ជាក់ស្តែង ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានចុះអនុសារណយោគយល់គ្នាលើគម្រោងចំនួនពីរ ដែលផ្តោតលើការលើកកម្ពស់សកម្មភាព និងផ្សព្វផ្សាយពីអេកូទេសចរណ៍ក្នុងសហគមន៍នៅកម្ពុជា។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជារួមជាមួយឥណ្ឌាកំពុងសិក្សាពីលទ្ធភាពក្នុងការតភ្ជាប់ជើងហោះហើរត្រង់ទៅមករវាងប្រទេសទាំងពីរ។ គោលបំណងនៃការភ្ជាប់ជើងហោះហើរនេះ គឺដើម្បីរួមចំណែកជួយស្តារអាជីវកម្ម និងជំរុញកំណើនក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ស្ថិតក្នុងគម្រោងនៃការតភ្ជាប់ជើងហោះហើរនេះដែរ។
ឯកឧត្តម បានបន្តថា កត្តាដែលជំរុញកម្ពុជាសិក្សាតភ្ជាប់ជើងហោះហើរត្រង់ជាមួយឥណ្ឌា គឺដោយសារឥណ្ឌាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនៅតំបន់អាស៊ី ហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីចិន។ ក្រៅពីឥណ្ឌាកម្ពុជាក៏គ្រោងភ្ជាប់ជើងហោះហើរឡើងវិញជាមួយជប៉ុនក្នុងពេលឆាប់ៗខាងមុខផងដែរ ដើម្បីស្តារ និងជំរុញកំណើនភ្ញៀវទេសចរ ក៏ដូចជាពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាកំពុងសំឡឹងមើល និងរៀបចំផែនការក្នុងការទាក់ទាញភ្ញៀវទេសចរ តាមបណ្តាប្រទេសធំៗមួយចំនួននៅតំបន់អាស៊ាន និងអាស៊ី ខណៈឥណ្ឌាក៏ជាគោលដៅធំសម្រាប់កម្ពុជាផងដែរ។ ការងាកមកចាប់យកភ្ញៀវបរទេសនៅក្បែរៗខាងកម្ពុជានេះ គឺបន្ទាប់ពីកម្ពុជាមានឧបសគ្គច្រើនក្នុងការទាក់ទាញភ្ញៀវបរទេសមកពីប៉ែកអឺរ៉ុប ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឹកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានបង្ហាញក្តីបារម្ភចំពោះការកើនឡើងតម្លៃប្រេងឥន្ធនៈ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្នុងការធ្វើឲ្យប៉ះពាល់ដល់ផែនការទាក់ទាញភ្ញៀវទេសចររបស់កម្ពុជាផងដែរ។
ពាក់ព័ន្ធគម្រោងតភ្ជាប់ជើងហោះហើរជាមួយឥណ្ឌានេះដែរ តាមរយៈលោកស្រី ដេវ្យានី ឧត្តម ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីពេលថ្មីៗបានស្នើឲ្យរដ្ឋាភិបាលឥណ្ឌាជួយជំរុញឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន ក៏បានបង្ហាញលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាពីតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា រួមជាមួយលក្ខខណ្ឌលើកលែងរបស់រាជរដ្ឋាភិបាល ដែលលុបចោលការធ្វើតេស្តរកមេរោគកូវីដ-១៩សម្រាប់អ្នកដំណើរចូលមកកម្ពុជានិងការសម្រេចបើកដំណើរការឡើងវិញក្នុងការផ្តល់ទិដ្ឋការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ផងដែរ។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្តេជ្ញាថា លោកស្រីកំពុងខិតខំពិភាក្សា ក៏ដូចជាជំរុញឲ្យវិស័យឯកជននៅឥណ្ឌារៀបចំឱ្យមាន Charter Flight ឬ Direct Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា ព្រោះលោកស្រីយល់ថា ពេលនេះជាពេលល្អបំផុតសម្រាប់ភ្ញៀវទេសចរឥណ្ឌាក្នុងការមកទស្សនាកម្ពុជាដែលកំពុងមានការអភិវឌ្ឍច្រើន។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏មានការបន្ធូរបន្ថយលក្ខខណ្ឌស្ទើរទាំងអស់ពាក់ព័ន្ធនឹងរបាំងនៃការធ្វើដំណើរ។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងចំនួន២ គឺគម្រោងលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយខេត្តកំពង់ធំ និងគម្រោងអភិវឌ្ឍកម្មវិធីទូរស័ព្ទ(Mobile App) ដើម្បីលើកកម្ពស់ ការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសផងដែរ៕