កិច្ចសហប្រតិបតិ្តការ

កម្ពុជា-កូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ


ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-កូរ៉េ បានឡើងថែមមួយកម្រិតទៀតហើយ ក្រោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។
កម្ពុជា-កូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ
ដោយ

ការដំឡើងកម្រិតទំនាក់ទំនងទ្វេរភាគីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សារទ្វេភាគីនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម យូន ស៊កយ៉ល បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាឱកាសនេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

យ៉ាងណាមិញ លើវិស័យការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិតជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈផងដែរ។

ក្រៅពីពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ផងដែរ រួមមាន៖ ទី១.ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ទី២.អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ទី៣.អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ ទី៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ។ ទី៥.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ និងទី៦.កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ៕

None



អត្ថបទបន្ទាប់


មេដឹកនាំក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្…

ពលរដ្ឋជាង១,៥លានគណនី កំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង៥ពាន់លានដុល្លារ

វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែងគិតត្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ