តើវិស័យអ្វីខ្លះ ដែលកម្ពុជាត្រូវបន្ដពង្រឹងបន្ថែមទៀត? បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពីការដាក់ឲ្យប្រើប្រាស់នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ វិស័យធំ៤ ដែលកម្ពុជាត្រូវបន្ដឹងពង្រឹងបន្ថែមនោះ រួមមាន វិស័យកសិកម្ម-និងកសិឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និង វិស័យកម្មន្តសាលមិនមែនកាត់ដេរ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពីការដាក់ឲ្យប្រើប្រាស់នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ កម្ពុជាត្រូវផ្ដោតលើការស្ដារ និងជំរុញកំណើននៅក្នុងវិស័យឆ្អឹងខ្នងរបស់សេដ្ឋកិច្ចកម្ពុជាចំនួន៤ រួមមាន៖
១-វិស័យកសិកម្ម-និងកសិឧស្សាហកម្ម៖ ចំពោះវិស័យនេះត្រូវបានគេចាត់ទុកថាជាវិស័យដែលមានសក្ដានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀងស្របពេលដែលវិស័យមួយចំនួនកំពុងរងឥទ្ធិពលយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយចុះវិស័យនេះក៏នៅតែជួបបញ្ហា ដែលត្រូវដោះស្រាយ និងពង្រឹងបន្ថែមទៀតដែរ ដូចជា ការធ្វើពិពិធកម្មដំណាំនៅមានកម្រិត និង កង្វះការវិនិយោគលើការកែច្នៃ និងមានបញ្ហាផ្សេងៗ។ តាមអ្វីដែលជាក្របខណ្ឌយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នឹងផ្ដោតជាសំខាន់លើការជំរុញកំណើនផលិតភាពកសិកម្ម, ការពង្រឹងភាពប្រកួតប្រជែងទាំងថ្លៃដើម និងគុណភាព, ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែចង្វាក់ផលិតកម្ម, ជំរុញការកែច្នៃ, ជំរុញឧស្សាហកម្មពូជដំណាំ និងការទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម។
២-វិស័យទេសចរណ៍៖ វីស័យនេះបានរងផលប៉ះពាល់ជាខ្លាំងពីកូវីដ១៩ ដែលបានមកពីការធ្លាក់ចំនួនភ្ញៀវទេសរអន្តរជាតិ អ្នកធ្វើអាជីវកម្មទេសចរណ៍ជាច្រើនបានផ្អាក់។ តែសម្រាប់ឆ្នាំថ្មីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពូជាបានផ្ដោតលើការជំរុញទេសចរណ៍ជាតិនិងអន្តរជាតិទៅតាមផែនការដែលបានកំណត់ឲ្យមានភ្ញៀវទេចរក្នុងស្រុក ១១លាននាក់ ក្នុងឆ្នាំ២០២៣ និងបន្តបើកដំណើរការទទួលភ្ញៀវអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចឲ្យបានចំនួន ៧លាននាក់ត្រឹមឆ្នាំ២០២៥ ។
៣-វិស័យកាត់ដេរ ៖ វិស័យនេះក៏មិនខុសពីវិស័យពីរខាងលើនេះដែរ ដោយមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលត្រូវកម្ពុជាគិតគូរ និងដោះស្រាយ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានជំរុញនូវអនុវត្ត នូវយុទ្ធសាស្ត្រនៃអភិវឌ្ឍន៏នៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥ ដើម្បីរក្សាភាពធន់ តម្លៃបន្ថែមខ្ពស់ និងជាពិសេស មានការប្រកួតប្រជែង និងជាមូលដ្ឋានគាំទ្រ ពិពិធកម្មសេដ្ឋកិច្ចផងដែរ។
៤-វិស័យកម្មន្តសាលមិនមែនកាត់ដេរ៖ ក្នុងបរិបទនៃការស្ដារសេដ្ឋកិច្ច និងជំរុញសេដ្ឋកិច្ចថ្នាក់ជាត់ វិស័យនេះមានសក្ដានុពលធំធេង ដើម្បីចូលរួមរុញច្រានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តនិន្នាការផ្លាស់ប្ដូរ ទីតាំងរោងចក្រ ការធ្វើពិពិធកម្មប្រភពផលិតកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនមកកម្ពុជា ភាពអំណោយផលនៃការវិនិយោគនិងធុរកិច្ច ក៏ដូចជាកំណើនទីផ្សារ ច្បាប់ស្ដីពីការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាជាដើម។ ទាំងអស់នេះគឺជាអ្វីដែលកម្ពុជាត្រូវមានការដោះស្រាយ និងការកែលំអដើម្បីបន្តពង្រឹងសេដ្ឋកិចកម្ពុជាក្នុងឆ្នាំ២០២១-២០២៣ ខាងមកនេះផងដែរ។
សូមជម្រាបថា ក្រោយមានការបើកដំណើរការប្រទេសឡើងវិញ សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៣% នៅឆ្នាំ២០២១ប្រសិនបើសេដ្ឋកិច្ចដំណើរការល្អ។ ខណៈឆ្នាំ២០២២ វិញរាជរដ្ឋាភិបាលកម្ពុជាបានដាក់ការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៤,២% ប៉ុន្ដែបើតាមការអះអាងរបស់ សម្តេចតេជោ នៅឆ្នាំក្រោយនេះសេដ្ឋកិច្ចកម្ពុជាអាចនឹងមានកំណើខ្ពស់ជាងអ្វីដែលបានរំពឹងទុកនេះទៅទៀត៕