ក្រៅពីក្រុមហ៊ុននេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរឡាញ និងខេមបូឌាអ៊ែរវ៉េ ក៏នឹងភ្ជាប់ជើងហោះហើរបន្ថែមទៅកាន់តំបន់មួយចំនួនក្នុងប្រទេសចិនផងដែរ។
ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនកម្ពុជា ចិន ឆ្នាំ២០២៤ ខិនជិតចូលមកដល់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានប្រកាសពីការបន្ថែមជើងហោះហើរត្រង់រវាងប្រទេសចិន និងកម្ពុជា ចាប់ពីខែធ្នូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគដែលទៅសួរសុខទុក្ខសាច់ញាតិ ការធ្វើដំណើរកម្សាន្ត និងការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ។
បើតាមការគូសបញ្ជាក់របស់លោក Zhou Yingping អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៅភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ក្រុមហ៊ុន China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន៤ជើងបន្ថែមទៀតមកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ចាប់ពីខែធ្នូ ឆ្នាំ២០២៣ តទៅ។ តាមរយៈការបន្ថែមជើងហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងមានជើងហោះហើរប្រចាំសប្តាហ៍ចំនួន៣៦ជើងរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំពេញ។
ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរទៅមកពីភ្នំពេញទៅជីណានខេត្តសានទុងរបស់ប្រទេសចិន នៅថ្ងៃទី២៣ ខែធ្នូ ដោយជើងហោះហើរពីជីណានមកភ្នំពេញនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍។ ទន្ទឹមនឹងនេះនៅឆ្នាំក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏មានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅហៃគូ ហៃណាន និងសាន់យ៉ា របស់ប្រទេសចិនផងដែរ។
តារាងជើងហោះហើរចុងក្រោយបំផុតដែលចេញផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ក្នុងខែវិច្ឆិកា នេះបានបង្ហាញថា ក្រុមហ៊ុនបើកដំណើរការជើងហោះហើរចំនួន៦ ក្នុងមួយសប្តាហ៍ពីប្រទេសចិន មកកាន់ទីក្រុងភ្នំពេញ។ ចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងមានជើងហោះហើរត្រង់ពីសៀងហៃ មកភ្នំពេញ ក្នុងមួយថ្ងៃមួយជើង និងជើងហោះហើរត្រង់ពីគុនមីងមកសៀមរាប ក្នុងមួយសប្តាហ៍ពីរជើង។ បន្ថែមលើនេះក្រុមហ៊ុន Air China បានបើកដំណើរការជើងហោះហើរពីទីក្រុងប៉េកាំង មកភ្នំពេញ ក្នុងមួយសប្តាហ៍បីជើងផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវីល បច្ចុប្បន្នទីក្រុងធំៗរបស់ចិន ដែលមានការតភ្ជាប់ជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា រួមមាន ទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ ណាននីង ឆេងទូ គុនមីង និងកន្លែងផ្សេងៗទៀត។ មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩មានភាពធូរស្រាលបន្តិចម្តងៗ ចំនួនភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើនឡើងៗបានវិលត្រឡប់មកកម្ពុជាវិញ។
ការបង្កើនជើងហោះហើរត្រង់រវាងកម្ពុជា-ចិន របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ ធ្វើឡើងវាស្របពេលដែលកម្ពុជាកំពុងដាក់ចេញនូវផែនកាក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជា។ ជាក់ស្តែងបើកតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មី រដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវផែនការពិសេស«ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីស្តារវិស័យទេសចរណ៍របស់ប្រទេសឡើងវិញ។ សម្តេចធិបតី ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបរាល់សកម្មភាពឧក្រិដ្ឋកម្ម ដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ប្រទេស និងស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរឡើងវិញ៕