កង្វះខាត​អគ្គិសនី

ដាច់ភ្លើងញឹកញាប់ ប៉ះពាល់យ៉ាងណាខ្លះ?


អគ្គិសនីកម្ពុជា EDC ប្រកាសឱ្យដឹងថា បញ្ហាដាច់ភ្លើង នឹងបន្ដរហូតដល់រហូតដល់ចុងខែឧសភាខាងមុខ។ ដាច់ភ្លើងលើកនេះ ជាបញ្ហាប្រឈមមួយថ្មីទៀតដែលបង្កឱ្យមានផលប៉ះពាល់ជាច្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ការប៉ះពាល់ទាំងនោះរួមមាន ប៉ះពាល់ជីវភាពរស់នៅ និងសុខភាពពលរដ្ឋ បង្កការលំបាកដល់អាជីវកម្មខ្នាតតូច និងជាពិសេសប៉ះពាល់អាចដល់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា។
ដាច់ភ្លើងញឹកញាប់ ប៉ះពាល់យ៉ាងណាខ្លះ?
ដោយ

១, ជីវភាពរស់​នៅរបស់​ប្រជាពលរដ្ឋ ៖ ប្រជាពលរដ្ឋ​ពិបាកទ្រាំ​ខ្លាំងព្រោះ​តែភ្លើង​ដាច់ញឹក។ អ្នកខ្លះត្អូញត្អែរ​រឿងខូចខាត​សម្ភារ​ក្នុងផ្ទះ ដូចយ៉ាង​ទូទឹកកក ម៉ាស៊ីន​ត្រជាក់ ទូរទស្សន៍ ជាដើម។ តាមការបញ្ជាក់​របស់មន្ទីរពេទ្យ​នៅភ្នំពេញ ឱ្យដឹងថា  ចំនួន​កុមារដែល​ឈឺថ្កាត់​ក្ដៅខ្លួនចូល​ពេទ្យ​កើន​ឡើង​ព្រោះតែ​អាកាស​ធាតុក្ដៅខ្លាំង និងខ្វះអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​រហូតដល់​ឪពុកម្តាយ​ខ្លះសុខ​ចិត្ត​ចំណាយប្រាក់​ច្រើនបញ្ឆេះឡាន​ឱ្យកូនគេង គ្រួសារខ្លះ​ទៀតត្រូវ​ប្តូរវេនគ្នា​បក់ផ្លិត​ឱ្យ​កូនគេង រហូតជិតភ្លឺ​ផងក៏មាន។ លុះដល់​ថ្ងៃ​ទទួលបង្កាន់ដៃ​ថ្លៃអគ្គីសនី ថ្លៃ​ភ្លើង​តាម​ផ្ទះនីមួយៗ​កើនឡើង ចាប់ពី​២០%ឡើងទៅ។ 

ចំនួនកើន​ឡើងថ្លៃ​ភ្លើងនេះបង្កើត​បានជា​ចម្ងល់ ជា​ប្រធានបទក្ដៅ​បន្ថែមលើ​កម្ដៅ​ថ្ងៃក្ដៅខ្លាំងថែម​ទៀត។ វិក័យបត្របង់ភ្លើង​ត្រូវមហាជន​ផ្សាយពាស​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ប៉ុន្តែអគ្គិសនី​កម្ពុជា បដិសេធ​មិនបកស្រាយ​អ្វីទាំងអស់។ ការ​ព្យាយាម​មិន​បក​ស្រាយឬការមិន​យល់គ្នានេះ នាំឱ្យប្រជាពលរដ្ឋ​មាន​កំហឹងក្នុង​ចិត្តទៅវិញ។ អ្នកប្រើប្រាស់បណ្តាញ​សង្គម​បាននាំគ្នា​រិះគន់យ៉ាងខ្លាំង ទៅលើ​មន្ត្រីរដ្ឋាភិបាល​ដែលចេញ​មុខមកការពារ ការដាច់ភ្លើងនេះ ដូចយ៉ាង លោកទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស  ដែលប្រើ​សំនួនវោហា​ចេញ​មុខការពារ​ការដាច់ភ្លើងនេះ។

២, ប៉ះពាល់ចំពោះ​អាជីវកម្មខ្នាតតូច៖ នៅមុខកាមេរ៉ា​វីដេអូ​របស់​ខេមបូណូមីស អ្នកប្រកប​អាជីកម្ម​ខ្នាតតូច បានប្រាប់ថា ពួកគាត់ធ្លាក់​ចំណូលធ្លាក់​ផលិតភាព​ការងារ​ព្រោះតែ​ដាច់ភ្លើង។ ​ចំណូលដែល​បាត់បង់មានរហូត​ដល់ពាក់កណ្ដាល​នៃចំណូល​សរុបឯណោះ។ ប៉ុន្តែតម្លៃផ្ទះជួល ​ថ្លៃលក់​ផលិតផល និងថ្លៃកម្មករ​ដែលជួយ​ជំនួស​ដៃជើង​សុទ្ធតែនៅថេរ ដូច្នេះ ម្ចាស់អាជីវកម្ម​ត្រូវចេញខាត។ អ្នកប្រកបអាជីវកម្ម​ដែល​ផលប៉ះពាល់​​ខ្លាំងជាងគេ​នោះ មាន​ដូចជា អាជីវកម្ម បោកអ៊ុត​សម្លៀកបំពាក់ ហាងថែ​រក្សាសម្ភស្ស ហាងផាត់មុខ​ធ្វើសក់ ហាងកាត់ដេរ​សម្លៀក​បំពាក់ និងហាង​ថតចម្លង តូប​កាហ្វេម៉ាស៊ីន​ចញ្ចើមផ្លូវ ជាដើម។ ក្រុមអ្នកប្រកប​របរទាំងនេះ ត្រូវពឹង​ភ្លើងរដ្ឋ​ទើបអាច​រកស៊ីបាន ហើយបើ​ត្រូវ​ទិញម៉ាស៊ីន​ភ្លើង​ក៏ត្រូវទិញ​ម៉ាស៊ីន​ធំគួរសមដែរ ទើបដំណើរការ​បាន តែម៉ាស៊ីន​ភ្លើងឡើង​ថ្លៃទៀត នាំឱ្យអ្នកប្រកប​របរ​ទាំងនោះ ដេកចាំ​សំណាង​ក្រែងលោ​មានភ្លើង​ប្រើ​តែប៉ុណ្ណោះ។

៣, ប៉ះពាល់ដល់​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម៖ គោល​នយោ​បាយ​អភិវឌ្ឍន៍​វិស័យឧស្សាហកម្ម​រយៈពេល ១០ឆ្នាំ ២០១៥ ដល់ ២០២៥ មាន​ចំណុចគ្រឹះ​មួយ​ដែលនិយាយពី​ការពង្រីក​វិសាលភាព និងការផ្គត់ផ្គង់​អគ្គិសនី​​ដែលមាន​តម្លៃថោក។ តាមរយៈគោលនយោបាយ​នេះប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន ​សែន បានប្រកាស​បញ្ចុះ​តម្លៃអគ្គិសនី​ជាបន្តបន្ទាប់​ រហូតមក​ដល់ឆ្នាំ ២០១៩នេះ អគ្គីសនីចាប់ផ្តើម​ដាច់​ប្រើមិនគ្រប់គ្រាន់​និងគ្មាន​សមត្ថភាព​ពង្រីកបាន​ទៀតឡើយ។ ទោះជាបែប​ណាក្ដី មិនទាន់មាន​អ្នកជំនាញ​ណាម្នាក់បញ្ជាក់​ថា ការដាច់ភ្លើងនេះ​ប៉ះពាល់​ដល់គោល​នយោបាយ​ជាតិ​ទំហំ​ប៉ុណ្ណាទេ តែជាក់ស្តែង វាពិតជា​ប៉ះពាល់​ប្រាកដមែន។

ការប៉ះពាល់វិជ្ជមាន

តាមពិត​ដាច់ភ្លើងខ្លាំង​នេះក៏ជា​ឱកាសមាស​សម្រាប់​ប្រជាពលរដ្ឋ​មួយចំនួន​ដែរ។ អ្នកត្រូវប៉ាន់ គឺអ្នកនាំ​ម៉ាស៊ីន​ភ្លើងចូល អ្នកលក់ម៉ាស៊ីន​ភ្លើងបន្ត សុទ្ធតែ​ចំណេញ​ខ្លាំង​ចំណេញ​មួយទ្វេ​ជា​២ ព្រោះតែឱកាស​ដែលនាំ​ឱ្យមនុស្ស​ក្ដៅក្រហាយនេះ។ ​ម៉ាស៊ីន​ភ្លើងលក់​ឡើងថ្ងៃចាប់ពី ២០%រហូតដល់​មួយទ្វេជាពីរ ហើយមាន​កំណើន​ជាបន្ត​បន្ទាប់​ថែមទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៦ឆ្នាំ វិនិយោគនៅមីយ៉ាន់ម៉ា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា ពង្រីកខ្លួនបាន ១២ សាខា

ព័ត៌មាន
ធនាគារអេស៊ីលីដា បានវិនិយោគបើកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដា នៅក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣។ វិនិយោគនៅ​មីយ៉ាន់ម៉ា រយៈ…

កម្ពុជារំពឹង បរិមាណទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងកើនលើស ៧០ ម៉ឺនទូ នៅឆ្នាំក្រោយ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា កំណើនបរិមាណ កុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងកើនលើស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ