ការតភ្ជាប់ផ្លូវដែកជាលើកដំបូងនេះ មិនត្រឹមតែជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជាបណ្តាញភស្តុភារកម្មដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានផ្សេងៗ រួមទាំងប្រទេសចិនផងដែរ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានចាត់ទុកការដឹកជញ្ជូនតាមផ្លូវដែក ជាប្រព័ន្ធដឹកជញ្ជូនសំខាន់ទីពីរដែលមានតម្លៃថោក បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក។ អ្នកជំនាញរំពឹងថា តាមរយៈការភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនេះ វានឹងជួយជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
កម្ពុជានិងថៃបានបើកសម្ពោធការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនៅស្ថានីយរថភ្លើងឆ្លងព្រំដែនភូមិខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជាកាលពីថ្ងៃទី២៦ កក្កដាកន្លងទៅ។ គោលបំណងនៃការតភ្ជាប់នេះ គឺដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចររវាងប្រទេសទាំងពីរ ជាពិសេសដើម្បីជួយជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវដែកតភ្ជាប់រវាងកម្ពុជា និងថៃនេះវានឹកងក្លាយជាបណ្តាញដឹកជញ្ជូនភស្តុភារកម្មដ៏សំខាន់សម្រាប់តភ្ជាប់ជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសចិន ដែលបានភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាឡាវផងដែរ។ តាមរយៈការតភ្ជាប់នេះ ភ្ញៀវទេសចរអាចធ្វើដំណើរពីសិង្ហបុរី ម៉ាឡេស៊ី និងថៃចូលមកកម្ពុជាផងដែរ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានចាត់ទុកការតភ្ជាប់ផ្លូវដែកជាមួយថៃនេះគឺជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការឈានទៅតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយបណ្តាក្នុងតំបន់អាស៊ានផ្សេងៗទៀតដែលថៃមានកិច្ចសហប្រតិបត្តិការផ្លូវដែកជាមួយ។ លើសពីនេះតាមរយៈគម្រោងតភ្ជាប់នេះ វាក៏នឹងអាចជួយឲ្យកម្ពុជាអាចតភ្ជាប់ផ្លូវដែកទៅប្រទេសឡាវ រួចឆ្ពោះទៅកាន់ប្រទេសចិនផងដែរ ដ្បិតឡាវនិងចិនមានការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរវាងគ្នានឹងគ្នា។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈការតភ្ជាប់ផ្លូវដែកជាមួយថៃនេះ វានឹងជួយធ្វើឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតកាន់តែល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀត។ លើសពីនេះ វាក៏នឹងរួមចំណែកជួយស្រូបទាញការវិនិយោគពីបរទេសផងដែរ។
ស្រដៀងគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាយល់ឃើញថា ទៅថ្ងៃអនាគតអាស៊ាននឹងមានការតភ្ជាប់ផ្លូវដែកជាមួយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរលើពិភពលោក ដូច្នេះការតភ្ជាប់ផ្លូវដែកជាមួយថៃនៅពេលនេះ គឺជាជំហានមួយក្នុងការឈានទៅតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជាជាមួយប្រទេសចិន។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈការតភ្ជាប់ផ្លូវដែកជាមួយថៃនេះ វានឹងជួយធ្វើឲ្យវិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញរបស់កម្ពុជាឲ្យតែល្អប្រសើរថែមមួយកម្រិតទៀត ព្រោះផ្លូវដែកជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានតម្លៃទាប បន្ទាប់ពីការដឹកជញ្ជូនតាមផ្លូវទឹក។
ការតភ្ជាប់ផ្លូវរថភ្លើងជាមួយថៃនៅពេលនេះ វាស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើទំនើបកម្មផ្លូវដែករបស់ខ្លួនក្នុងគោលបំណងជំរុញការដឹកជញ្ជូនទាំងទំនិញនិងអ្នកធ្វើដំណើរតាមផ្លូវដែកជាពិសេសការតភ្ជាប់ជាមួយប្រទេសជិតខាង និងព្រមទាំងការដោះដូរទំនិញឆ្លងដែន និងវិស័យទេសចរណ៍។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅថ្មីៗ កម្ពុជាកំពុងស្វែងរកក្រុមហ៊ុនអន្តរជាតិ ដើម្បីបណ្តាក់ទុនអភិវឌ្ឍន៍គម្រោងលើកកម្រិតគុណភាពផ្លូវរថភ្លើងរបស់កម្ពុជាទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលអាចរត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាកាន់តែសម្បូរបែប និងមានការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើកពិភពលោកទាំងគុណភាពសេវា និងតម្លៃ។
គួរបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃសម្រេចបានជាង១ពាន់៩រយលានដុល្លារអាមេរិកធ្លាក់ចុះ១៤% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២២ ដែលមានរហូតដល់ជាង២ពាន់២រយលានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកាន់ប្រទេសថៃ ដែលភាគច្រើនជាកសិផលមានតម្លៃតែជាង៥រយលានដុល្លារអាមេរិកតែប៉ុណ្ណោះ ខណៈនាំចូលទំនិញពីថៃមានតម្លៃជាង១ពាន់៤រយលានដុល្លារអាមេរិក ដែលធ្វើឲ្យកម្ពុជាមានឱនភាពពាណិជ្ជកម្មជាង៩រយលានដុល្លារអាមេរិក។ យ៉ាងណាមិញប្រទេសទាំងពីរបានដាក់គោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកើនដល់១៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥៕