រថយន្ត Tesla

រថយន្ត Tesla មានបញ្ហាប្រព័ន្ធការពារសុវត្ថិត្រូវបានក្រុមហ៊ុននៅអាម៉េរិកប្រមូលមកវិញ


ក្រុមហ៊ុនរថយន្ត Tesla របស់មហាសេដ្ឋីអាម៉េរិក អេឡុន ម៉ាស កំពុងប្រមូលយកមកវិញនូវរថយន្តចំនួនជាង២លានគ្រឿងនៅក្នុងសហរដ្ឋអាម៉េរិក ដើម្បីដំឡើងប្រព័ន្ធការការពារថ្មីនៅក្នុងប្រព័ន្ធជំនួយអ្នកបើកបរដ៏ទំនើប គឺប្រព័ន្ធអូតូផៃឡុត (Autopilot) បន្ទាប់ពីនិយតករផ្នែកសុវត្ថិភាពសហព័ន្ធម្នាក់បានលើកឡើងពីកង្វល់សុវត្ថិភាពរបស់រថយន្តទាំងនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្ត Tesla
ដោយ

ការប្រមូលយកមកវិញនូវរថយន្តដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Tesla នេះ ហាក់ដូចជាគ្របដណ្តប់លើយានយន្តស្ទើរតែទាំងអស់ដែលកំពុងបើកបរលើផ្លូវនៅសហរដ្ឋអាម៉េរិកទៅហើយក្នុងបំណងធានាថា អ្នកបើកបរគឺត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងនៅពេលប្រើប្រាស់ប្រព័ន្ធអូតូផៃឡុតនេះ។

ឯកសារប្រមូលមកវិញរបស់ក្រុមហ៊ុន Tesla នេះបាននិយាយថា ការគ្រប់គ្រងប្រព័ន្ធសូហ្វែរទៅលើប្រព័ន្ធអូតូផៃឡុតប្រហែលជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការជួយការពារអ្នកបើកបរកុំឱ្យប្រើវាខុស ដែលវាអាចនឹងបង្កើនហានិភ័យនៃការជាប់គាំងប្រព័ន្ធនេះបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់អ្នកបើកបរ និងអ្នកធ្វើដំណើរដទៃទៀត។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) នៅសហរដ្ឋអាម៉េរិកបានចំណាយពេលជាង២ឆ្នាំ ដើម្បីស៊ើបអង្កេតថា តើរថយន្តផលិតដោយក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk នេះធានាបានគ្រប់គ្រាន់ថា អ្នកបើកបរយកចិត្តទុកដាក់ដែរឬទេ។

អ្នកគ្រប់គ្រងស្ដីទីនៅក្រុមហ៊ុន NHTSA គឺលោកស្រី អាន ខាលសុន (Ann Carlson) បានសរសើរក្រុមហ៊ុន Tesla ចំពោះការយល់ព្រមប្រមូលរថយន្តយកមកវិញបែបនេះ ហើយលោកស្រីបាននិយាយនៅក្នុងសវនាការរបស់សភាអាម៉េរិកថា រឿងមួយដែលពួកគេកំណត់បាននោះ គឺថាអ្នកបើកបរតែងតែមិនយកចិត្តទុកដាក់នៅពេលប្រព័ន្ធនោះដំណើរការឡើយ។

លោកស្រី ខាលសុន បាននិយាយថា ទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតសុវត្ថិភាពនៅក្នុងខែសីហា ឆ្នាំ២០២១ នៅពេលលោកស្រី បានឮជាបន្តបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងការប្រើប្រព័ន្ធអូតូផៃឡុតនេះបន្ទាប់មក លោកស្រី បាននឹកគិតថា លោកស្រីគួរតែធ្វើអ្វីម្យ៉ាង ដើម្បីឆ្លើយតបភ្លាមៗចំពោះរឿងនេះ។

ក្រៅពីនេះក្រុមហ៊ុនដឹកជញ្ជូននៅប្រទេសកាណាដា ក៏បាននិយាយដែរថា ក្រុមហ៊ុន Tesla នឹងប្រមូលយកមកវិញនូវរថយន្តរបស់ខ្លួនចំនួនជាង១៩ម៉ឺនគ្រឿង ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធអូតូផៃឡុតនេះដែរ ប៉ុន្តែភ្លាមៗនេះ គេនៅមិនទាន់ដឹងថា តើប្រទេសចិននឹងទាមទារឱ្យធ្វើដូច្នេះ ឬយ៉ាងណានោះទេ។ បញ្ហាទាំងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំរបស់សហរដ្ឋអាម៉េរិកមួយនេះបានធ្លាក់ចុះកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចាប់ដៃជាមួយក្រុមហ៊ុន CP ប្រមូលទិញដំឡូងមី ខណៈកសិកររំពឹងតម្លៃដំឡូងមីមានស្ថិរភាព

ព័ត៌មាន
ក្រុមមហ៊ុន CP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងចំណីអាហារដ៏ធំមួយដែលមានមូលដ្ឋាននៅប្រទេសថៃ បានចាប់ដៃគ្នាជាមួយក្…

ធនាគារកណ្តាលអាម៉េរិកត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់ ០,៧៥%មកវិញ នៅឆ្នាំ២០២៤

ព័ត៌មាន
កិច្ចប្រជុំទីបីនៃក្រុមប្រឹក្សាធនាគារកណ្តាលអាម៉េរិក នៅថ្ងៃទី១៣ ខែធ្នូ បានសម្រេចជាឯកច្ឆ័ន្ទនៅក្នុងការរក្សាអត្រាការប្រាក់ដដែលដោយមិនផ្លាស់ប្តូនៅច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ