេះ អាជីវករក៏អាចគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ ពោលគឺប្រតិបត្តិការទូទាត់ឆ្លងដែននេះ នឹងចូលរួមជំរុញកំណើនពាណិជ្ជកម្ម វិនិយោគ និងជាពិសេសទេសចរ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR នៃប្រទេសកម្ពុជា និង JPQR នៃប្រទេសជប៉ុននេះ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយជំរុញ និងពង្រីកវិសាលភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៃប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងងាយស្រួលបន្ថែមទៀត ទាំងលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

បើតាមការគូសបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែននេះ ត្រូវបានបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគងអាចស្កេន JPQR សម្រាប់ការទូទាត់នៅប្រទេសជប៉ុន និងដំណាក់កាលទី២ ប្រជាជនជប៉ុនអាចស្កេន KHQR សម្រាប់ការទូទាត់នៅប្រទេសកម្ពុជា។ ក្នុងនោះដំណាក់កាលទី១ គ្រោងដាក់ឱ្យដំណើរការក្នុងឆមាសទី១ឆ្នាំ២០២៥ អមព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក Osaka-Kansai Expo ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងអូសាកាប្រទេសជប៉ុនចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ និងដំណាក់កាលទី២ គ្រោងដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០២៥៕អត្ថបទ

សោម ស្រីពេជ្រនិងរូបភាពឯកសារ




អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្…

ចិនថាខ្លួនមិនទាន់មានការចរចាបញ្ហាពន្ធជាមួយអាម៉េរិកនោះទេ ហើយថា បើអាម៉េរិកចង់ចរចា

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃទី២៣ ខែមេសា ថា រដ្ឋបាលរបស់លោកកំពុងចរចាជាមួយមហាយក្សចិនជុំវិញសង្គ្រាមពន្ធគយ។ ទោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ