ទីផ្សារដំឡូងមី

រដ្ឋាភិបាលកំពុងប្រមូលធាតុចូល ដើម្បីឈានទៅសិក្សាលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានអន្តរាគមន៍លើតម្លៃដំឡូងមី


ក្រោយតម្លៃទីផ្សារដំឡូងមីនៅកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើននៅមួយរយៈពេលចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការកិច្ចសម្រួលពាណិជ្ជកម្មដំឡូងមី ឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យដំឡូងមីនៅកម្ពុជា។ ជាមួយគ្នានេះ ក្រសួងស្ថាប័នពាក់ព័ន្ធកំពុងប្រមូលទិន្នន័យផ្សេងៗពាក់ព័ន្ធវិស័យដំឡូងមីសម្រាប់ធ្វើជាធាតុចូល ដើម្បីឱ្យរាជរដ្ឋាភិបាលអាចឈានទៅរកការសិក្សាលទ្ធភាពផ្តល់ហិរញ្ញប្បទានក្នុងការអន្តរាគមន៍នៅពេលតម្លៃដំឡូងមីធ្លាក់ថ្លៃ។
ទីផ្សារដំឡូងមី
ដោយ

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធក្នុងគោលបំណងពិភាក្សាជុំវិញផែនការសម្របសម្រួល និងដោះស្រាយកិច្ចសម្រួលពាណិជ្ជកម្មដំឡូងមី ឆ្នាំ២០២៥ ដោយក្នុងនោះ រួមមានកិច្ចសម្រួលពាណិជ្ជកម្មក្នុងការទិញលក់ដំឡូងមីនៅក្នុងប្រទេស កិច្ចសម្រួលពាណិជ្ជកម្មថ្លៃដំឡូងមី និងកិច្ចសម្រួលពាណិជ្ជកម្មនៃការនាំចេញដំឡូងមី។ មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សានេះ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងពាក់ព័ន្ធដាក់ចេញនូវវិធានការដោះស្រាយបញ្ហាស្តង់ដាគុណភាពដំឡូងមី និងតម្លាភាពរវាងកសិករ និងក្រុមហ៊ុនប្រមូលទិញ។

តែយ៉ាងណា ឯកឧត្តម វ៉ា រុតសាន បានអះអាងថា បញ្ហាប្រឈមក្នុងការកិច្ចសម្រួលពាណិជ្ជកម្មថ្លៃដំឡូងមីនេះ គឺដោយសាររដ្ឋនៅពុំទាន់ទទួលបានទិន្នន័យគ្រប់គ្រាន់ពីស្ថានភាពដំឡូងមីនៅកម្ពុជា ដូច្នេះហើយទើបរដ្ឋពិបាកក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់អន្តរាគមន៍លើបញ្ហាថ្លៃដំឡូងមី​។ ដូច្នេះតាមរយៈកិច្ចពិភាក្សាខាងលើនេះ ក្រសួងពាក់ព័ន្ធ​កំពុងប្រមូលទិន្នន័យបន្ថែម ទាំងទិន្នន័យនៃសមត្ថភាពនាំចេញ សមត្ថភាពផលិត និងកែច្នៃរបស់ក្រុមហ៊ុននាំចេញនីមួយៗ ដើម្បីយកទៅសិក្សាលទ្ធភាព ដើម្បីឱ្យរដ្ឋអាចជួយផ្តល់ហិរញ្ញប្បទានសម្រាប់អន្តរាគមន៍លើតម្លៃដំឡូងមីនៅកម្ពុជា។

​ជាមួយគ្នានេះ លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន យល់ឃើញថា ប្រសិនបើរដ្ឋពិតជាមានកញ្ចប់ថវិកាសម្រាប់អន្តរាគមន៍នៅពេលដំឡូងមីធ្លាក់ថ្លៃមែននោះ វាជាការល្អក្នុងការជួយទ្រទ្រង់តម្លៃដំឡូងមីកុំឱ្យបន្តធ្លាក់ថ្លៃបន្ថែមទៀត ហើយតាមរយៈការជួយពង្រឹងនូវគុណភាពដំឡូងមីឱ្យបានកាន់តែល្អថែមទៀតនោះ វាក៏ជួយជំរុញឱ្យតម្លៃដំឡូងមីមានស្ថានភាពល្អជាងមុន ក៏ដូចជាអាចទាក់ទាញអ្នកវិនិយោគក្នុងវិស័យនេះឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។

​គួរជម្រាបថា បើតាមការបញ្ជាក់របស់លោក ស៊ីន វុទ្ធី តម្លៃដំឡូងមីស្រស់ដែលប្រជាកសិករអាចលក់បាននាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី១៥០រៀល ទៅ២២០រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់នីមួយៗ ដោយឡែកសម្រាប់តម្លៃដំឡូងមីស្ងួតវិញ មានតម្លៃចន្លោះពី៤៤០រៀល ទៅ៥៥០រៀលក្នុងមួយគីឡូក្រាម៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនវីរៈប៊ុនថាំ គ្រោងបោះទុនរាប់លានដុល្លារ សាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅរាជធានី ខេត្តចំនួន១០នៅឆ្នាំនេះ

ក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើឆាប់រហ័សឈានមុខគេមួយនៅកម្ពុជា គ្រោងបោះទុនវិនិយោគរាប់ល…

តើការបង្កភាពចលាចលរបស់ជនជាតិចិន មួយចំនួន នៅមួយរយៈចុងក្រោយ អាចជះផលអវិជ្ជមានយ៉ាងណាដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា?

នៅមួយរយៈចុងក្រោយនេះជនជាតិចិន មួយចំនួន បានបង្កភាពចលាចលជាច្រើនករណីជាប់ៗគ្នា ដូចជាការបាញ់គ្នា ការចាប់ជំរិតទាប្រាក់ និងការសម្លាប់មនុស្សជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ