លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា បន្ទាប់ពីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការជួយជំរុញការប្រមូលទិញផលិតផលកសិកម្មក្នុងស្រុកមួយចំនួនរបស់កម្ពុជា ជាពិសេសដំឡូងមី វានឹងធ្វើឱ្យតម្លៃដំឡូងមីនៅកម្ពុជានឹងកាន់តែមានស្ថិរភាពជាងមុន ពោលគឺតម្លៃនឹងមិនមានការឡើងចុះខ្លាំងពេកនោះទេ បើទោះបីជាក្រុមហ៊ុនទិញលក់ទៅតាមតម្លៃលើទីផ្សារក៏ដោយ។ បច្ចុប្បន្នតម្លៃដំឡូងមីស្រស់កម្ពុជាអាចលក់បានក្នុងតម្លៃចន្លោះពី៣២០ទៅ៥៥០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់នីមួយៗ។
បើតាមលោក អិល ឈិញ កន្លងមក ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ក៏ធ្លាប់បានប្រមូលទិញដំឡូងមីពីប្រជាកសិករផងដែរ ក៏ប៉ុន្តែការទិញលក់ទាំងនោះជាលក្ខណៈសេរីតែប៉ុណ្ណោះ ដែលធ្វើឱ្យគុណភាពដំឡូងមីដែលក្រុមហ៊ុនបានទិញនោះ ហាក់មិនសូវមានគុណភាពល្អ។ ប៉ុន្តែនៅពេលដែលមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន CP ជាមួយក្រសួងពាណិជ្ជកម្មបែបនេះ លោក អិល ឈិញ ជឿជាក់ថា តម្រូវការប្រមូលទិញរបស់ក្រុមហ៊ុនអាចយកតែដំឡូងមីដែលមានគុណភាពប៉ុណ្ណោះ ពោលគឺដំឡូងមីដែលហាលស្ងួតទៅតាមស្តង់ដារកំណត់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការប្រមូលទិញនេះ ក្រុមហ៊ុននឹងប្រមូលទិញដំឡូងមីស្ងួត ដែលមានគុណភាពពីប្រជាកសិករប្រមាណ៤លានតោនក្នុងមួយឆ្នាំ។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នផលិតផលដំឡូងមីរបស់កម្ពុជា ដែលមានស្តង់ដារហាក់នៅមានកម្រិតនៅឡើយសម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនប្រមូលទិញ ដូច្នេះលោក អិល ឈិញ ក៏បានសំណូមឱ្យមានការវិនិយោគលើវិស័យកែច្នែដំឡូងមីនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញដល់ការនាំចេញ។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ ដើម្បីជំរុញការប្រមូលទិញផលិតផលកសិកម្ម និងលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។ ក្នុងនោះភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ, កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់៕